បុរសខ្លាំងនៅកម្ពុជានៅថ្មីៗនេះ បានស្នើឲ្យរដ្ឋាភិបាលពិចារណាហើយសិក្សាអំពីការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ដើម្បីបើកផ្លូវឲ្យមានការធ្វើច្បាប់ដកសញ្ជាតិដល់ជនក្បត់ជាតិដែលចូលដៃជាមួយបរទេសបំផ្លាញជាតិឯង។
ចំណែករដ្ឋាភិបាលកម្ពុជាបានធ្វើជាជំហានៗតាមក្របខណ្ឌច្បាប់។ ដូច្នេះរឿងនេះ មិនដកថយក្រោយវិញឡើយ ទោះបីជាក្រុមអ្នកនយោបាយនៅក្រៅប្រទេសជំទាស់និងរិះគន់ក្តី។
តាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង ជាប្រធានគណបក្សប្រជាជនដែលជាបក្សកាន់អំណាច កាលពីថ្ងៃទី ០៣ខែកក្កដា នៅព្រៃវែង រឿងនះទៅមុខហើយដោយសភាគ្រោង នឹងបើកសម័យប្រជុំវិសាមញ្ញដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅថ្ងៃទី១១ ខែកក្កដា សប្តាហ៍ក្រោយដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបើកផ្លូវឲ្យមានការរៀបចំច្បាប់ដកសញ្ជាតិនេះតែម្តង ។
តាមការលើកឡើងរបស់សម្តេចតេជោ រឿងនេះគឺស្របតាមច្បាប់ ដោយសារមានសមាជិកសភា១២៥រូប បូកនិងសមាជិករដ្ឋាភិបាលបានស្នើទៅព្រះមហាក្សត្រ ហើយព្រះមហាក្សត្រព្រះអង្គបានសុំអោយ ក្រុមប្រឹក្សាធម្មនុញ្ញាបកស្រាយចំណុចនេះ ។
បន្ទាប់មកក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំពេញអង្គក៏បានបើកកិច្ចប្រជុំមួយហើយបានពិនិត្យឃើញថាសេចក្តីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣នៃរដ្ឋធម្ម នុញ្ញកម្ពុជាគឺអាចប្រពឹត្តិទៅបាន ។
ដោយឡែក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅពេលចូលរួមកម្មវិធីនៅខេត្តកំពង់ធំ នៅថ្ងៃទី០៣ ខែកក្កដា ក៏បានថ្លែងបញ្ជាក់ការពារដល់សំណើសុំធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញបើកផ្លូវឲ្យមានការរៀបចំធ្វើច្បាប់ដកសញ្ជាតិនេះដែរ ។
តាមប្រសាសន៍របស់សម្តេចធិបតី ប្រទេសជាច្រើននៅលើពិភពលោកគឺមានច្បាប់ដកសញ្ជាតិនេះ រាប់ទាំងសហរដ្ឋអាមេរិក និង ១៨ ប្រទេសនៅសហភាពអឺរ៉ុប ។ សម្តេចធិបតីបានលើកឡើងថា នៅលើពិភពលោកមានប្រទេសដល់ទៅប្រមានជា ១៥០ ប្រទេសគឺមានច្បាប់ដកសញ្ជាតិពីពលរដ្ឋខ្លួន បើពលរដ្ឋណាម្នាក់រកឃើញថាបានប្រព្រឹត្តទង្វើចូលដៃជាមួយបរទេស ដើម្បីប្រឆាំង និងបំផ្លាញផលប្រយោជន៍ជាតិខ្លួនឯង។
ពាក់ព័ន្ធនឹងច្បាប់នេះ មានទស្សនៈពីរចេញមក។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយមតិគាំទ្រហាក់ចេញមកយ៉ាងច្រើនជាបន្តបន្ទាប់ ។ ក្រុមអ្នកគាំទ្រលើកឡើងថា បើកម្ពុជាមានច្បាប់នេះ គឺដើម្បីធានាឲ្យច្បាស់លាស់ថា នៅពេលណាដែលមានសញ្ជាតិកម្ពុជា គឺត្រូវ តែមានកាតព្វកិច្ចការពារផលប្រយោជន៍ជាតិជាធំ ហើយរាល់សកម្មភាព ឃុបឃិតជាមួយបរទេសដើម្បីបំផ្លាញផលប្រយោជន៍ជាតិគឺត្រូវទទួល ទណ្ឌកម្ម ។
ដោយឡែកមតិរិះគន់វិញយល់ថាច្បាប់នេះមិនគួរអនុវត្តចំពោះអ្នកមានសញ្ជាតតែមួយឡើយ។
សរុបសេចក្តីទៅរឿងដំណើរការរៀបចំច្បាប់ដកសញ្ជាតិនេះ នឹងមិនអាចដើរថយក្រោយវិញបានឡើយ ប៉ុន្តែលទ្ធភាពនៃការតាក់តែងយ៉ាងណាឲ្យស៊ីជម្រៅនោះ គឺជានិតិវិធីដែលនឹងមានការជជែកដេញ ដោលហើយលើកឡើងនៅក្នុងសភា នៅពេលដែលសភាបើកកិច្ចប្រជុំនៅសប្តាហ៍ក្រោយនេះ ។
ដូច្នេះ យើងគួរទុកអោយសភា និងព្រឹទ្ធសភាដែលមានតួនាទីបង្កើតច្បាប់បំពេញការងារតាមការទទួលខុសត្រូវរបស់ពួកគេដើម្បីតម្កល់ប្រយោជន៍ជាតិជាធំ។
ចែករំលែកព័តមាននេះ