រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានប្រាប់នាយករដ្ឋមន្ត្រីសិង្ហបុរីថា ប្រសិនបើនៅតែបំពាន និងឈ្លានពាន កម្ពុជាគឺយើងត្រូវប្រើសិទ្ធិការពារនៅវ៉ៃបកត្រឡប់ទៅវិញ ។

ការលើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ខណៈបានទទួលជួបឯកឧត្ដម Lawrence Wong នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី នាព្រឹកថ្ងៃទី២ កក្កដា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភាក្នុងឱកាសឯកឧត្តមអញ្ជើញដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបសម្ដេចតេជោក៏បានចែករំលែកអំពីស្ថានភាពបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសម្ដេចបានបញ្ជាក់ពីមូលហេតុដែលបានកើតឡើង គឺផ្ដើមឡើងដោយទាហានថៃចូលមកបាញ់សម្លាប់ទាហានកម្ពុជា កាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅនេះ និងថៃបានបិទព្រំដែនជាឯកតោភាគី និងការគំរាមកំហែងផ្សេងៗជាច្រើនទៀត ។

សម្ដេចបានបញ្ជាក់ថា កម្ពុជាទាំងសម្ដេចធិបតី និងសម្ដេចផ្ទាល់ គឺមិនចង់មានបញ្ហាសង្គ្រាមជាមួយប្រទេសជិតខាងនោះទេ គឺកម្ពុជាចង់ដោះស្រាយបញ្ហាដោយសន្តិវិធី និងឈរលើច្បាប់អន្តរជាតិ ប៉ុន្តែប្រសិនបើនៅតែបំពាន និងឈ្លានពានកម្ពុជាគឺយើងត្រូវប្រើសិទ្ធិការពារនៅវៃបកត្រឡប់ទៅវិញ ។
នៅក្នុងជំនួបឯកឧត្តមនាយកដ្ឋមន្ដ្រីសិង្ហបុរី ក៏បានអរគុណចំពោះសម្ដេចតេជោ ដែលបានពន្យល់អំពីបញ្ហាព្រំដែន និងគោលបំណងនៃការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់កម្ពុជា ។ ឯកឧត្តមសង្ឃឹមថា ភាគីទាំងពីរនឹងដោះស្រាយបញ្ហាដោយសន្ដិវិធី ដោយឈរលើគោលការច្បាប់អន្តរជាតិ ។ ឯកឧត្តមក៏បានបង្ហាញក្ដីរីករាយចំពោះទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរដោយមានការរីកចម្រើនជាលំដាប់ ជាពិសេស នៅឆ្នាំនេះ គឺជាខួបទី៦០ឆ្នាំនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្លូវការវាងប្រទេសទាំងពីរ ។

ក្នុងឱកាសនោះ សម្ដេចតេជោបានលើកឡើងអំពីការពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរបន្ថែមទៀត ជាពិសេស តាមរយៈវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិស័យទេសចរណ៍ប្រទេសទាំងពីរផងដែរ ។
ជាមួយគ្នានោះដែរ សម្ដេចតេជោចង់ឱ្យមានជើងហោះហើរ កាន់តែច្រើនបន្ថែមទៀត ពីសិង្ហបុរីមកកាន់កម្ពុជា ជាពិសេស នៅពេលដែលកម្ពុជាដាក់ឱ្យដំណើរការព្រលានយន្តហោះអន្តរជាតិតេជោថ្មីនាពេលឆាប់ខាងមុខ ៕
ចែករំលែកព័តមាននេះ