ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនឆបោកម្នាក់ ប្រកាស​រៃ​អង្គាសប្រាក់​ជួយ​កងកម្លាំង​នៅ​ព្រំដែន​ជួរ​មុខ

11 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​បញ្ជា​ដឹកនាំ​របស់​លោកនាយ​ឧត្ដមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​តាម​ការ​ចង្អុល​ណែនាំ​ពី ឧត្ដមសេនីយ៍ឯក អគ្គស្នងការ​រង​នគរបាល​ជាតិ កាលពី​ថ្ងៃ​ទី​២៧…

រាជធានី​ភ្នំពេញ ៖ យោង​តាម​បញ្ជា​ដឹកនាំ​របស់​លោកនាយ​ឧត្ដមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​តាម​ការ​ចង្អុល​ណែនាំ​ពី ឧត្ដមសេនីយ៍ឯក អគ្គស្នងការ​រង​នគរបាល​ជាតិ កាលពី​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៥ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​បើក​ការ​ស្រាវជ្រាវ ករណី​ផ្សព្វផ្សាយ​ឆបោក​ប្រាក់​ក្រោម​រូបភាព​រៃ​អង្គាសប្រាក់ ក្នុង​នាម​កងកម្លាំង​ជួរ​មុខ​នៅ​ព្រំដែន និង​បង្ហោះ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ពី​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម ។

ដោយ​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នាយកដ្ឋាន​បាន​ឃាត់ខ្លួន​ជនសង្ស័យ ០១​រូប ឈ្មោះ ទ​.​ស​.​ប ភេទ​ប្រុស ។ តាម​ការ​ស្រាវជ្រាវ សមត្ថកិច្ច​កំណត់​បាន​ថា ជនសង្ស័យ​រូប​នេះ ពិត​បាន​ប្រើប្រាស់​គណនី និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន ដើម្បី​ធ្វើការ​ឆបោក​ប្រាក់ ដោយ​ប្រកាស​ស្វែងរក​ជំនួយ​សប្បុរសធម៌ ក្រោម​រូបភាព​ជា​កងកម្លាំង​នៅ​តំបន់​ជួរ​មុខ ព្រមទាំង​ផ្សព្វផ្សាយ​នូវ​វី​ដេ​អូ​ក្លែងក្លាយ​អំពី​ការ​ផ្ទុះអាវុធ ដែល​នាំ​ឱ្យ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មានការ​ភាន់ច្រឡំ ថា មាន​សង្គ្រាម​កើតឡើង​នៅ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​នាយកដ្ឋាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់ ។

នាយកដ្ឋាន​សូម​ក្រើនរំលឹក​ដល់​សាធារណជន រាល់​ការ​បង្ហោះ​ខ្លឹមសារ រូបភាព ឬ​វី​ដេ​អូ អ្វីមួយ សូម​បញ្ជាក់​ឱ្យ​ច្បាស់​ពី​ប្រភព និង​កន្លែង​កើតហេតុ ជៀសវាង​ធ្វើ​ឱ្យ​មានការ​ភាន់ច្រឡំ ពី​សាធារណជន​។ បន្ថែម​ពី​នោះ​ក៏​សូម​ពិនិត្យ និង​ពិចារណា​ឱ្យ​បាន​ច្បាស់​នូវ​គោលបំណង​ក្នុង​ការ​បង្ហោះ​ខ្លឹមសារ រូបភាព ឬ​វី​ដេ​អូ​ណាមួយ ដែល​ធ្វើ​ឱ្យ​សាធារណជន​ភ្ញាក់ផ្អើល ក្នុង​ន័យ​ទាញ​យក​ការ​ចាប់អារម្មណ៍ ឬ​ប្រជាប្រិយភាព ឬ​កេង​ចំនេញ​ផលប្រយោជន៍​មក​បុគ្គល ដែល​រាល់​ការ​បង្ហោះ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ក្លែងក្លាយ ព័ត៌មាន​បំពុលសង្គម ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម គឺជា​អំពី​ខុសច្បាប់ និង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ