ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានការ​ប្រែប្រួល​អ្វីខ្លះ ក្រោយ​លោក ត្រាំ ប្រកាស​ពន្ធ​ថ្មី​លើ​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ចំនួន ១៤​?

10 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ ប្រធាន​ធិ​បតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) កាលពី​ថ្ងៃ​ទី​៧ ខែកក្កដា…

សហរដ្ឋអាមេរិក ៖ ប្រធាន​ធិ​បតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) កាលពី​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២៥ បាន​បង្ហាញ​ផែនការ​ពាណិជ្ជកម្ម​ថ្មី ពាក់ព័ន្ធ​នឹង​អត្រាពន្ធគយ​របស់​លោក ប៉ុន្តែ​ទន្ទឹម​ជាមួយ​គ្នា​នោះ លោក​ក៏​បាន​ពន្យារពេល​ការ​ដំឡើង​ពន្ធ​ដើម​ជា​ពន្ធ​កម្រិត​ខ្ពស់​លើ​ទំនិញ​ពី​បណ្តា​ដៃគូ​សំខាន់​ៗ​រហូត​ដល់​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២៥ ដែល​នេះ​គឺជា​ការ​ពន្យារពេល​៣​ស​ប្តា​ហ៍​បន្ថែម​ទៀត​ពីលើ​ការ​ពន្យារពេល​ពី​មុន ដែល​នឹង​ផុតកំណត់​នៅ​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០២៥ ចំ​ពេល​ពិភពលោក​កំពុង​ច្របូកច្របល់​យ៉ាង​ខ្លាំង​លើ​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ដ៏​ចម្រូងចម្រាស​របស់​លោក​។

ការ​បង្ហោះ​លិខិត​ចម្លង​ទៅ​កាន់​មេដឹកនាំ​ពិភពលោក​លើ​បណ្តាញ​សង្គម លោក ត្រាំ បាន​ប្រកាស​អំពី​ការ​កែប្រែ​អត្រាពន្ធ​ថ្មី​របស់​សហរដ្ឋអាមេរិក ដែល​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២៥ លើ​ប្រទេស​ចំនួន ១៤ ដូច​ខាងក្រោម ៖
-​មី​យ៉ា​ន់​ម៉ា ពន្ធ​ថ្មី ៤០% ទម្លាក់ ៤% ពី​អត្រា​ចាស់
-​ឡាវ ពន្ធ​ថ្មី ៤០% ទម្លាក់ ៨% ពី​អត្រា​ចាស់
-​កម្ពុជា ពន្ធ​ថ្មី ៣៦% ទម្លាក់ ១៣% ពី​អត្រា​ចាស់

-​ថៃ ៣៦% ដូច​អត្រា​ចាស់
-​ស៊ែ​ប៊ី ពន្ធ​ថ្មី ៣៥% ទម្លាក់ ២% ពី​អត្រា​ចាស់
-​បង់​ក្លា​ដែ​ស ពន្ធ​ថ្មី ៣៥% ទម្លាក់ ២% ពី​អត្រា​ចាស់
-​ឥណ្ឌូ​ណេ​ស៊ី ៣២% ដូចនឹង​អត្រា​ចាស់
-​អាហ្វ្រិក​ខាងត្បូង ៣០% ដូច​អត្រា​ចាស់
-​បូ​ស្នី និង​ហឺ​ហ្សី​ហ្គូ​វី​ណា ពន្ធ​ថ្មី ៣០% ទម្លាក់ ៥% ពី​អត្រា​ចាស់

-​ទុ​យ​នេ​ស៊ី ពន្ធ​ថ្មី ២៥% ទម្លាក់ ៣% ពី​អត្រា​ចាស់
-​កា​ហ្សា​ក់​ស្ថាន ពន្ធ​ថ្មី ២៥% ទម្លាក់ ២% ពី​អត្រា​ចាស់
-​ម៉ា​ឡេ​ស៊ី ពន្ធ​ថ្មី ២៥% ដំឡើង ១% ពី​អត្រា​ចាស់
-​កូរ៉េ​ខាងត្បូង ២៥% ដូច​អត្រា​ចាស់
-​ជប៉ុន ពន្ធ​ថ្មី ២៥% ដំឡើង ១% ពី​អត្រា​ចាស់

ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ លោក ត្រាំ ក៏​បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​ពន្យារពេល​៣​ស​ប្តា​ហ៍​ទៀត​ដល់​ថ្ងៃ​ទី​១ ខែសីហា ពោល​បន្ថែម​ពីលើ​ការ​ពន្យារពេល​ពី​មុន​រយៈពេល​៩០​ថ្ងៃ មុន​ពេល​ពន្ធ​កម្រិត​ខ្ពស់​ដែល​លោក​បាន​ប្រកាស​ជា​លើក​ដំបូង កាលពី​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០២៥ ចូល​ជា​ធរមាន ដើម្បី​ទុក​ពេល​ឱ្យ​ដៃគូ​ពាណិជ្ជកម្ម​របស់​អា​មេ​រិ​ក​ធ្វើការ​ចរចា​សម្រេច​បាន​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​។

យ៉ាងណាមិញ អ្នកនាំពាក្យ​សេត​វិមាន លោកស្រី Karoline Leavitt បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា អត្រាពន្ធ​នឹង​មានការ​ប្រែ​បន្ថែម​ទៀត ដោយ​លិខិត​ជា​ច្រើន​ផ្សេង​ទៀត​នឹង​ត្រូវ​ផ្ញើ​ទៅ​កាន់​ប្រទេស​ជា​ដៃគូ​ពាណិជ្ជក​កម្ម​អា​មេ​រិ​ក​នៅ​ចុង​ស​ប្តា​ហ៍​នេះ​៕ ប្រភព ៖ The Guardian និង CNBC

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ