រាជធានីភ្នំពេញ ៖ នៅវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី០២ កក្កដានេះ ព្រះតេជគុណព្រះភិក្ខុ មហានរិន្ទ ថន ហៅលោកឪស៊ុច បាននិមន្តមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយមានវត្តមាន ឯកឧត្ដម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញតំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញទៅទទួល ខណៈដែលព្រះតេជគុណព្រះភិក្ខុ មហានរិន្ទ ថន ហៅលោកឪស៊ុច បានសម្រេចព្រះទ័យមកពីបរទេសចូលមកកម្ពុជា ដោយមិននិមន្តទៅប្រទេសថៃវិញជាដាច់ខាត ។

នៅវេលាម៉ោង១១ថ្ងៃដដែល ឯកឧត្ដម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញតំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងព្រះគ្រូនាគសត្ថា សុខុមោ នី សុវណ្ណមុនីរ៉េត តំណាងព្រះបវរមុនី ងិន ឃីម ព្រះចៅអធិការវត្តនាគវ័ន បាននិមន្ត និងជូនដំណើរព្រះតេជគុណព្រះភិក្ខុ មហានរិន្ទ ថន ហៅលោកឪស៊ុច ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មកដល់វត្តនាគវន្ត ក្នុងខណ្ឌទួលគោក ប្រកបដោយសុវត្ថិភាពហើយ ។ ព្រះតេជគុណ ព្រះភិក្ខុ មហានរិន្ទ ថន ហៅលោកឪ ស៊ុច ជាព្រះសង្ឃមួយអង្គ មានស្រុកកំណើតនៅខេត្តបូរីរាំ ព្រះរាជាណាចក្រថៃ ។

ការនិមន្តមកប្រទេសកម្ពុជា ពីសំណាក់ព្រះតេជគុណព្រះភិក្ខុ មហានរិន្ទ ថន ហៅលោកឪស៊ុច នាពេលនេះ គឺក្រោយពីមានការស្វាគមន៍យ៉ាងកក់ក្តៅ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។ ជាងនេះទៅទៀត ខណៈព្រះអង្គនិមន្តមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី០២ កក្កដានេះ គេបានឃើញមានព្រះសង្ឃ និងតាជី យាយជី រាប់រយនាក់បាននិមន្ត និងអញ្ជើញមកទទួលស្វាគមន៌ព្រះតេជគុណព្រះភិក្ខុ មហានរិន្ទ ថន ហៅលោកឪស៊ុច ផងដែរ ។
ព្រះតេជគុណព្រះភិក្ខុ មហានរិន្ទ ថន ហៅលោកឪស៊ុច ជាព្រះសង្ឃមួយអង្គដែលតែងតែមានសង្ឃដីកាពិត និងទេសនាអ្វីដែលជាសច្ចភាពបច្ចុប្បន្ន និងអនាគត ចែកជូនដល់ពុទ្ធបរិស័ទ្ធជានិច្ច ហើយអ្វីដែលលោកឪមានសង្ឃដីកាចុងក្រោយនេះក៏ជាពាក្យពិត ដែលធ្វើឱ្យថៃខ្លាចការពិត ខ្លាចសច្ចធម៌ មិនហ៊ានប្រឈមមុខនឹងច្បាប់អន្តរជាតិ ។

ព្រះអង្គមានព្រះទ័យ សប្បាយរីករាយណាស់ ដោយព្រះអង្គតូចទាប មិនមានបុណ្យស័ក្តិអ្វីទេ តែត្រូវបានសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីឱ្យព្រះអង្គនិមន្តមកប្រទេសកម្ពុជា ដោយការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ។ ចំពោះផែនការមកកម្ពុជាថា តើ នឹងត្រូវនិមន្តបន្តទៅណានោះ ព្រះអង្គមានសង្ឃដីកាថា មិនទាន់មានគម្រោងទៅណានៅឡើយទេ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសរសេរសំណេរក្នុងហ្វេសបុករបស់សម្តេចហើយថា ៖ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំព្រះករុណាផ្ទាល់ ខ្ញុំសូមស្វាគមន៍ព្រះតេជគុណ ព្រះភិក្ខុ មហានរិន្ទ ថន ហៅលោកឪស៊ុច គ្រប់ពេលវេលា ។ មិនត្រឹមតែចំពោះព្រះតេជគុណ លោកឪស៊ុចទេ បើសិនជាមានព្រះតេជគុណព្រះថេរានុថេរៈអង្គណា ឬបងប្អូនប្រជាពលរដ្ឋខ្មែរណាម្នាក់ដែលទទួលរងនូវការរើសអើង ឬការមាក់ងាយ ដោយសារតែខ្លួនជាខ្មែរ ឬដោយសារមានសង្ឃដីកា ឬបញ្ចេញមតិការពារនូវយុត្តិធម៌ សេចក្តីថ្លៃថ្នូរ និងភាពត្រឹមត្រូវរបស់កម្ពុជា ក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន ខ្ញុំព្រះករុណាខ្ញុំ សូមនិមន្ត និងអញ្ជើញព្រះតេជគុណ និងបងប្អូនមករស់នៅនៅប្រទេសកម្ពុជា ។

រាជរដ្ឋាភិបាល និងប្រជាជនខ្មែរ ស្វាគមន៍ព្រះតេជគុណ និងបងប្អូនគ្រប់ពេលវេលា ហើយធានាថា នឹងមិនមានការរើសអើង ឬចាប់ជនជាតិខ្មែរយើងបញ្ជូនទៅប្រទេសណាផ្សេងនោះទេ ។
ទាក់ទងនឹងការទទួលស្វាគមន៍ព្រះភិក្ខុ មហានរិន្ទ ថន ហៅលោកឪស៊ុច សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានអះអាងថា វាមិនមែនជារឿងថ្មីនោះឡើយ ព្រោះកម្ពុជាក៏ធ្លាប់ជួយដល់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន និងលោក យ៉ីងឡាក់ ដែលជាឪពុកបង្កើត និងម្តាយមីងបង្កើត របស់នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្នផងដែរ ៕





ចែករំលែកព័តមាននេះ