មួយរយៈពេលកន្លងមកនេះ ជាពិសេសក្រោយពេលដែលសភាពការណ៍នៅព្រំដែនកាន់តែតានតឹង អ្នកក្លែងបន្លំជាថ្នាក់ដឹកនាំកំពូលនៃកម្ពុជាឧស្សាហ៍កើតមានណាស់ ។ ដូច្នេះការប្រុងប្រយ័ត្ន និងការផ្ទៀងផ្ទាត់គឺចាំបាច់ត្រូវតែយកចិត្តទុកដាក់ខ្ពស់ ។ ការលួចក្លែងបន្លំនេះ គឺបានកើតមានទាំងនៅលើបណ្តាញសង្គមហ្វេសបុក និងតេឡេក្រាមរបស់សម្តេចតេជោ…
មួយរយៈពេលកន្លងមកនេះ ជាពិសេសក្រោយពេលដែលសភាពការណ៍នៅព្រំដែនកាន់តែតានតឹង អ្នកក្លែងបន្លំជាថ្នាក់ដឹកនាំកំពូលនៃកម្ពុជាឧស្សាហ៍កើតមានណាស់ ។ ដូច្នេះការប្រុងប្រយ័ត្ន និងការផ្ទៀងផ្ទាត់គឺចាំបាច់ត្រូវតែយកចិត្តទុកដាក់ខ្ពស់ ។ ការលួចក្លែងបន្លំនេះ គឺបានកើតមានទាំងនៅលើបណ្តាញសង្គមហ្វេសបុក និងតេឡេក្រាមរបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជា សម្តេចធិបតី ។
ក្រៅពីនៅលើបណ្តាញសង្គម សំខាន់របស់ថ្នាក់ដឹកនាំហើយនោះអ្វីដែលយើងគួរមានការផ្ទៀងផ្ទាត់ទៀត គឺបណ្តាញសង្គមរបស់ស្ថាប័នជាតិនានាដែលមានតាំងពីក្រសួងការពារជាតិ ក្រសួងការបរទេស ក្រសួងព័ត៌មាន សា្ថប័នព័ត៌មានធំៗដែលជាកូនសោរនៃសង្គ្រាមវោហាស័ព្ទ និងសមរភូមិព័ត៌មាន ។
ជាក់ស្តែង ក្រុមការងារនៅលើគណនីហ្វេសប៊ុក សម្តេចធិបតី កាលពីម្សិលមិញក៏ទើបចេញសេចក្តីជូនដំណឹងឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នដែរ ក្រោយពេលដែលជនខិលខូចបានក្លែងបន្លំជាសម្តេចផ្ទាល់ទៅបង្ហោះនូវសារមួយដែលទៅចាប់កំហុសដល់វីវៈភាព និងភាពក្លាហានរបស់មន្ត្រីយោធាកម្ពុជា ដែលបង្ហាញនៅលើបណ្តាញសង្គមថា ជាមន្ត្រីដែលត្រូវដាក់ពិន័យទៅវិញខណៈដែលមន្ត្រីយោធារូបនោះកំពុងតែបង្ហាញនូវជំហរដ៏ក្លាហាន កាពារជាតិ និងមាតុភូមិនៅព្រំដែន ។

ក្រោយពេលដែលកើតមានបាតុភាពបែបនេះ ក្រុមការងារសម្តេចធិបតី បានចេញការអំពាវនាវមួយ សូមឲ្យបងប្អូន អ៊ំពូមីង តាយាយ បង្កើនការប្រុងប្រយ័ត្ន និងចូលផ្ទៀងផ្ទាត់ជានិច្ច សម្រាប់ការផុសរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី មុននឹងជឿជៀសវាងការយល់ច្រលំ ឬធ្លាក់ក្នុងឧបាយកលខ្មៅងងឹតរបស់ក្រុមប្រឆាំងដែលតែងចិញ្ចឹមចិត្តក្នុងការបោកប្រាស់តាមគ្រប់រូបភាព ដើម្បីតែបំផ្លាញជាតិសាសន៍ខ្លួនឯង ។
លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មានបានលើកឡើងកាលពីពេលថ្មីៗនេះថា នៅឆមាសទី១ នៃឆ្នាំ២០២៥ គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយនៃក្រសួងព័ត៌មានបានកត់ត្រាសរុប១.៨០០ កណីឯណោះ ហើយក្រោយពេលដែលមានភាពតានតឹងនៅព្រំដែនកើតឡើងកាលពីចុងខែឧសភា មកដល់ដើមខែកក្កដា ករណីព័ត៌មានក្លែងក្លាយអំពីបញ្ហាព្រំដែន គឺមានច្រើនគួរសម ។
លោកបានបញ្ជាក់ថា ចំនួនព័ត៌មានក្លែងក្លាយពាក់ព័ន្ធតែប្រធានបទព្រំដែនកម្ពុជា និងថៃ ដែលគណៈកម្មការបានកត់ត្រា គឺមានចំនួន១៨០ករណី ហើយនៅក្នុងចំណោមព័ត៌មានក្លែងក្លាយទាំងនោះក៏មានប្រភេទនូវព័ត៌មានក្លែងក្លាយដែលត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតផងដែរ។
លោកបានបន្តទៀតថា ព័ត៌មានក្លែងក្លាយទាំងនោះ គឺរួមមានទាំងការក្លែងបន្លំសំឡេងរបស់ថ្នាក់ដឹកនាំកម្ពុជា ស្ថាប័នរដ្ឋ ឯកជន ពលរដ្ឋ និងការក្លែងរូបភាពផ្សេងៗសរុបប្រមាណជាជាង១០ករណីហើយដែលត្រូវបានជនខិលខូចយកមកប្រើប្រាស់ក្នុងគោលបំណងក្លែងបន្លំបោកប្រាស់ ឬកេងចំណេញផ្នែកសេដ្ឋកិច្ច នយោបាយ ព្រមទាំងមួយចំនួនទៀត គឺធ្វើឲ្យប៉ះពាល់ដល់សិទ្ធិកិត្តិយសថ្នាក់ដឹកនាំ ឯកជនភាព និងសេចក្តីថ្លៃថ្នូររបស់ពលរដ្ឋ ។
សរុបទៅ ការប្រុងប្រយ័ត្ន និងស្មារតីផ្ទៀងផ្ទាត់ គឺត្រូវតែយកចិត្តទុកដាក់គ្រប់ពេលវេលា ហើយនៅក្នុង ស្ថានភាពបច្ចុប្បន្ននេះរាល់ការទទួលចែករំលែក និងបញ្ចេញទស្សនៈក៏ដូចជា យោបល់នានាគួរតែប្រុងប្រយ័ត្ន ដើម្បីកុំអោយស្ថានភាពវាកាន់តែស្មុគស្មាញ ហើយប៉ះពាល់ដល់ការគ្រប់គ្រង និងប្រក្រតីភាពនៃជីវភាព និងការរស់នៅប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា ។ ការជឿ ឬទទួលព័ត៌មានក្លែងបន្លំផ្សេងៗដែលមិនត្រឹមត្រូវវាអាចជះឥទ្ធិពលអាក្រក់ និងអាចបង្កបញ្ហា និងហានិភ័យដល់ជាតិនិងខ្លួនយើង ។ សូមប្រុងប្រយ័ត្នទាំងអស់គ្នា ៕
ចែករំលែកព័តមាននេះ