រឿងរ៉ាវថ្មីៗ ដែលបានកើតមាននៅឯប្រទេសថៃ គឺជាកញ្ចក់សម្រាប់ការពិចារណា និងលើកកម្ពស់ការរិះគិត ដើម្បីជាបទពិសោធន៍ឈានទៅពង្រឹង និងលើកកម្ពស់នូវគុណតម្លៃនៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋបន្ថែមមួយកម្រិតទៀតនៅកម្ពុជា ។ តាមអត្ថបទព័ត៌មានមួយ របស់សារព័ត៌មាន The…
រឿងរ៉ាវថ្មីៗ ដែលបានកើតមាននៅឯប្រទេសថៃ គឺជាកញ្ចក់សម្រាប់ការពិចារណា និងលើកកម្ពស់ការរិះគិត ដើម្បីជាបទពិសោធន៍ឈានទៅពង្រឹង និងលើកកម្ពស់នូវគុណតម្លៃនៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋបន្ថែមមួយកម្រិតទៀតនៅកម្ពុជា ។
តាមអត្ថបទព័ត៌មានមួយ របស់សារព័ត៌មាន The Nation បានឲ្យដឹងថា មន្ត្រីសង្ឃជាន់ខ្ពស់ និងមានការទទួលស្គាល់នៅក្នុងសង្គមថៃជាច្រើនអង្គ ផ្ទុះរឿងអាស្រូវរហូតដល់អ្នកខ្លះបានលួចចាកសិក្ខាបទ ហើយភៀសខ្លួនទៅក្រៅប្រទេសក៏មាន ។ នោះហើយ គឺជារឿងដែលយើងគួរតែយកចិត្តទុកដាក់ផងដែរ ។ សង្គមយើង និងសង្គមថៃវាខុសគ្នា ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ពុទ្ធសាសនានៅថៃ និងយើងគឺសឹងតែដូចគ្នា ។ រឿងរ៉ាវដែលកើតមាននៅទីនោះក៏ជារឿងដែលយើងអាចចាត់ទុកជាបទពិសោធន៍មួយ ដើម្បីបង្ការបញ្ហាកុំអោយកើតមានរឿងអាស្រូវដូចជានៅប្រទេសថៃនាំចង្រៃដល់ព្រះពុទ្ធសាសនា ។
វា គឺជារឿងដ៏គួរឲ្យអាម៉ាស និងអាប់អោនមែនទែន ដល់ស្ថាប័នសាសនា ខណៈដែលមន្ត្រីសង្ឃជាន់ខ្ពស់ដល់ទៅ៦អង្គត្រូវបានគេដាក់ការសង្ស័យថា មានទំនាក់ទំនងផ្លូវភេ.ទជាមួយនឹងនារីស្រស់ស្អាតម្នាក់ ហើយមិនតែប៉ុណ្ណោះ គឺមានលេចធ្លាយរូបថតដ៏អាម៉ាស់រហូតដល់ទៅ៨ម៉ឺនសន្លឹក ។ នៅក្នុងចំណោមព្រះសង្ឃជាន់ខ្ពស់ថៃ ដែលកំពុងតែជាប់នៅក្នុងការសើបអង្កេតនេះ គឺមានព្រះចៅអធិការវត្ត ភីសានុលោកផងដែរ ។
រូបថតទាំងនោះត្រូវបានគេរកឃើញនៅក្នុងទូរស័ព្ទដៃរបស់នារីដែលគេអះអាងថា ជាអ្នកល្បួងព្រះសង្ឃទាំងនោះឲ្យរួមភេ.ទជាមួយនឹងនាង បន្ទាប់មកប្រើប្រាស់រូបថត និងវីដេអូដែលខ្លួនបានថត ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះព្រះសង្ឃទាំងនោះ ។
សារព័ត៌មានថៃ បានឲ្យដឹងថា នៅក្នុងរឿងអាស្រូវទាំងនេះក៏មានករណីចៅអធិការវត្ត ទ្រី ផុសាថេប រូរ៉ាវីហាន (Wat Tri Thotsathep Worawihan) នៅទីក្រុងបាងកក ដែលបានលាចាកសិក្ខាបទដោយអាថ៌កំបាំង ហើយបានចាកចេញពីវត្តកាលពីចុងខែមិថុនា ។ នៅពេលនេះគេដឹងថា បានភៀសខ្លួនទៅប្រទេសឡាវ ។ អតីតសង្ឃជាន់ខ្ពស់រូបនេះ ត្រូវបានគេសន្មត់ថា បានបង្កើតទំនាក់ទំនងស្នេហាសម្ងាត់ជាមួយនារីរូបស្រស់នោះ ។ ក្រោយមកនាងបានអះអាងថា មានផ្ទៃពោះ និងទាមទារប្រាក់ឧបត្ថម្ភកូនចំនួន ៧,៦៨លានបាត ដែលធ្វើឲ្យសង្ឃអង្គនោះសឹកហើយភៀសខ្លួន ។
មិនថា តែនៅថៃទេ ប្រសិនបើរឿងនេះផ្ទុះនៅកម្ពុជាវិញ ព្រះពុទ្ធសាសនាពិតប្រាកដជាប្រឈមមុខនឹងការប៉ះពាល់ខ្លាំង ។ ដូច្នេះ យើងចាំបាច់ត្រូវតែលើកកម្ពស់ការប្រណិប័តន៍សាសនា និងពង្រឹងធម៌វិន័យ ដើម្បីបន្តរក្សាការពារ និងអភិរក្សព្រះពុទ្ធសាសាសនាដែលជាប្រពៃណីដ៏ផូរផង់របស់កម្ពុជា ។ រឿងស្រីរឿងញីនេះ គឺជារឿងរសើបបំផុតហើយជាប្រភពចម្បងដែលនឹងធ្វើឲ្យព្រះពុទ្ធសាសនាស្រុតតម្លៃ ។ ក្រៅពីនោះ ក៏នឹងអាចមានទំនោរដែលពុទ្ធបរិស័ទមើលឃើញនូវភាពខ្ជះខ្ជាយ និងកង្វះតម្លាភាពនៅក្នុងស្ថាប័នព្រះពុទ្ធសាសនា ផងដែរ ។
កន្លងមក ព្រះសង្ឃដែលមានរឿងអាស្រូវនឹងស្រីញីនេះ ក៏មានច្រើនដែរ ហើយហាក់ដូចជា ស្ងប់ស្ងាត់មកជាយូរ ។ ដូច្នេះ គ្រប់បុគ្គលទាំងអស់ នៅក្នុងភាវៈជាសង្ឃគួរតែគោរពប្រតិបត្តិ តួនាទី និងគុណតម្លៃដែលមហាជនបានផ្តល់ និងលើកតម្លើង ។ ព្រះសង្ឃមិនមែនជាមនុស្សធម្មតានោះឡើយ គឺជាអ្នកដែលមានសីល និងអានិសង្សខ្ពស់ដែលអាចចាត់ទុកថា ជាសរសរស្តម្ភអប់រំខាងសីលធម៌ និងទីពំនាក់ខាងវិញាណ ដើម្បីអប់រំដល់ពុទ្ធសាសនិក ។ ប៉ុន្តែប្រសិនបើព្រះសង្ឃត្រូវបានមហាជនគេមើលឃើញកាន់តែខ្លាំងឡើង ជាមួយនឹងមន្ទិលសង្ស័យនោះជំនឿ និងទំនុកចិត្តនឹងត្រូវអស់នៅពេលនោះ ហើយដែលព្រះពុទ្ធសាសនាត្រូវគ្រោះថ្នាក់ ។
សរុបមកវិញ រឿងអាស្រូវនៅក្នុងស្ថាប័នព្រះពុទ្ធសាសនានៅថៃ ក៏ជាបទពិសោធន៍មួយ ដើម្បីពញាក់ថ្នាក់ដឹកនាំស្ថាប័នសង្ឃនៅកម្ពុជាឲ្យលើកកម្ពស់ធម៌វិន័យ និងការប្រណិប័តន៍សាសនាឲ្យបានត្រឹមត្រូវ ដើម្បីបន្តរក្សា និងពង្រឹងតួនាទីស្ថាប័នសាសនានៅក្នុងប្រទេសឲ្យតែបន្តរីកចម្រើនបន្ថែមទៀត ។
សាសនា និងសង្គម គឺត្រូវតែដើរទៅមុខទន្ទឹមគ្នា ហើយនៅពេលដែលសីលធម៌នៅក្នុងសង្គមកំពុងតែធ្លាក់ចុះដូចសព្វថ្ងៃនេះ ស្ថាប័នសាសនារឹតតែសំខាន់ ប៉ុន្តែប្រសិនបើស្ថាប័នសាសនាទុនជ្រាយដែរនោះ បញ្ហាវានឹងរឹតតែអាក្រក់ឡើងថែមទៀត ។ មកដល់ពេលបច្ចុប្បន្ននេះ មានថ្នាក់ដឹកនាំនៅក្នុងស្ថាប័ននយោបាយ សេដ្ឋកិច្ច និងសង្គមស៊ីវិលជាច្រើនរូបដែលបានទទួលការអប់រំនិងមូលដ្ឋានគ្រឹះនៃចំណេះ និងជំនាញពីស្ថាប័នសាសនា ។ ដូចនេះយើងគួរតែបន្តពូនជ្រុំ ហើយការពារឲ្យបាននូវគុណតម្លៃ នៃសា្ថប័នសាសនារបស់យើងទាំងអស់គ្នា ៕
ចែករំលែកព័តមាននេះ