ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តៃវ៉ាន់​ស្លា.ប់​២នាក់​ដោយ​សារ​ខ្យល់​ព្យុះ​ល្បឿន​២២​០​គីឡូ​ម៉ែត្រ/​ម៉ោង

4 ម៉ោង មុន

ទី​ក្រុង​តៃប៉ិ៖ ខ្យល់​ព្យុះ​ទី​ហ្វុង​ដាណាស់​ (Danas) បាន​បោក​បក់​យ៉ាង​ខ្លាំង​ក្លា​ទៅ​លើ​កោះ​តៃវ៉ាន់​ភាគ​ខាង​ត្បូង​បង្ក​ជា​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ក្លា​ជា​ទី​បំផុត​​តាំង​ពី​​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ​នេះ​​។ រហូត​មក​ដល់​ពេល​នេះ គេ​រក​ឃើញ​ជន​រង​គ្រោះ​ដែល​ស្លាប់​២​នាក់​ និង​របួស​​​៣៣០​នាក់​។ ហាង​លក់​ទំនិញ​​ និង​​​សាលា​រៀន​ជា​ច្រើន​កន្លែង​ត្រូវ​តែ​បង្ខំ​ចិត្ត​បិទ​ទ្វារ​​ជា​បណ្ដោះ​អាសន្ន​​។ តាម​ពិត…

ទី​ក្រុង​តៃប៉ិ៖ ខ្យល់​ព្យុះ​ទី​ហ្វុង​ដាណាស់​ (Danas) បាន​បោក​បក់​យ៉ាង​ខ្លាំង​ក្លា​ទៅ​លើ​កោះ​តៃវ៉ាន់​ភាគ​ខាង​ត្បូង​បង្ក​ជា​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ក្លា​ជា​ទី​បំផុត​​តាំង​ពី​​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ​នេះ​​។ រហូត​មក​ដល់​ពេល​នេះ គេ​រក​ឃើញ​ជន​រង​គ្រោះ​ដែល​ស្លាប់​២​នាក់​ និង​របួស​​​៣៣០​នាក់​។ ហាង​លក់​ទំនិញ​​ និង​​​សាលា​រៀន​ជា​ច្រើន​កន្លែង​ត្រូវ​តែ​បង្ខំ​ចិត្ត​បិទ​ទ្វារ​​ជា​បណ្ដោះ​អាសន្ន​​។

តាម​ពិត កោះ​តៃ​វ៉ាន់​ឧស្សាហ៍​មាន​ខ្យល់​ព្យុះ​បក់​បោក​វា​ជា​រឿង​ធម្មតា​ទៅ​ហើយ​​។ ប៉ុន្តែ​ខ្យល់​​ព្យុះ​​កាល​ពី​ពេល​កន្លង​មក​ច្រើន​​បក់​នៅ​តំបន់​ភ្នំ​ និង​តំបន់​ដែល​មិន​សូវ​មាន​មនុស្ស​រស់​នៅ​​ទល់​មុខ​​​មហា​សមុទ្រ​ប៉ាស៊ី​ហ្វិច​។ ចំណែក​ខ្យល់​ព្យុះ​ដាណាស់​ដែល​ខាង​​​ឧតុ​និយម​​ចាត់​ទុក​ជា​ព្យុះ​ធំ​លំដាប់​ទី​​២​​នោះ​បាន​បក់​ទៅ​រក​ច្រក​សមុទ្រ​តៃវ៉ាន់​បន្ទាប់​ពី​បក់​ទៅ​ដល់​ដី​គោក​នៅ​មាត់​សមុទ្រ​ភាគ​និរតី​កាល​ពី​ថ្ងៃ​អាទិត្យ​។

​ប្រធានា​ធិបតី​តៃវ៉ាន់​ លោក​ឡៃ​ឈីង​តេ​ (Lai Ching-te) បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេស​ប៊ុក​​ជំរុញ​ឲ្យ​ប្រជា​ជន​ត្រៀម​ខ្លួន​ទប់​ទល់​នឹង​ខ្យល់​ព្យុះ​នេះ​​។ ភ្លើង​អគ្គិសនី​ដែល​ផ្គត់​ផ្គង់​ផ្ទះ​របស់​អ្នក​ស្រុក​ជាង​កន្លះ​លាន​ខ្នង​ត្រូវ​កាត់​ផ្ដាច់​។ ជើង​ហោះ​ហើរ​​ក្នុង​ស្រុក​ និង​ជើង​ហោះ​ហើរ​​អន្តរ​ជាតិ​ជាង​៣​រយ​ខ្សែ​ត្រូវ​លុប​ចោល​។ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​​អាជ្ញា​ធរ​​កោះ​​តៃវ៉ាន់​។

ការ​ដឹក​ធ្វើ​ដំណើរ​​​តាម​រថ​ភ្លើង​ល្បឿន​លឿន​​រវាង​ភាគ​ខាង​ជើង​ និង​​ភាគ​ខាង​ត្បូង​ក៏​ត្រូវ​កាត់​បន្ថយ​ផង​ដែរ​។ ទី​ភ្នាក់​ងារ​អគ្គិ​ភ័យ​​ថ្លែង​ថា​​ជន​រង​គ្រោះ​ម្នាក់​ស្លាប់​ដោយ​សារ​ដើម​ឈើ​បាក់​សង្កត់​ពី​លើ​នៅ​ពេល​គាត់​កំពុង​បើក​បរ​​​នៅ​តាម​ផ្លូវ​។ ​​ជន​រង​គ្រោះ​ម្នាក់​ទៀត​ស្លាប់​ដោយសារ​​​ប្រព័ន្ធ​​​អុក​ស៊ីហ្សែន​រ​អាក់​រអួល​បន្ទាប់​ពី​ដាច់​ភ្លើង​អគ្គិស​នី​។ កម្លាំង​ខ្យល់​បក់​ជា​អតិបរមា​រហូត​ដល់​២២០​គីឡូ​ម៉ែត្រ​/​ម៉ោង​ត្រូវ​គេ​កត់​សម្គាល់​នៅ​​​​ខណ្ឌ​យុន​លីន (Yunlin)​។ ដើម​ឈើ​ និង​ផ្លា​ក​សញ្ញា​នៅ​តាម​ផ្លូវ​ជាង​៧រយ​ដើម​ត្រូវ​ខ្យល់​បក់​ប៉ើង​ខ្ទេច​ខ្ទី​អស់​។

សម្រាប់​ពេល​នេះ គេ​មិនទាន់​ទទួល​ដំណឹង​ថា​សួន​​ឧស្សាហ​កម្ម​​ថៃ​ណាន (Tainan) រង​ផល​ប៉ះ​ពាល់​នៅឡើយ​ទេ​។ ទី​នេះ​ជា​កន្លែង​ប្រមូល​ផ្ដុំ​នៃ​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ធំ​ៗ​។ មន្ត្រី​ឃ្លាំ​មើល​ស្ថាន​ការណ៍​លំហ​សមុទ្រ​នៅ​ខេត្ត​សឺ​ជាំង​ ប្រទេស​ចិន បាន​បង្កើន​កម្រិត​អាសន្ន​នៃ​ខ្យល់​ព្យុះ​នេះ​ដល់​កម្រិត​ទី​២​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ទូរ​ទស្សន៍​ចិន​ស៊ី​ស៊ី​ធី​វី (CCTV)​។ គិត​ត្រឹម​ម៉ោង​១០​ព្រឹក​ នាវា​ដឹក​អ្នក​ដំណើរ​​១២១​ជើង​ និង​នាវា​ចម្លង (ឬ​ស្រឡាង​​) ៦៤​ជើង​ត្រូវ​ផ្អាក​ដំណើរ​ការ​នៅ​ទូទាំង​ខេត្ត​សឺជាំង​។​

អាជ្ញា​ធរ​ក៏​បាន​ផ្អាក​សកម្ម​ភាព​នៅ​ការដ្ឋាន​សំណង់​១៨១​កន្លែង​ផង​ដែរ​។ គេ​រំពឹង​ថា​ខ្យល់​ព្យុះដាណាស់​នឹង​រំកិល​ខ្លួន​បន្តិច​ម្ដង​ៗ​ទៅ​រក​តំបន់​មាត់​​សមុទ្រ​ដែល​ស្ថិត​នៅ​ចន្លោះ​ទី​ក្រុង​ថៃ​ចូវ​ (Taizhou) នៃ​ខេត្ត​សឺជាំង​ និង​ទី​ក្រុង​ហ្វ៊ូចូវ (Fuzhou) នៃ​ខេត្ត​ហ្វ៊ូចៀន (Fujian)​។ រហូត​ដល់​ល្ងាច​ថ្ងៃ​អង្គារ​​សប្ដាហ៍​នេះ​ទើប​ខ្យល់​ព្យុះ​​ដាណាស់​​បក់​ទៅ​ដល់​តំបន់​ដី​គោក​នៃ​ប្រទេស​ចិន​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ