ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានការ​និយាយ​ច្រើន​នៅ​កម្ពុជា​អំពី​សង្គ្រាមលោក​លើក​ទី​៣ ដោយ​ចោទ​ជា​សំនួ​រថា តើ​វា​នឹង​កើតឡើង​ហើយ​កម្ទេច​ពិភពលោក​ទាំងមូល​ឬ​យ៉ាងណា ? ប៉ុន្តែ​យើង​មិនសូវ​បាន​និយាយ ដល់​អ្វី​ដែល​ហៅ​ថា សង្គ្រាម Cyber war ឬ​និយាយ​អោយ​សាមញ្ញ…

មានការ​និយាយ​ច្រើន​នៅ​កម្ពុជា​អំពី​សង្គ្រាមលោក​លើក​ទី​៣ ដោយ​ចោទ​ជា​សំនួ​រថា តើ​វា​នឹង​កើតឡើង​ហើយ​កម្ទេច​ពិភពលោក​ទាំងមូល​ឬ​យ៉ាងណា ? ប៉ុន្តែ​យើង​មិនសូវ​បាន​និយាយ ដល់​អ្វី​ដែល​ហៅ​ថា សង្គ្រាម Cyber war ឬ​និយាយ​អោយ​សាមញ្ញ សង្គ្រាម​លើ​បណ្តាញ​អ៊ី​ន​ធើ​ណិ​ត ។ ខណ​:​ដែល​កម្ពុជា​កំពុង​មាន​ភាព​តានតឹង​ជាមួយ​ថៃ វា​ជា​ពេលវេលា​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន​សង្គ្រាម​តាម​អ៊ី​ន​ធើ​ណិ​ត​នេះ ពីព្រោះ​វា​ជា​សមរភូមិ​ចិត្តសាស្ត្រ​និង​ការ​លុកលុយ​បំផ្លាញ​ទិន្ន័យ​ផង​ដែរ និង ជម្លោះ​តាម​រូបភាព​ដទៃ​ទៀត នៅ​លើ​បណ្តាញ​អ៊ី​ន​ធើ​ណិ​ត​។

រូបតំណាងដោយ AI

សភាពការណ៍​នៅ​តំបន់​ព្រំដែន​នៅ​មិន​ទាន់​ធូរស្រាល​នៅឡើយ​ទេ ខណៈ​ដែល​ពេល​នេះ​វា​បាន​កំពុង​តែ​រីក​រាលដាល​ពី​ការ​ប៉ះទង្គិច​ដោយ​អាវុធ មក​ដល់​សេដ្ឋកិច្ច ហើយ​បាន​កំពុង​តែ​វិវត្តន៍​ដល់​ការ​តានតឹង ការទូត​ថែម​ទៀត​។ មក​ដល់​ពេល​នេះ​រាល់​មុខព្រួញ​នៃ​ភាព​តានតឹង​បាន​កំពុង​តែ​ដាក់​ចេញ​និង​បាន​ឆ្លើយ​តប​ទៅ​វិញ​ដ៏​មាន​ប្រសិទ្ធភាព ដោយសារ​តែ​ការ​ត្រៀមលក្ខណៈ​ទុកជា​មុន​។ ប៉ុន្តែ​កុំ​ភ្លេច​ច្រក​មួយ ទៀត​ឫ​អាច​ហៅ​ថា​សង្គ្រាម​សម័យ​ថ្មី​នោះ​គឺ “Cyber War” ឬ​និយាយ​អោយ​សាមញ្ញ​សង្គ្រាម​តាម​អ៊ី​ន​ធើ​ណិ​ត ។

នៅ​លើ​ពិភពលោក​បច្ចុប្បន្ន​នេះ សង្គ្រាម​តាម​អ៊ី​ន​ធើ​ណិ​ត ដែល​យើង​ហៅ​វា​ថា«Cyber War » វា​ក៏​ជា​មុខព្រួញ​នៃ​សង្គ្រាម​មួយ​ដែល​មិន​គួរ​ប្រហែស​ដែរ ពីព្រោះ​វា​ក៏​ជា​ចំណុច​ឆ្អឹងខ្នង​ដ៏​សំខាន់​នៅ​ក្នុង​ចរន្ត នៃ​សង្គ្រាម​ឫ​ការ​ប្រឈម​មុខ​របស់​គូរ​បដិបក្ខ នៅ​ក្នុង​យុគសម័យ​នៃ​បញ្ញា​សិប្បនិម្មិត​និង​ឌី​ជី​ថ​ល ។ «Cyber War» វា​អាច​ជា​រូបភាព​នៃ​សង្គ្រាម​ថ្មី​សម្រាប់​កម្ពុជា ប៉ុន្តែ​សម្រាប់​អ្នកជំនាញ​គឺ​ពិតជា​ដឹង​។ ដូច្នេះ​យើង​មិន​គួរ​មើល​ស្រាល​វា​ជា​ដាច់ខាត​។ នៅ​ក្នុង​សម័យនេះ ជីវភាព​របស់​មនុស្ស​បាន កំពុង​តែ​រស់នៅ​ក្នុង​ពិភព​នៃ​បច្ចេកវិទ្យា​ព័ត៌មាន​ដ៏​ស្មុគស្មាញ ហើយ​ក៏​ស៊ាំ​ញាំ​មួយ​រួច​ទៅ​ហើយ​។

រូបតំណាងដោយ AI

នៅ​ពេល​នេះ «Cyber War» គឺ​បាន​កំពុង​តែ​កើត​មាន​ជា​ច្រើន​នៅ​លើ​ពិភពលោក​នេះ ។ សង្គ្រាម​នេះ គេ​មិន​អាច​មើលឃើញ​ឈាម ឬ​ការ​ស្លា​.​ប់​ជីវិត​មនុស្ស ឬ​ក៏​គ្រោះ​មហន្តរាយ​ក៏​ដូច​ជា សេចក្តី​សោកសង្រេង​ដូច​ជា សង្គ្រាម​ស​ញ្វា​វុ​ធ​ឡើយ ប៉ុន្តែ​ទំហំ​នៃ​ផល​ប៉ះពាល់​អាច​ធ្ងន់ធ្ងរ ។ សង្គ្រាម​ប្រភេទ​នេះ មិន​ត្រូវការ​អាវុធ និង​ទាហាន​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ វា​ជា​ជម្លោះ​ដែល​កំពុង​បន្ត​ស្ងប់ស្ងាត់ នៅ​ក្នុង​អ៊ី​ន​ធើ​ណិ​ត ហើយ​ក្រុម​ជន​ដែល​ប្រឡូក​នៅ​ក្នុង​សង្គ្រាម​នេះ គឺ​ត្រូវ​បាន​គេ​ហៅ​ថា គឺ​ក្រុម Hacker ។

មក​ដល់​ពេល​នេះ សម្រាប់​សង្គ្រាម​ដែល​កំពុង​តែ​ផ្ទុះ​ក្តៅ​គគុក​ដូច​ជា នៅ​អ៊ី​ស្រា​អែ​ល និង​អ៊ី​រ៉​ង់ គេ​បាន​សន្និដ្ឋាន​ថា ក្រៅពី​ប្រទេស​ទាំង​ពីរ​ជាប់ដៃ​ធ្វើសង្គ្រាម​ដោយ​អាវុធ​នឹង​គ្នា​ក៏​ពិតមែន ក៏​គេ​ជឿជាក់​ដែរ​ថា ភាគី​ទាំង​ពីរ​ក៏​បាន​កំពុង​តែ​លេង​ហ្គេ​ម​នៃ​សង្គ្រាម «Cyber War» នេះ​ផង​ដែរ ។ រីឯ​សង្គ្រាម​រវាងរ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន ក៏​ត្រូវ​បាន​គេ​វិភាគ​ថា ក៏​វា​មាន​បង្កប់​នូវ​បញ្ហា​នេះ​ផង​ដែរ ។

ដោយឡែក សម្រាប់​អា​មេ​រិ​ក និង​កូរ៉េ​ខាងជើង ក៏​មក​ដល​ពេល​នេះ គឺ​នៅ​តែ​មាន​សេចក្តីរាយការណ៍​អំពី​សង្គ្រាម​ថ្មី​នេះ​ផង​ដែរ ។ កន្លង​មក​មាន សេចក្តីរាយការណ៍​ជា​ច្រើន​ដែល​ថា ក្រុម Hacker កូរ៉េ​ខាងជើង បាន​លុកលុយ​អា​មេ​រិ​ក ហើយ​ក៏​មាន​សេចក្តីរាយការណ៍​ថា ក្រុម Hacker រុ​ស្ស៊ី​ក៏​បាន​លុកលុយ​អា​មេ​រិ​ក​នៅ​តាម​រូបភាព​សង្គ្រាម «Cyber War» នេះ​ដោយ​ស្ងប់ស្ងាត់​ផង​ដែរ ។

រូបតំណាងដោយ AI

ដោយឡែក ការ​ប្រកួតប្រជែង​ដ៏​ស៊ីជម្រៅ រវាង​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ធំ​ៗ ដែល​មាន​ដូច​ជា ChatGPT ជាមួយនឹង DeepSeek ក៏​អាច​ចាត់​ទុកដាក់​ជា​សង្គ្រាម​ដ៏​ខ្លាំងក្លា​មួយ​ផង​ដែរ ។

សរុប​ទៅ សូមកុំ​លេងសើច​នឹង «Cyber War » ។ វា គឺជា​រូបភាព និង​ជា​បញ្ហា​ប្រឈម​ថ្មី ដែល​យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន ។ វា​ក៏​ជា​សមរភូមិ​ដែល​មាន​ឥទ្ធិពល​និង​ផល​ប៉ះពាល់​គួរសម​មក​ដល់​កម្ពុជា​យើង ។ នៅ​ពេល​ដែល​មាន​ភាព​តានតឹង គេ​នឹង​លេង​គ្រប់​យុទ្ធវិធី និង​តាក់​ទិ​ក​ទាំងអស់ ។

នៅ​ក្នុង​ពេល​ដែល​មានការ​ប្រកួតប្រជែង​គ្នា ជា​ពិសេស គឺ​អរិភាព​នឹង​គ្នា​បញ្ហា​សីលធម៌ អាច​នឹង​ត្រូវ​គេ​មើល​រំលង ហើយ​អាច​រិះរក​គ្រប់​បញ្ហា ដើម្បី​លុកលុយ ។ ដូច្នេះ​ការ​ប្រុង​ប្រយ័ត្ន និង​ការ​ត្រៀមខ្លួន គឺជា​រឿង​ដែល​ត្រូវ​តែ​ចាំបាច់​ត្រូវធ្វើ​ជា​បន្ទាន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ