ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានក្រុង​ក្រុម​កំពូល​តារាង​លី​គ​កំពូល​ចិន​ត្រូវ​រឹបអូស ​ព្រោះ​​បំណុ.ល ប.ង្ខំ​ឱ្យ​កីឡាករ​ខ្លះ​ត្រូវ​ជួល​កង់​ជិះ​ទៅ​ផ្ទះ

1 ថ្ងៃ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ កីឡាករ​បាល់ទាត់​មួយ​ចំនួន​របស់​ក្រុម Beijing Guoan ត្រូវ​បាន​បង្ខំចិត្ត​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​ជួល​ជិះ​កង់ បន្ទាប់​ពី​រថយន្តក្រុង​ដឹក​កីឡាករ​របស់​ក្រុម ដែល​បច្ចុប្បន្ន​កំពុង​ឈរ​នៅ​កំពូល​តារាង​លី​គ​កំពូល​ចិន (CSL) មួយ​នេះ…


ទីក្រុង​ប៉េ​កាំ​ង ៖ កីឡាករ​បាល់ទាត់​មួយ​ចំនួន​របស់​ក្រុម Beijing Guoan ត្រូវ​បាន​បង្ខំចិត្ត​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​ជួល​ជិះ​កង់ បន្ទាប់​ពី​រថយន្តក្រុង​ដឹក​កីឡាករ​របស់​ក្រុម ដែល​បច្ចុប្បន្ន​កំពុង​ឈរ​នៅ​កំពូល​តារាង​លី​គ​កំពូល​ចិន (CSL) មួយ​នេះ ត្រូវ​បាន​រឹបអូស ដោយសារ​រឿង​ជំពាក់​បំណុល​។

បើ​យោង​តាម​កាសែត South China Morning Post កាលពី​ថ្មី​ៗ​នេះ បាន​ចេញផ្សាយ​រូបភាព​ដែល​ត្រូវ​បាន​ចែកចាយ​កក្រើក​បណ្តាញ​ទំនាក់ទំនង​សង្គម កាលពី​ថ្ងៃ​ទី​២៨ ខែមិថុនា កន្លង​ទៅ ដោយ​បង្ហាញ​ឱ្យ​ឃើញ​រថយន្តក្រុង​ដឹក​កីឡាករ​ក្រុម Beijing Guoan ត្រូវ​បាន​រថយន្ត​សណ្តោង​អូស​ចេញ​ទៅ ក្រោម​ការ​បង្កា​ប់​បញ្ជា​ពី​តុលាការ​ប្រជាជន​កម្រិត​មធ្យម​ទីក្រុង​ប៉េ​កាំ​ង​។ ជា​លទ្ធផល យ៉ាង​ហោច​ណាស់​កីឡាករ​បរទេស ៣ នាក់ រួម​មាន ខ្សែបម្រើ​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់ Guga ខ្សែបម្រើ​សញ្ជាតិ​ប្រេ​ស៊ី​ល Dawhan ព្រមទាំង​ខ្សែបម្រើ​ប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​ល Serginho ត្រូវ​បង្ខំចិត្ត​ជួល​កង់​សាធារណៈ ដើម្បី​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ បន្ទាប់​ពី​ការ​ហ្វឹកហាត់​។

ក្រុមហ៊ុន​អចលនទ្រព្យ Sinobo Group ដែល​មាន​ភាគហ៊ុន ៦៤% នៅ​ក្នុង​ក្លិប Beijing Guoan ត្រូវ​បាន​រាយការណ៍​ថា​កំពុង​ជាប់បំណុល​ទឹកប្រាក់ ៣,៦៨​ពាន់​លាន​យន់ ឬ​ស្មើ ៥១៣​លាន​ដុល្លារ​អា​មេ​រិ​ក​។

ទោះបីជា​មានការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ​យ៉ាងណា​ក្តី ក៏​ក្លិប​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉េ​កាំ​ង ដែល​បង្កើត​ឡើង​ដំបូង​នៅ​ឆ្នាំ​១៩៩២​មួយ​នេះ បាន​បន្ត​ការ​វិនិយោគ​យ៉ាងច្រើន​ក្នុង​ក្រុម​របស់​ពួក​គេ​នៅ​រដូវ​កាល​នេះ​។ ក្លិប​ក៏​បាន​តែងតាំង​អតីត​គ្រូបង្វឹក​ក្លិប Barcelona លោក Quique Setien ជា​គ្រូបង្វឹក​ក្រុម​បុរស​ឈុត​ធំ និង​បាន​ចុះហត្ថលេខា​នាំ​យក​កីឡាករ​ថ្មី​រហូត​ដល់​៧​នាក់​ថែម​ទៀត​ផង​។

ឆ្លងកាត់​១៦​ប្រកួត​កន្លង​មក​រដូវ​កាល​នេះ Beijing Guoan កំពុង​កាន់កាប់​កំពូល​តារាង​ក្រប​ខណ្ឌ​លី​គ​កំពូល​ចិន​បណ្តោះអាសន្ន ដោយ​មាន​៣៨​ពិន្ទុ ស្មើ​ពិន្ទុ​ជាមួយ​ក្រុម​លេខ​២ Shanghai Shenhua ដ្បិត​សល់​១៤​ប្រកួត​ទៀត ដើម្បី​កំណត់​ម្ចាស់​ជើងឯក​រដូវ​កាល​នេះ​។ Beijing Guoan ធ្លាប់​គ្រង​ជើងឯក​លី​គ​កំពូល​ចិន​១​លើក​ក្នុង​ឆ្នាំ​២០០៩ ហើយ​បាន​បញ្ចប់​ជា​ក្រុម​ជើងឯក​រង​៤​លើក​ក្នុង​ឆ្នាំ ២០០៧, ២០១១, ២០១៤ និង​២០១៩​។

សូម​ជម្រាប​ថា ការ​ក្ស័យធន​របស់​ក្លិប​បាល់ទាត់​ចិន​បាន​ក្លាយជា​រឿង​ធម្មតា​ទៅ​ហើយ នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ជា​ពិសេស​បន្ទាប់​ពី​ការ​ផ្ទុះ​ឡើង​វិបត្តិ​អចលនទ្រព្យ​ក្នុង​ឆ្នាំ​២០២១ និង​វិបត្តិ​ហិរញ្ញវត្ថុ​ដែល​កំពុង​តែ​បន្ត​។ ជាក់ស្តែង បំណុល​កើនឡើង​ក្នុង​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ Evergrande Group ដ៏​ធំ​មួយ​របស់​ចិន បាន​បង្ខំ​ឱ្យ​ក្លិប Guangzhou Evergrande ដែល​ធ្លាប់​ជា​មហាអំណាច​កីឡាបាល់ទាត់​របស់​ចិន ត្រូវ​បង្ខំចិត្ត​រំសាយ​នៅ​ក្នុង​ខែមករា​ដើមឆ្នាំ​នេះ​។

ការ​ធ្លាក់​ចុះ​ដំណើរការ​លី​គ​ក្នុងស្រុក ក៏​បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ក្រុម​ជម្រើស​ជាតិចិន​ផង​ដែរ ខណៈ​ដែល​ថ្មី​ៗ​នេះ ក្រុម​ជម្រើសជាតិ​បុរស​ឈុត​ធំ​ចិន អស់​ឱកាស​ទៅ​កាន់ការ​ប្រកួត​ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ​២០២៦ ក្រោយ​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​ជុំ​ទី​៣​ប្រចាំ​ទ្វីប​។ លើស​ពី​នេះ​ទៀត មន្ត្រី​មួយ​ចំនួន​ពី​សមាគម​កីឡាបាល់ទាត់​ចិន (CFA) រួម​ទាំង លោក Chen Xuyuan អតីត​ប្រធាន​សមាគម និង​អតីត​គ្រូបង្វឹក​ជម្រើសជាតិ លោក Li Tie ត្រូវ​បាន​ចាប់ខ្លួន បន្ទាប់​ពី​មានការ​ចោទប្រកាន់​ពី​បទ​ពុក​រលួយ និង​ស៊ីសំណូក​។

យ៉ាងណាមិញ ក្រោម​ការ​ដឹកនាំ​របស់​ប្រធាន​ថ្មី លោក Song Kai សមាគម​កីឡាបាល់ទាត់​ចិន កំពុង​តែ​ផ្តោត​ការ​យកចិត្តទុកដាក់​ខ្លាំង​បន្ថែម​ទៀត លើ​ការ​អភិវឌ្ឍន៍​យុវជន​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ផ្លាស់​ប្តូរ សម្រាប់​អនាគត​បាល់ទាត់​របស់​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ធំ​ទី​២​ពិភពលោក​មួយ​នេះ​៕ ដកស្រង់ ៖ VnExpress

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ