ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​កណ្ដុរ​អាំង​នៅ​«​អូរ​តា​គី»​នៅ​មាន​ទីផ្សារ​ ​តែ​ធ្លាក់​ចុះ​អតិថិជន​ដែល​មិន​ធ្លាប់​មាន​​

24 វិនាទី មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖  «ទីផ្សារ​សត្វ​កណ្ដុរ​អាំង​នៅ​តែ​រក្សា​បាន​នូវ​តំលៃ​ស្ថេរ​ដដែល  តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ ធ្លាក់​ចុះ​អតិថិជន​ច្រើន ដែល​មិន​ធ្លាប់​ ។  ខ្ញុំ​ធ្លាប់​លក់​មួយ​ថ្ងៃ​អស់​ចន្លោះ​ពី​៦០ ​ទៅ​៨០​គីឡូក្រាម  តែ​បច្ចុប្បន្ន​…

ខេត្តបាត់ដំបង​ ៖  «ទីផ្សារ​សត្វ​កណ្ដុរ​អាំង​នៅ​តែ​រក្សា​បាន​នូវ​តំលៃ​ស្ថេរ​ដដែល  តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ ធ្លាក់​ចុះ​អតិថិជន​ច្រើន ដែល​មិន​ធ្លាប់​ ។  ខ្ញុំ​ធ្លាប់​លក់​មួយ​ថ្ងៃ​អស់​ចន្លោះ​ពី​៦០ ​ទៅ​៨០​គីឡូក្រាម  តែ​បច្ចុប្បន្ន​ លក់​អស់​ត្រឹ​ម​តែ​ជាង​១០​គីឡូក្រាម​តែ​ប៉ុណ្ណោះ​» ​។ នេះ​ជា​ការ​លើក​ឡើង​របស់​អ្នកលក់​សត្វ​កណ្ដុរ​អាំង​ដី​ល្បី​ជាង​២០​ឆ្នាំ​កន្លង​ទៅ​នេះ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​អូរ​តា​គី ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល​ ។

នៅ​វេលា​ចាប់ពី​ម៉ោងជាង​១០​ព្រឹក​តទៅ  ជា​ពេលវេលា​ដែល​មនុស្ស​ម្នា​ធ្វើ​ដំណើរ​យ៉ាង​មមារញឹក​លើ​ដងផ្លូវ​ជាតិ​លេខ​៥  ឆ្លងកាត់​ក្លិន​ផ្សែង​ដ៏​ឈ្ងុយជាប់​ច្រមុះ ដែល​បង្ហើរ​ចេញពី​ចង្ក្រាន​អាំង​កណ្ដុរ​នៅ «​អូរ​តា​គី​» តែ​ហាក់​មិន​ធ្វើ​ឲ្យ​ពួក​គេ​ចាប់​អារ​ម្ម​ណ៍​ដូច​ពេល​មុន​ៗ​ឡើយ បើ​ទោះជា​ក្នុង​ចំណោម​អ្នកដំណើរ​មួយ​ចំនួន​ធ្លាប់​ចុះ​ទិញ​វិច​ខ្ចប់​កណ្ដុរ​អាំង​គ្រប់​ជើង​យក​ទៅ​ទ​ទួល​ទាន​ក្ដី​ ។

​មាន​ប្រវត្តិ​អាំង​សត្វ​កណ្ដុរ​លក់​ជាង​២០​ឆ្នាំ​កន្លង​មក នៅ​ភូមិ​អូរ​តា​គី  ​លោក ថន កែវ បាន​និយាយ​ប្រាប់​កោះសន្តិភាព កាលពី​ព្រឹក​ថ្ងៃ​ទី​០៣ កក្កដា ដូច្នេះ​ ថា «​បច្ចុប្បន្ន​នេះ ​ទីផ្សារ​កណ្ដុរ​អាំង​នៅ​រក្សា​បាន​តំលៃ​ដដែល តែ​ធ្លាក់​ចុះ​អតិថិជន​ខ្លាំង ដែល​មិន​ធ្លាប់​មាន​ពី​មុន​ៗ​មក​» ។

គាត់​គ្រវីក្បាល​នៅ​ក្បែរ​ចង្ក្រាន​អាំង​សត្វ​កណ្ដុរ​ដ៏​ធំ​របស់​គាត់ ជាមួយនឹង​ការ​បង្ហាញ​នូវ​ស្នាមញញឹម​ស្ងួតលាយឡំ​នឹង​សំណើច​ក្អាក​​ក្អា​យ​ខ្លះ​ៗ មុន​ពេល​ឆ្លើយ​នឹង​សំ​ណួរ​កោះសន្តិភាព​៖ តើ​សត្វ​កណ្ដុរ​អាំង​លក់ដាច់​ទេ​សព្វ​ថ្ងៃនេះ​?  ស្ទើរ​មិន​ទាន់​ចប់​សំណួរ​ផង គាត់​បាន​ផ្ដល់​ចម្លើយ​បែប​ត្អូញត្អែរ​ថា «ស្ងាត់​ណាស់​បង​អើយ​..! កណ្ដុរ​នៅ​តែ​មាន​លក់ តែ​ភ្ញៀវ​ធ្លាក់​ចុះ​ខ្លាំង  ប្រហែល​ដោយសារ​បញ្ហា​សេដ្ឋកិច្ច​ ។   ធ្លាប់តែ​លក់​មួយ​ថ្ងៃ​ៗ​អស់​ចន្លោះ​ពី​៦០ ទៅ​៨០​គីឡូក្រាម  តែ​សព្វ​ថ្ងៃនេះ​ លក់​អស់​ត្រឹ​ម​តែ​ជាង​១០​គីឡូក្រាម​ប៉ុណ្ណោះ​» ។

​តាម​ការ​មើលឃើញ​ជាក់ស្ដែង  កាលពី​ថ្ងៃ​ទី​០៣ កក្កដា  រយៈពេល​ប្រហែល​មួយ​ម៉ោង ទើប​គេ​ឃើញ​អតិថិជន​ឈប់​រថយន្ត​ចុះ​ទិញ​ម្ដង ​។ ខុស​ពី​ពេល​មុន​ៗ ដែល​សំបូរ​អ្នកដំណើរ​ឈប់​យានយន្ត​ចោមរោម​ទិញ​កណ្ដុរ​អាំង​ដ៏​ឈ្ងុយ​ឆ្ងាញ់​ ។ សព្វថ្ងៃ​ នៅ​ភូមិ​អូរ​តា​គី មាន​អ្នក​អាំង​កណ្ដុរ​លក់​ត្រឹម​តែ​០៤​កន្លែង​ប៉ុណ្ណោះ​ ។  នេះ​បើ​តាម​លោក ថន កែវ អ្នក​អាំង​កណ្ដុរ​លក់​ចាស់វស្សា​ជាងគេ​បាន​និយាយ​ប្រាប់ ​។

​ប្រវត្តិ​នៃ​សត្វ​កណ្ដុរ​អាំង​នៅ​ភូមិ​អូរ​តា​គី​​ហាក់​ល្បីល្បាញ និង​មាន​ភាព​ទាក់ទាញ​ភ្ញៀវ​ខ្លាំង​បំផុត​ក្នុង​អំ​ឡុង​​ មុន​ពេល​មេរោគ ​«​កូ​វី​ដ​១៩» បាន​ផ្ទុះ​ឡើង​ ។ ​គ្រាហ៍​នោះ​ មិន​ត្រឹ​ម​តែ​ភ្ញៀវ​ជាតិ​ទេ ​ដែល​និយម​ទ​ទួល​ទាន​សត្វ​កណ្ដុរ​អាំង​នៅ​ «​ផ្សារ​កណ្ដុរ​អាំង​អូរ​តា​គី​» សូ​ម្បី​តែ​ជនបរទេស​គ្រប់​សញ្ជាតិ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់ ក៏​ត្រូវ​ឈប់​ «ភ្លក្ស​រសជាតិ​កណ្ដុរ​អាំង​»ដែរ ​។​

លោក ថន កែវ វ័យ​៤៨​ឆ្នាំ និង​ភរិយា​របស់​គាត់​ឈ្មោះ អុល ស្រី​លក្ខ​ណ៏ វ័យ​៤៧​ឆ្នាំ  ជា​ស្ថាបនិក «​អាំង​សត្វ​កណ្ដុរ​លក់​មុនគេ​» នៅ​ភូមិ​អូរ​តា​គី ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល​ ។​ នេះ​បើ​និយាយ​ពី​ប្រវត្តិ​អ្នកលក់​កណ្ដុរ​អាំង​នៅ​«អូរ​តា​គី​» ។

​លោក ថន កែវ បាន​បញ្ជាក់​ពី​ប្រវត្តិ​នេះ​ដូច្នេះ​ថា ​«​ខ្ញុំ​ជា​អ្នក​ចាប់ផ្ដើម​លក់​សត្វ​កណ្ដុរ​អាំង​នេះ​មុនគេ​នៅ​ភូមិ​អូរ​តា​គី​ ។  ដំបូង​ខ្ញុំ​លក់​ត្រឹម​​តែ​មួយ​ថាស​ៗ​ប៉ុណ្ណោះ​ ។  ប៉ុន្តែ​នៅ​ពេល​ខ្ញុំ​លក់ដាច់​កាន់តែ​ច្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ខ្ញុំ​ក៏​ចាប់ផ្ដើម​ពង្រីក​ទាំង​ចង្ក្រាន​អាំង​កណ្ដុរ  បង្កើន​​ទាំង​ចំនួន​សត្វ​កណ្ដុរ​អាំង រហូត​បង្កើត​ជា​ហាង ឬ​ខ្យូ​ស​សម្រាប់​អតិថិជន​អង្គុយ​លេង ឬ​ទ​ទូល​ទាន​អាហារ​តែ​ម្ដង​ ។

​ហើយ​បើ​គិត​មក​ដល់​សព្វ​ថ្ងៃនេះ ខ្ញុំ​និង​ភរិយា​បាន​ប្រកប​មុខរបរ​អាំង​កណ្ដុរ​លក់ រយៈពេល​ជាង​២០​ឆ្នាំ​កន្លង​មក​ហើយ​»​ ។

​ដោយឡែក អ្នកស្រី អុល ស្រី​លក្ខ​ណ៍​ ដែល​កំពុង​មមារញឹក​លើក​កណ្ដុរ​ដាក់​អាំង​លើ​ច​ង្ក្រា​ន ក៏​បាន​រំលឹក​ពី​ប្រវត្តិ​នៃ​មុខរបរ​អាំង​កណ្ដុរ​នេះ​ដែរ​ថា «អតិថិជន​និយម​ទ​ទួ​ល​ទាន​កណ្ដុរ​អាំង​ទើបតែ​ធ្លាក់​ចុះ​ខ្លាំង នា​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ​ ។  ធ្លាប់តែ​លក់​អស់​មួយ​ថ្ងៃ​ចន្លោះ​ពី​៦០ ទៅ​៨០​គីឡូក្រាម តែ​ពេល​នេះ​ បែរជា​ធ្លាក់​មក​នៅ​ត្រឹ​ម​តែ​ជាង​១០​គី​ឡូ​ក្រាម ​។  ខ្ញុំ​ហាក់​មិនដឹង​ពី​មូលហេតុ​អ្វី ដែល​នាំ​ឲ្យ​អតិថិជន​ធ្លាក់​ចុះ​ដូច្នេះ​ទេ? ខ្ញុំ​គ្រាន់តែ​ដឹង​ថា  តម្លៃ​កណ្ដុរ​អាំង​នៅ​តែ​ដដែល តែ​បាត់បង់​អតិថិជន» ​។

​បើ​តាម​អ្នកស្រី អុល ស្រី​លក្ខ​ណ៍ បាន​បញ្ជាក់​ថា  តំលៃ​កណ្ដុរ​អាំង​មាន​ចាប់ពី​១,០០០​រៀល រហូត​ដល់​១០,០០០​រៀល​ក្នុង​មួយ​ក្បាល ទៅ​តាម​ទំហំ​តូច ឬ​ធំ​ ។ ​ហើយ​មាន​តែ​ចំនួន​០៤​តូប​​ប៉ុណ្ណោះ ដែល​បាន​បន្ត​អាំង​កណ្ដុរ​លក់​សព្វ​ថ្ងៃនេះ  ខណៈ​អ្នកទិញ​កាន់តែ​មាន​​ចំនួន​ថយ​ចុះ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ