នៅក្នុងយុគសម័យឌីជីថល និងការចាប់ផ្តើមនៃដំណើរការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត នាពេលបច្ចុប្បន្ននេះ អ្នកបង្កើតមាតិកា និងអ្នកបង្កើតលុយតាមអ៊ីនធឺណិត (MMOs) តែងតែរិះគិតរកវិធីសាស្ត្រ ដើម្បីធ្វើយ៉ាងណាក៏ដោយ គឺបង្កើនអ្នកមើល អ្នកចូលចិត្ត…
នៅក្នុងយុគសម័យឌីជីថល និងការចាប់ផ្តើមនៃដំណើរការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត នាពេលបច្ចុប្បន្ននេះ អ្នកបង្កើតមាតិកា និងអ្នកបង្កើតលុយតាមអ៊ីនធឺណិត (MMOs) តែងតែរិះគិតរកវិធីសាស្ត្រ ដើម្បីធ្វើយ៉ាងណាក៏ដោយ គឺបង្កើនអ្នកមើល អ្នកចូលចិត្ត និងអ្នកចែកចាយ ដើម្បីឈានទៅរកគោលដៅរកចំណូល ។ ប៉ុន្តែនៅក្នុងកាលៈទេសៈនាពេលបច្ចុប្បន្ននេះ ក្រៅពីការងាររកលុយ ឬរកចំណូលហើយនោះ ក៏គួរតែគិតគូរផ្សព្វផ្សាយរកអ្វីដែលមានប្រយោជន៍សម្រាប់សហគមន៍ និងពលរដ្ឋដែលខ្វះទីពំនាក់ហើយកំពុងតែជួបការលំបាកផង ។

នៅពេលបច្ចុប្បន្ននេះ ពីព្រោះតែជារដូវប្រមូលផល ហើយលក្ខខណ្ឌធម្មជាតិអំណោយផល គួបផ្សំនឹងបញ្ហាដែលផ្ទុះឡើង នៅតំបន់ព្រំដែន ជាពិសេសជាមួយនឹងថៃ រហូតដល់មានការរិតត្បិតព្រំដែនប៉ះពាល់ដល់ការនាំចេញ និងនាំចូលនោះធ្វើឲ្យទិន្នផលកសិកម្ម ដែលកសិករទទួលបាន គឺហាក់ដូចជាមានបញ្ហាខ្វះទីផ្សារ ។
ឆ្លើយតបនឹងបញ្ហានេះ ដោយសារតែមានការអំពាវនាវពីរដ្ឋាភិបាល គឺបានធ្វើឲ្យក្រុមហ៊ុនមួយចំនួនបានចុះទៅប្រមូលនូវទិន្នផលកសិកម្មពីកសិករដែលរងផលប៉ះពាល់កន្លងមកយកមកលក់នៅរាជធានីភ្នំពេញ ។
នៅក្នុងស្ថានភាពបែបនេះ ក្រុមអ្នកដែលបង្កើតមាតិកា នៅលើបណ្តាញសង្គមក៏ដូចជា អ្នកដែលកំពុងតែរកលុយតាមអនឡាញ ដែលតែងតែច្នៃប្រឌិតបង្កើតមាតិកាប្លែកៗនៅក្នុងសង្គម គួរតែជួយរួមចំណែក នៅក្នុងសហគមន៍ឲ្យសកម្មមួយផ្នែកថែមទៀត ។ នៅក្នុងការផ្សព្វផ្សាយអ្វី ដែលជាលក្ខណៈពាណិជ្ជកម្ម ការកម្សាន្ត និងការងារដែលឆ្លើយតបនឹងតម្រូវការរស់នៅរបស់គ្រួសារ ការរួមចំណែក ដោយក្រុមអ្នកបង្កើតមាតិកាទាំងនោះ គឺអាចជួយមួយផ្នែកដល់ការជំរុញទីផ្សារ និងបំផុតគំនិតនៃការច្នៃប្រឌិត និងប្រើប្រាស់នូវផលានុផល នៃកសិកម្មដែលមានបញ្ហាបាន ។

ជារៀងរាល់ឆ្នាំ កសិករជាច្រើនបានជួបប្រទះនឹងការពិតដ៏ឈឺចាប់មួយ ពោល គឺពេលប្រមូលផលតែគ្មានទីផ្សារ ។ ជាឧទាហរណ៍ជាក់ស្តែងដូចជា ករណីដំណាំល្ពៅ នៅពេលដែលទីផ្សារត្រូវបានជន់ជោ តម្លៃធ្លាក់ចុះ ហើយប្រាក់ចំណេញក៏ខ្សត់ ។ ស្ថានភាពបែបនេះគឺជាបន្ទុក និងសម្ពាធដ៏ធ្ងន់ធ្ងរសម្រាប់កសិករក្រីក្រ ដែលតែងតែសង្ឃឹមថា ផលពីការខំប្រឹង គឺមានលទ្ធផលល្អ ប៉ុន្តែនៅពេលដែលវាមិនបានផលតាមការរំពឹងទុកទើបពួកគេព្យាយាមបោះបង់ចោលរបរកសិកម្ម ដែលមកដល់ពេលនេះ យើងឃើញហើយសូម្បីតែស្លឹកខ្ទឹម ដំឡូងជ្វា ត្រាវ ដែលងាយបង្កបង្កើនផលបំផុតត្រូវបាននាំចូលពីប្រទេសជិតខាងមកផ្គត់ផ្គង់ទីផ្សារ ។
នៅក្នុងស្ថានភាពបែបនេះ អ្នកបង្កើតមាតិកានៅលើបណ្តាញសង្គម និងអ្នករកលុយតាមអ៊ីនធើណិត គួរតែជួយកសិករតាមរយៈការបង្កើតនូវមាតិកាធ្វើម្ហូបប្លែកៗពីគ្រឿងផ្សំគោលដែលកំពុងតែជននៅលើទីផ្សារ ។

បងប្អូននៅពេលនេះ កម្ពុជាមានផ្ទៃដីទូលំទូលាយ ហើយក្រុមអ្នកបង្កើតមាតិកាសង្គម និង អ្នកដែលរកលុយតាមអ៊ីនធើណិតក៏មានច្រើន ។ ដូច្នេះ គួរណាស់តែជួយបង្កើតមាតិកាណា ដែលអាចជួយបំផុសគំនិតឲ្យមានការកៃច្នៃ និងប្រើប្រាស់លើផលិតផលដែលលើសតម្រូវការកាន់តែច្រើន ។ សកម្មភាពបែបនេះមានអត្ថន័យខ្លាំងណាស់ ពីព្រោះវា គឺជាគុណតម្លៃ ។
លើសពីនេះទៅទៀត អ្នកដែលពាក់ព័ន្ធអាចប្រើវេទិការបស់ពួកគេ ដើម្បីតភ្ជាប់កសិករដោយផ្ទាល់ជាមួយអ្នកប្រើប្រាស់ ។ តាមរយៈការលក់បន្តផ្ទាល់ TikTok ការផ្សព្វផ្សាយតាម YouTube ទីផ្សារ Facebook ឬសូម្បីតែកម្មវិធីចែកចាយមាតិកាអាហារពិសេសៗ អ្នកបង្កើតមាតិកា អាចជួយកសិករលក់ដោយផ្ទាល់ទៅគ្រួសារនៅទីក្រុងភោជនីយដ្ឋាន ឬសូម្បីតែអ្នកទិញនៅក្រៅប្រទេស ។ ពួកគេក៏អាចរៀបចំការលក់សប្បុរសធម៌ ការបរិច្ចាគអាហារ ឬព្រឹត្តិការណ៍ចម្អិនអាហារសហគមន៍ ដែលមានផលជួយដល់ផលិតផលដែលជន់នៅលើទីផ្សារ ។
វីដេអូ ឬអត្ថបទ ដែលផលិតបានយ៉ាងល្អអំពីផលិតផលកសិកម្មនីមួយៗវិធីសាស្ត្រចម្អិន វិធីសាស្ត្រកែច្នៃ ដែលរំលេចពីរឿងរ៉ាវរបស់កសិករម្នាក់ៗ ឬអ្នកកែច្នៃជោគជ័យ គឺវាអាចទាក់ទាញអ្នកមើលរាប់ពាន់នាក់ជួនកាលរាប់លាននាក់ ហើយនៅពេលនោះ វាក៏អាចជាការជួយផ្សព្វផ្សាយទីផ្សារដល់កសិករផងដែរ ។

ក្រៅពីនោះពួកគេក៏គួរជួយបង្កើតនូវមាតិកាណា ដែលនិយាយអំពីរបៀបចម្អិន និងកែច្នៃអាហារជាច្រើនប្រភេទ ជាក់ស្តែងដូចជា ល្ពៅឲ្យបានច្រើន ។ មកដល់ពេលនេះ ជាទូទៅប្រជាពលរដ្ឋដឹងនឹងស្គាល់នូវគុណតម្លៃនៃផ្លែឈើ ឬបន្លែតាមរដូវនានា ប៉ុន្តែទោះបីជាយ៉ាង ណាក៏ដោយពួកគេមិនដឹង ឬក៏នឹកឃើញទាំងអស់នោះទេ ។
ជាទូទៅសាធារណៈជនទូទៅនឹកឃើញតែរបៀបចម្អិនតែ២ទៅ៣មុខប៉ុណ្ណោះ ។ ប៉ុន្តែធាតុពិត គឺករណីជាក់ស្តែងដូចជា ល្ពៅ គឺគេអាចកែច្នៃបានរាប់សិបមុខ ។ ការដែលគេនឹកឃើញតិចនេះ ហើយដែលធ្វើឲ្យពួកគេសុញគំនិត ហើយធុញមិនប្រើប្រាស់ល្ពៅបន្ត ។

នៅក្នុងស្ថានភាពបែបនេះ អ្នកបង្កើតមាតិកាសង្គមគួរតែបង្កើតមាតិកាណែនាំពលរដ្ឋអំពីរបៀបនៃការកែច្នៃ និងបញ្ជីមុខម្ហូបផ្សេងៗគ្នាទៅតាមតំបន់តាមសហគមន៍ដើម្បីណែនាំប្រាប់ពលរដ្ឋ ដូច្នេះពួកគេអាចនឹងដឹង ហើយមានគំនិតនៅក្នុងការបន្តប្រើប្រាស់បន្លែ ឬក៏ផ្លែឈើដែលកំពុងតែសល់កាន់តែច្រើន ។ នៅពេលដែលពលរដ្ឋដឹងវិធីកែច្នៃ និងប្រើប្រាស់បន្លែ ឬអនុផលកសិកម្ម ដែលកំពុងតែចាលច្រើននៅលើទីផ្សារបានច្រើនមុខពួកគេក៏អាចណែនាំដល់ក្រុមគ្រួសារ ឬច្នៃធ្វើម្ហូបអាហារផ្គត់ផ្គង់ជូនគ្រួសារបន្ថែម ។ ដូច្នេះ តម្រូវការក៏នឹងកើនឡើង ។

សរុបសេចក្តីមក នៅពេលដែលកសិករកំពុងតស៊ូជាមួយផលនៃដំណាំដែលកំពុងជន់ពេញទីផ្សារ និងតម្លៃធ្លាក់ចុះអ្នកបង្កើតមាតិកាសង្គម និងក្រុមអ្នកដែលរកចំណូលពីអនឡាញ អាចក្លាយជាសម្ព័ន្ធមិត្តដ៏សំខាន់ ។ ជាមួយនឹងភាពច្នៃប្រឌិត ឥទ្ធិពល និងអារម្មណ៍នៃទំនួលខុសត្រូវសង្គមពួកគេអាចនាំមកនូវការយល់ដឹងជំរុញតម្រូវការ និងសូម្បីតែបើកទីផ្សារថ្មីសម្រាប់កសិករដែលកំពុងជួបការលំបាក។ ក្នុងយុគសម័យឌីជីថល ការជួយសង្គមមិនតែងតែត្រូវការលុយធំនោះទេ ជួនកាលវាគ្រាន់តែត្រូវការរឿងល្អ និងឆន្ទៈប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ