រាជធានីភ្នំពេញ ៖ ក្រុមប្រឹក្សាធម្មនុញ្ញបានបញ្ជាក់ថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីដកហូតសញ្ជាតិអាចធ្វើទៅបាន ។

នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ នាសាលសវនាការ អគារ ស វិមានរដ្ឋចំការមន ក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យ ពិភាក្សា និងរៀបចំសេចក្ដីក្រាបបង្គំទូលថ្វាយមតិចំពោះព្រះរាជសារចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ របស់ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ពិគ្រោះ មតិក្រុមប្រឹក្សាធម្មនុញ្ញលើសេចក្ដីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។

ជាលទ្ធផលនៃកិច្ចប្រជុំពេញអង្គ ក្រុមប្រឹក្សាធម្មនុញ្ញក្រាបបង្គំទូលថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះសេចក្តីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាអាចធ្វើទៅបាន ។

គួររំលឹកថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ
សភា បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ពិចារណាក្នុងការធ្វើវិសោធនកម្មច្បាប់ ដើម្បីដកសញ្ជាតិជនទាំងឡាយ ដែលឃុបឃិតជាមួយបរទេសបំផ្លាញខ្មែរ។

សម្តេចតេជោលើកឡើងថា សម្ដេចមិនចង់លើកពីបញ្ហាជាតិសាសន៍ឯង ខណៈកំពុងមានបញ្ហាជាមួយបរទេសនោះទេ ប៉ុន្ដែមានពលរដ្ឋខ្មែរខ្លះប្រឆាំងជ្រុលពេកមិនគិតផលប្រយោជន៍ជាតិ ។
សម្ដេចតេជោបន្តថា កម្ពុជាបានផ្ញើលិខិតទៅតុលាការអន្តរជាតិរួចហើយ ប៉ុន្ដែបែរជាមានបងប្អូនប្រឆាំងមួយចំនួនបានទាមទារឱ្យបង្ហាញការបោះត្រា ឬការបញ្ជាក់អ្វីជាដើម ។ បងប្អូនប្រឆាំងក៏ប្រឆាំងទៅចុះ ប៉ុន្ដែកុំជ្រុលនិយមពេក ។ តុលាការគេមាននីតិវិធីរបស់តុលាការមិនអាចយកពាក្យបណ្ដឹងណាមួយ ទៅបង្ហាញមុនពេលកាត់ក្ដីទេ មិនថា តុលាការ ជាតិ ឬអន្តរជាតិ ពីព្រោះបើយើងធ្វើមិនស្រួល តុលាការមានសិទ្ធិព្យួរបណ្ដឹងរបស់កម្ពុជាបាន ។

ជាមួយគ្នានោះដែរ សម្ដេចតេជោបានចោទជាសំណួរទៅកាន់ពួកប្រឆាំងថា តើអ្នកនៅជាមួយជាតិ ឬអ្នកនៅជាមួយអ្នកផ្សេង? ខណៈពេលនេះ ម៉ោងនេះ កម្ពុជាកំពុងតែមានក្តីក្តាំងជាមួយសត្រូវ ហេតុអ្វីពួកអ្នកទាមទារឱ្យរាជរដ្ឋាភិបាលបង្ហាញភស្តុតាងលើសំណុំរឿងកម្ពុជាប្តឹងទៅកាន់តុលាការទីក្រុងឡាអេ រឿងតំបន់មុំបី ប្រាសាទតាមាន់ តាមាន់តូច និងតាក្របីនោះ? រឿងនេះ គឺជារឿងសម្ងាត់របស់តុលាការ ។ ដូច្នេះ រាជរដ្ឋាភិបាល មិនតម្រូវតាមក្រុមប្រឆាំងទាំងនោះ ដើម្បីឱ្យខូចផលប្រយោជន៍ជាតិទាំងមូលនោះ
ឡើយ ។
ភ្ជាប់ជាមួយការពន្យល់នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដោយស្នើទៅរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ សូមពិនិត្យមើលការស្នើសុំធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ទាក់ទងនឹងការដកសញ្ជាតិពលរដ្ឋកម្ពុជាណា ដែលឃុបឃិតជាមួយបរទេសបំផ្លាញខ្មែរ ប្រឆាំងខ្មែរក្នុងកាលៈទេសៈវិវាទព្រំដែនជាមួយថៃ ៕
ចែករំលែកព័តមាននេះ