បញ្ហាស្ត្រីខ្មែរចង់បានស្វាមីជាជនបរទេស វាមាននៅក្នុងសង្គមកម្ពុជាតាំងពីយូរមកហើយ ។ រហូតដល់ពេលនេះ នៅតែមានអ្នកដែលចង់បានរហូតដល់ធ្លាក់ខ្លួនក្លាយជាជនរងគ្រោះ ព្រោះអំពើជួញដូរមនុស្ស ។ ពីមុនៗមកគោលដៅភាគច្រើន គឺអឺរ៉ុប កូរ៉េខាងត្បូង…
បញ្ហាស្ត្រីខ្មែរចង់បានស្វាមីជាជនបរទេស វាមាននៅក្នុងសង្គមកម្ពុជាតាំងពីយូរមកហើយ ។ រហូតដល់ពេលនេះ នៅតែមានអ្នកដែលចង់បានរហូតដល់ធ្លាក់ខ្លួនក្លាយជាជនរងគ្រោះ ព្រោះអំពើជួញដូរមនុស្ស ។

ពីមុនៗមកគោលដៅភាគច្រើន គឺអឺរ៉ុប កូរ៉េខាងត្បូង កោះតៃវ៉ាន់ ហើយចិន ។ មកដល់ឥឡូវ អារម្មណ៍នៃភាពត្រេកត្រអាលចង់បានស្វាមីបរទេស ព្រោះតែចង់រំដោះខ្លួនពីស្ថានភាពមួយទៅមួយ គឺនៅតែមាន ។ ដូច្នេះហើយបានជាតាមកំណត់ត្រារបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ នៅតែកត់ត្រាអំពីករណីនារីជនរងគ្រោះ ដល់ទៅជាង១០០នាក់ ប៉ុន្តែគ្រាន់តែគោលដៅនោះ គឺឃើញមានតែចិនមួយទេ ។
តាមស្ថិតិដែលផ្សព្វផ្សាយ នៅលើបណ្តាញសង្គមលោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានឲ្យដឹងថា គិតត្រឹមរយៈពេល៦ខែ នៃឆ្នាំ២០២៥នេះ មន្ត្រីសមត្ថកិច្ចជំនាញបានទប់ស្កាត់ករណីសង្ស័យថា ជាជនរងគ្រោះនៅក្នុងអំពើជួញដូរមនុស្សដែលភាគច្រើនជាស្ត្រីត្រូវគេអូសទាញរៀបការជាមួយស្វាមីបរទេសនោះ សរុប១០៤នាក់ ហើយក៏បានផ្ដល់កិច្ចសហការសម្របសម្រួលទទួលស្ត្រីខ្មែរជាជនរងគ្រោះនៃអំពើជួញដូរមនុស្សនៅប្រទេសចិន ចំនួន៧៨ករណី ដែលមានចំនួនសរុបដល់ទៅ១៨៧នាក់ ។ តួរលេខនេះមិនតិចឡើយ ហើយក៏ជាសក្ខីកម្មដ៏ប្រត្យកដែលបញ្ជាក់ថា ស្ត្រីខ្មែរនៅតែបន្តរងគ្រោះ ព្រោះតែករណីចង់បានស្វាមីជាជនបរទេសនេះ ។

តើហេតុអ្វី បានជាស្ត្រីខ្មែរ នៅតែបន្តមានទំនោរចេះតែចង់បានស្វាមីជាជនបរទេស? រឿងនេះប្រហែលជាមិនពិបាកយល់ឡើយ គឺដោយសារតតែហេតុផលពួកគេចង់រំដោះខ្លួនចេញពីស្ថានភាពនៃជីវភាពបច្ចុប្បន្ននៅក្នុងប្រទេស ហើយមួយចំណែកក៏អាចជាឥទ្ធិពលនៃបណ្តាញសង្គមផងដែរ ។
មកដល់ពេលនេះ មានស្ត្រីខ្មែរមួយចំនួន ដែលខ្លួនបានជោគជ័យខ្លួនមានសុភមង្គល ដោយសារតែការសម្រេចចិត្តត្រូវ ដែលអាចមានវាសនាចាប់ដៃគូជីវិត នៅក្រៅប្រទេស បានចែករំលែកបទពិសោធន៍នេះបទពិសោធន៍នោះតាមបណ្តាញសង្គម ។ ស្ត្រីផ្សេងទៀតក៏ចាប់អារម្មណ៍ ហើយចំពេលដែលមានពួកមេអណ្តើកខិលខូចមួយចំនួន មកចាក់ចេកចាក់ស្ករអន្ទងចុះ អន្ទងឡើង ទៀតក៏បាក់ចិត្ត ។
ពីមុនមកដោយសារតែលក្ខខណ្ឌច្បាប់នៅកម្ពុជា មានសភាពធូរលុង ក្រុមជនបរទេសដែលមានបំណងមករកភរិយាជាស្ត្រីខ្មែរ គឺភាគច្រើនមករៀបការនៅក្នុងប្រទេសផ្ទាល់ៗ ប៉ុន្តែដើម្បីការពារពលរដ្ឋលក្ខខណ្ឌច្បាប់ក៏កាន់តែរឹតបន្តឹង ហើយលក្ខខណ្ឌនឹងតម្រូវការក៏មានការប្រែប្រួល ។ ដូច្នេះជំនួសឲ្យបុរសទាំងនោះមករៀបការនៅក្នុងស្រុក ក៏បង្វែរទៅរៀបការនៅក្រៅស្រុក ។
តាមការអង្កេតស្ត្រី ដែលត្រូវបានអន្ទង ត្រូវក្រុមមេអណ្តើករៀបចំ នៅក្នុងនាមជាអ្នកទេសចរ ហើយធ្វើដំណើរទៅគោលដៅដែលគេរៀបចំ ។ ដូច្នេះហើយ ទើបស្ត្រីកម្ពុជានៅតែបន្តរងគ្រោះនឹងបញ្ហានេះដដែល ។ នៅក្នុងវីដេអូឃ្លឹបដែលបង្ហោះកន្លងមក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ជនសង្ស័យរងគ្រោះភាគច្រើនត្រូវបានអូសទាញឱ្យទៅរៀបការដោយខុសច្បាប់ជាមួយជាជនបរទេសបានធ្វើឡើងជាក្រុមៗ ។

ឆ្លើយនឹងសំណួរថា តើមន្ត្រីនគរបាលអន្តោប្រវេសន៍ ប្រើវិធីសាស្ត្របែបណាទើបអាចសន្និដ្ឋានដឹង អំពីរឿងនេះ លោកឧត្តមសេនីយ៍ឯក បានឱ្យដឹងថា ករណីសង្ស័យបានស្ដែងឡើងជាអាទិ៍ ស្ត្រីរងគ្រោះមានវ័យក្មេងៗ ខ្លះធ្វើដំណើរទៅក្រៅប្រទេសដោយគ្មានគោលដៅ ឬថាទៅដើរលេង ។ ប៉ុន្តែធាតុពិត ពួកនាងមិនដឹងដើរលេងនៅឯណាឱ្យពិតប្រាកដ ឬខ្លះគ្មានទាំងថវិកាសមស្រប សម្រាប់ធ្វើដំណើរទៅក្រៅប្រទេស និងខ្លះទៀតស្ដែងអាការៈមិនប្រក្រតីនៅចំពោះមុខសមត្ថកិច្ចតែម្ដង ។
លោកឧត្តមសេនីយ៍ឯក បានបន្ថែមថា បន្ទាប់ពីមានការសង្ស័យ សមត្ថកិច្ចជំនាញបានសាកសួរព័ត៌មានបឋម និងរាយការណ៍ទៅកាន់មន្ត្រីជំនាញពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីសាកសួរ និងស្រាវជ្រាវលម្អិតរហូតឈានទៅសន្និដ្ឋានបានថា អ្នកទាំងនោះបានចាញ់បោកមេខ្យល់ អូសទាញលួងលោម ទាំងតាមរយៈចិត្តសាស្ត្រ ទឹកប្រាក់សម្ភារៈនិយម និងការផ្ដល់ក្ដីសង្ឃឹមផ្សេងៗ ៕
ចែករំលែកព័តមាននេះ