ដើម្បីធានានិរន្តភាព និងបន្តការពារឯករាជ្យភាព ផ្នែកថាមពល ជាពិសេស គឺថាមពលអគ្គិសនី កម្ពុជាបានបន្តយកចិត្តទុកដាក់បន្ថែមទៀត លើការទាក់ទាញការវិនិយោគលើវិស័យថាមពលនេះដោយឆមាសទី១ ដើមឆ្នាំ២០២៥នេះកម្ពុជាអាចទាក់ទាញគម្រោងទាក់ទងនឹងថាមពលសរុបដល់ទៅ១.១៨១ លានដុល្លារឯណោះ ។…
ដើម្បីធានានិរន្តភាព និងបន្តការពារឯករាជ្យភាព ផ្នែកថាមពល ជាពិសេស គឺថាមពលអគ្គិសនី កម្ពុជាបានបន្តយកចិត្តទុកដាក់បន្ថែមទៀត លើការទាក់ទាញការវិនិយោគលើវិស័យថាមពលនេះដោយឆមាសទី១ ដើមឆ្នាំ២០២៥នេះកម្ពុជាអាចទាក់ទាញគម្រោងទាក់ទងនឹងថាមពលសរុបដល់ទៅ១.១៨១ លានដុល្លារឯណោះ ។

ក្រុមប្រឹក្សាវិនិយោគកម្ពុជា បានឲ្យដឹងថា គម្រោងថាមពលអគ្គិសនីដែលទទួលបានភ្លើងខៀវពីរាជរដ្ឋាភិបាលត្រូវបានគេដឹងថា មាន៧គម្រោងដែលអាចនឹងរួមចំណែកដល់ការផលិតថាមពលអគ្គិសនីសរុបប្រមាណជា៩០០ មេហ្គាវាត់បន្ថែមទៀត ។
ប្រភពដដែលបានឲ្យដឹងគម្រោងទាំង៧នេះត្រូវបានគេដឹងថា គឺគម្រោងវិនិយោគសាងសង់វារីអគ្គិសនីអនុភាព១៥០មេហ្គាវាត់ ដែលមានទីតាំងនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង និងស្រុកវាលវែងខេត្តពោធិសាត់ មានទឹកប្រាក់៤៤២លានដុល្លារ ។
ដោយឡែក៤គម្រោងទៀត គឺគម្រោងវិនិយោគអភិវឌ្ឈន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពល ពន្លឺព្រះអាទិត្យ ដែលមានអនុភាព៤៥០មេហ្គាវាត់ មានទីតាំងនៅខេត្តកំពង់ឆ្នាំង បាត់ដំបង និងពោធិ៍សាត់មានទឹកប្រាក់៣០៩ លានដុល្លារ ។ ក្រៅពីនោះ គឺគម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់ចំនួន២ គម្រោងមានអនុភាព៣០០មេហ្គាវ៉ាត់ នៅខេត្តមណ្ឌលគីរី ដោយវិនិយោគលើទឹកប្រាក់សរុប៤៣០លានដុល្លារ ។

គម្រោងទាំងនេះ មិនមែនជាគម្រោងដែលរដ្ឋាភិបាលកម្ពុជាទើបតែគិតគូរ ក្រោយពេលដែលកម្ពុជាសម្រេចកាត់ផ្តាច់ឈប់ប្រើប្រាស់ថាមពលពីថៃក្រោយពេលដែលរងការគំរា.មកំហែងជាបន្តបន្ទាប់ ដោយរដ្ឋាភិបាល និងដោយអ្នកនយោបាយថៃនោះទេ ។ គម្រោងទាំងនេះ គឺជាគម្រោងដែលកម្ពុជាបានសម្របសម្រួល ដើម្បីពង្រឹងសមត្ថភាពផ្គត់ផ្គង់ថាមពលនៅក្នុងស្រុក ដោយប្រភពនៅក្នុងស្រុកស្រាប់ ពោល គឺធានាពង្រឹកឯករាជ្យភាពខាងថាមពល ។
ពាក់ព័ន្ធនឹងគម្រោងទាំងនេះលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងពីមុនមកថា គម្រោងទាំងនេះ គឺជាទស្សនៈវិស័យ និងជាចក្ខុវិស័យដ៏វែងឆ្ងាយរបសរដ្ឋាភិបាលកម្ពុជា ខណៈដែលថាមពល គឺជាវិស័យអាទិភាពមួយដើម្បីធានានិរន្តភាពនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច ។
កាលពីឆ្នាំ២០២៤ កន្លងទៅ អាជ្ញាធរអគ្គិសនីកម្ពុជា បានបង្ហាញថា គិតមកដល់ឆ្នាំ២០២៤ កម្ពុជាអាចមានសមត្ថភាពផលិតថាមពលអគ្គិសនី សរុបដល់ទៅ៥.០៤៤ មេហ្គាវ៉ាត់ កើនឡើង៨,៥ ភាគរយបើធៀបនឹងថាមពល៤.៦៤៩ មេហ្គាវ៉ាត់ ក្នុងឆ្នាំ២០២៣កន្លងទៅ ។
ដោយសារតែរាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យវែងឆ្ងាយបែបនេះហើយទើបក្រោយពេលដែលកម្ពុជាបានកាត់ផ្តាច់ភ្លើងពីថៃ ហើយ គឺកម្ពុជានៅតែអាចមានសមត្ថភាពទ្រទ្រង់ថាមពលអគ្គិសនីបានគ្រប់គ្រាន់ ។ មកដល់ពេលនេះ កម្ពុជាអាចនឹងនៅបន្តប្រើប្រាស់ថាមពលអគ្គិសនីដែលនាំចូលពីវៀតណាម ប្រមាណជា៥៦ មេហ្គាវ៉ាត់ ហើយនិងពីឡាវប្រមាណជា៣៣៩ មេហ្គាវាត់ ៕
ចែករំលែកព័តមាននេះ