ប្រទេសព័រទុយហ្គាល់ ៖ ខ្សែប្រយុទ្ធកំពុងឡើងជើងខ្លាំង Viktor Gyokeres កាលពីថ្មីៗនេះ ត្រូវបានរាយការណ៍ថា សម្រេចចែកផ្លូវជាមួយមិត្តស្រីដ៏ស្រស់ស្អាតជាតារាសម្តែងរបស់ខ្លួន ដើម្បីបំពេញមហិច្ឆតា និងក្តីស្រមៃសម្រាប់អាជីពបាល់ទាត់។
បច្ចុប្បន្នខ្សែប្រយុទ្ធឆ្នើមសញ្ជាតិស៊ុយអែត Viktor Gyokeres វ័យ២៧ឆ្នាំរបស់ក្លិបយក្សព័រទុយហ្គាល់ Sporting Lisbon កំពុងតែក្លាយជាគោលដៅដ៏ធំរបស់ក្លិប Arsenal និង Manchester United នៅទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។ ទោះយ៉ាងណាក៏ដោយ អំឡុងពេលក្លិបយក្សពីចក្រភពអង់គ្លេសទាំងពីរ កំពុងដុតដៃដុតដាក់សំណើសម្រាប់ខ្សែប្រយុទ្ធក្រុមជម្រើសជាតិស៊ុយអែតរូបនេះ ស្រាប់តែលេចចេញរបាយរាយការណ៍មកថា Gyokeres បានចែកផ្លូវជាមួយមិត្តស្រីជាតារាសម្តែងល្បីជនជាតិព័រទុយហ្គាល់របស់ខ្លួន គឺកញ្ញា Ines Aguiar ដោយសារតែនៅតែចង់ចាកចេញពីក្លិប Sporting Lisbon នៅរដូវក្តៅនេះ។
តាមប្រភពពីទូរទស្សន៍ព័រទុយហ្គាល់ Guia បានរាយការណ៍ថា គូស្នេហ៍មួយគូបានបញ្ចប់ទំនាក់ទំនងគ្នា មុនពេល Gyokeres បានចាកចេញពីប្រទេសព័រទុយហ្គាល់ទៅវិស្សមកាលរដូវក្តៅនៅប្រទេសក្រិក។ អ្វីដែលធ្វើឱ្យគេជឿថា អ្នកទាំងពីរបែកគ្នានោះ បន្ទាប់ពី Aguiar មិនបានចូលរួមជាមួយ Gyokeres នៅក្នុងពិធីមង្គលការមិត្តរួមក្រុម Sporting Lisbon របស់មិត្តប្រុសនាង គឺ Morten Hjulmand និង Emilie Sofie Nissen ដែលប្តីប្រពន្ធថ្មីថ្មោងមួយគូនេះ ក៏ជាអ្នកជិតស្និទ្ធនឹង Aguiar ផងដែរ។
កាន់តែច្បាស់ជាងនេះទៀត តារាសម្តែងរូបស្រស់សោភារូបនេះ បានធ្វើវិស្សមកាលទៅកាន់កោះ Formentera ក្នុងប្រទេសអេស្ប៉ាញ ខណៈពេលដែលមិត្តប្រុសនាងកំពុងតែវិស្សមកាលនៅកោះ Mykonos ក្នុងប្រទេសក្រិក។ ទូរទស្សន៍ Guia ក៏បានរាយការណ៍ទៀតថា Gyokeres បានប្រាប់ Aguiar អំពីការសម្រេចចិត្តបញ្ចប់ទំនាក់ទំនងស្នេហ៍គ្នា មុនពេលពួកគេចេញដំណើរទៅវិស្សមកាល។ ល្មើសពីនេះទៀត ប្រភពជិតស្និទ្ធនឹងខ្សែប្រយុទ្ធឆ្នើមរូបនេះ បានបង្ហើបថា Gyokeres បានសម្រេចចិត្តថា គេមិនចង់បានអ្វីមួយ ចងគេនៅក្នុងប្រទេសព័រទុយហ្គាល់នោះទេ ជាពិសេសដោយសារតែគេបានសម្រេចចិត្តរួចហើយថានឹងមិនបន្តនៅជាមួយក្លិប Sporting Lisbon នៅរដូវកាលក្រោយ។
ប្រភពពីប្រព័ន្ធផ្សព្វផ្សាយព័រទុយហ្គាល់បានរាយការណ៍ថា Gyokeres បានជ្រើសរើស Arsenal ជាទិសដៅអាជីពបន្ទាប់របស់ខ្លួន ហើយភាគីទាំងពីរកំពុងស្ថិតលើតុពិភាក្សានៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ។ ដំបូងឡើយ លេចចេញពាក្យចចាមអារ៉ាមថាមានកិច្ចព្រមព្រៀងក្រៅផ្លូវការរវាងភាគីទាំងពីរ ដោយក្លិប Sporting ចង់បាន៧០លានអឺរ៉ូពីការផ្ទេរ Gyokeres។ ប៉ុន្តែឥឡូវនេះ តម្លៃត្រូវបានរាយការណ៍ថាបានកើនដល់១០០លានអឺរ៉ូហើយ។
សូមជម្រាបថា Viktor Gyokeres បានផ្លាស់ពីក្លិប Coventry City នៅលីគលំដាប់ទី២អង់គ្លេសមកចូលរួមជាមួយ Sporting Lisbon កាលពីឆ្នាំ២០២៣ ដោយបានបង្ហាញខ្លួនសរុប ១០២ប្រកួត និងស៊ុតបញ្ចូលទីបាន ៩៧គ្រាប់ ដោយជួយក្រុមឈ្នះជើងឯកលីគកំពូលព័រទុយហ្គាល់២រដូវកាលជាប់គ្នា និងពាន Taça de Portugal ផងដែរ៕ ដកស្រង់ ៖ Daily Mail និង New York Post
ចែករំលែកព័តមាននេះ