វៀតណាម ៖ ប៉ូលិសទីក្រុងហាណូយ បានប្រកាសកាលពីថ្ងៃអង្គារ ទី០១ កក្កដា ២០២៥ថា សិស្សពីរនាក់ កំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទលួចថតសំណៅដើមវិញ្ញាសា ហើយផ្ញើទៅសួររកចម្លើយពីកម្មវិធី AI អំឡុងពេលប្រឡងសញ្ញាបត្រ(បាក់ឌុប)ថ្នាក់ជាតិ កាលពីថ្ងៃទី២៦ និង២៧ ខែមិថុនា កន្លងមក ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម Vnexpress បានឲ្យដឹងថា ការស៊ើបអង្កេត រកឃើញដំបូង ក្នុងចំណោមពួកគេម្នាក់ បានលួចយកទូរសព្ទដៃចូលក្នុងបន្ទប់ប្រឡងនៅទីក្រុងហាណូយ កាលពីថ្ងៃទី២៦ ខែមិថុនា ហើយបានថតរូបក្រដាសសំណួរគណិតវិទ្យា។ បន្ទាប់មក រូបគេបានបង្ហោះរូបភាពទាំងនោះទៅក្នុងកម្មវិធី StudyX ដើម្បីសួររកចម្លើយ ប៉ុន្តែអាចសរសេរចម្លើយបានតែពីរប៉ុណ្ណោះ ក៏ត្រូវអនុរក្សបន្ទប់ចាប់បាន ។ រូបគេបានធ្វើរឿងដដែលនេះនៅថ្ងៃបន្ទាប់ អំឡុងពេលប្រឡងគីមីវិទ្យា និងរូបវិទ្យា ប៉ុន្តែមិនទាន់ច្បាស់ថា ហេតុអ្វីបានជាអនុរក្សត្រួតពិនិត្យបន្ទប់ មិនបានផ្អាករូបគេ បន្ទាប់ពីចាប់បានលើកដំបូងនោះ ? ។
ប៉ូលិសរកឃើញទៀតថា យុវជនម្នាក់ទៀត ក៏បានប្រើទូរសព្ទដៃ ដើម្បីថតសំណួរគណិតវិទ្យា ប្រវត្តិវិទ្យា និងភាសាអង់គ្លេស ហើយប្រើប្រាស់កម្មវិធី AI ឈ្មោះ Gemini ។ ភ្លាមៗអ្នកត្រួតពិនិត្យ ចាប់បានការលួចចម្លងវិញ្ញាសាទាំងនេះ ហើយបានផ្អាកសិស្សនោះ ។
ប៉ូលិសបាននិយាយថា ប្រសិនបើស៊ើបអង្កេតរកឃើញសិស្សទាំង២នាក់ ពិតជាមានជាប់ពាក់ព័ន្ធនឹងការលួចចម្លងវិញ្ញាសាពីកម្មវិធី AI នឹងត្រូវដកសិទ្ធិប្រឡង ហើយលទ្ធផលប្រឡងរបស់ពួកគេ ក៏នឹងត្រូវលុបចោល ហើយអាចប្រឈមនឹងវិធានការរដ្ឋបាលតាមច្បាប់ ។
ករណីនេះនៅកន្លែងផ្សេងទៀត ប៉ូលិសខេត្តឡាំដុង ក៏បានប្រកាសកាលពីថ្ងៃសុក្រដែរថា ពួកគេកំពុងស៊ើបអង្កេតសិស្សប្រុសម្នាក់ទៀត ពីបទ«លួចចម្លងវិញ្ញាសា ដោយប្រើឧបករណ៍បច្ចេកវិទ្យា»។ សិស្សប្រុសម្នាក់នោះ ត្រូវអនុរក្សចាប់បានពេលប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាខ្ពស់ ដើម្បីបញ្ជូនសំណួរប្រឡងជាអក្សរសាស្ត្រ ទៅមិត្តភ័ក្តិខាងក្រៅ ដើម្បីឆ្លើយសំនួរដោយប្រើកម្មវិធី ChatGPT។ រូបគេបានទិញកាសឥតខ្សែ(រាងតូច) និងកាមេរ៉ាទំហំតូច បានលាក់កាមេរ៉ានោះលើខ្លួន ដោយលួចយកវាចូលក្នុងបន្ទប់ប្រឡងជាមួយទូរសព្ទរបស់គេ។ ប្រហែល១៥-២០នាទី បន្ទាប់ពីការប្រឡងបានចាប់ផ្តើម រូបគេបានបើកកាមេរ៉ា ដែលវាអាចថតបញ្ជូនសំណួរទៅខាងក្រៅ ។
ឆ្នាំ២០២៥នេះ មានសិស្សវៀតណាមជាង ១.១៦លាននាក់ បានចូលរួមការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ថ្នាក់ជាតិ។ ការប្រឡងមាន ៤មុខវិជ្ជា ដោយគណិតវិទ្យា និងអក្សរសាស្ត្រ ជាមុខវិជ្ជាចាំបាច់។ បន្ទាប់មក សិស្សជ្រើសរើសមុខវិជ្ជាបន្ថែមជាច្រើន រួមមាន ៖ ភាសាបរទេស ប្រវត្តិវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ភូមិវិទ្យា អប់រំសេដ្ឋកិច្ច និងច្បាប់ ព័ត៌មានវិទ្យា និងបច្ចេកវិទ្យា។ ការប្រឡងនេះ ដោយពិន្ទុរបស់ពួកគេ(និទ្ទេស) ត្រូវបានប្រើប្រាស់បន្ថែមសម្រាប់ការប្រឡងចូលសាកលវិទ្យាល័យផងដែរ ៕


ចែករំលែកព័តមាននេះ