កម្ពុជាដែលជាប្រទេសមួយរងនូវគំនាបពន្ធបដិការខ្ពស់ជាងគេមួយ ហើយក៏ជាប្រទេសមួយដ៏សកម្មនៅក្នុងចំណោមប្រទេស១៨ ដែលកំពុងតែខិតខំធ្វើការចរចាជាមួយនឹងរដ្ឋបាលសហរដ្ឋអាមេរិកជាបន្តបន្ទាប់ ប៉ុន្តែរហូតមកដល់ពេលនេះ កម្ពុជាក៏នៅមិនទាន់ដឹងថា ខ្លួនអាចនឹងបញ្ចុះបញ្ចូលអាមេរិកបានយ៉ាងណាដែរ ខណៈដែលឱសានវាទនៃការកំណត់ពេលកាន់តែគៀក ដោយសល់ពេលត្រឹមមួយសប្តាហ៍ទៀតប៉ុណ្ណោះ ។ ចាប់តាំងពីលោក…
កម្ពុជាដែលជាប្រទេសមួយរងនូវគំនាបពន្ធបដិការខ្ពស់ជាងគេមួយ ហើយក៏ជាប្រទេសមួយដ៏សកម្មនៅក្នុងចំណោមប្រទេស១៨ ដែលកំពុងតែខិតខំធ្វើការចរចាជាមួយនឹងរដ្ឋបាលសហរដ្ឋអាមេរិកជាបន្តបន្ទាប់ ប៉ុន្តែរហូតមកដល់ពេលនេះ កម្ពុជាក៏នៅមិនទាន់ដឹងថា ខ្លួនអាចនឹងបញ្ចុះបញ្ចូលអាមេរិកបានយ៉ាងណាដែរ ខណៈដែលឱសានវាទនៃការកំណត់ពេលកាន់តែគៀក ដោយសល់ពេលត្រឹមមួយសប្តាហ៍ទៀតប៉ុណ្ណោះ ។

ចាប់តាំងពីលោក ដូណាល់ ត្រាំ ប្រធានាធិបតី បានប្រកាសពន្យាពេល៩០ថ្ងៃឲ្យក្រុមប្រទេសនានាធ្វើការចរចាពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិកមកកម្ពុជា បានបើកការចរចាជាបន្តបន្ទាប់ទាំងទៅចរចាដោយផ្ទាល់ នៅវ៉ាស៊ីនតោន និងតាមអនឡាញ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏នៅមិនទាន់អាចសម្រេចបានកិច្ចព្រមព្រៀងគ្នាមួយច្បាស់លាស់នៅឡើយទេ ។
កិច្ចចរចាចុងក្រោយ គឺបានធ្វើនៅថ្ងៃទី២៥ ខែមិថុនា កន្លងទៅថ្មីៗរវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជាតាមប្រព័ន្ធវីដេអូអនឡាញជាមួយនឹងតំណាង ពាណិជ្ជកម្មសហរដ្ឋអាមេរិកដឹកនាំដោយ លោកស្រី សារ៉ាហ្វ អេល័មេន (Sarah Ellerman) អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអមេរិកទទួលបន្ទុកតំបន់អាស៊ីអគ្នេយ៍ និងប៉ាស៊ីហ្វិក ។
បន្ទាប់ពីកិច្ចប្រជុំនេះបានបញ្ចប់ គឺភាគីទាំងពីរបានត្រឹមតែបញ្ជាក់ពីការត្រៀមខ្លួនសម្រាប់កិច្ចប្រជុំចរចាជុំបន្ទាប់ និងបានប្តេជ្ញាចិត្តបន្តធ្វើការជាមួយគ្នា ដើម្បីឈានទៅសម្រេចរួម ដែលបម្រើផលប្រយោជន៍នៃប្រទេសទាំងពីរប៉ុណ្ណោះ ។ មកដល់ពេលនេះ កិច្ចចរចាជុំបន្ទាប់នៅមិនទាន់ដឹងអំពីការបរិច្ឆេទនៅឡើយទេ ខណៈដែលឱសានវាទនៃការដាក់កំណត់ពន្ធបដិការដែលលោកត្រាំ បានប្រកាស កាលពីថ្ងៃទី០២ ខែមេសា គឺនឹងត្រូវដល់កំណត់នៅក្នុងរង្វង់ថ្ងៃទី០៩ ខែកក្កដា ខាងមុខដ៏ខ្លីនេះ ។
ពាក់ព័ន្ធនឹងបញ្ហាពន្ធបដិការនេះ កន្លងមកមានការលើកឡើងថា សហរដ្ឋអាមេរិកអាចនឹងពន្យាពេលវេលាខ្លះបន្ថែមទៀត ប៉ុន្តែតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានអេភី លោក ត្រាំ បានបញ្ជាក់ហើយថា លោកគ្មានគម្រោងពន្យាពេលអនុវត្តពន្ធបដិការនោះទេ ។ លោកបាននិយាយថា រដ្ឋបាលរបស់លោកនឹងជូនដំណឹងដល់ប្រទេសនានាថា សហរដ្ឋអាមេរិកនឹងអនុវត្តទៅតាមកំណត់ពន្ធដែលសម្រេច ប្រសិនបើមិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មទេនោះ ។ លោកបានអះអាងថា លិខិតជូនដំណឹងអំពីការកំណត់ពន្ធនេះនឹងចេញឆាប់ៗនេះ ហើយសេចក្តីជូនដំណឹងនេះនឹងចេញមុនពេលកាលបរិច្ឆេទមកដល់ ។
លោកបានបន្តថា លិខិតអាចនឹងផ្ញើរទៅតាមសាមីប្រទេសដោយបញ្ជាក់ថា រដ្ឋបាលលោកនឹងអនុញ្ញាតឲ្យពលរដ្ឋអាមេរិកត្រូវបង់ពន្ធលើទំនិញទៅតាមកំណត់ពន្ធ១០ភាគរយ ឬ២៥ភាគរយ ឬ៣០ភាគរយ ឬ៥០ភាគរយ ទៅតាមអ្វីដែលប្រកាសកាលពីខែមេសា។
ជាការពិត នៅក្នុងចំណោមប្រទេស ដែលរកកំណត់ពន្ធជាង១៨០ប្រទេសកម្ពុជា ជាប្រទេស១ នៅក្នុងចំណោមប្រទេស១៨ ដែលបានធ្វើការចរចាជាមួយនឹងសហរដ្ឋអាមេរិកយ៉ាងសកម្ម ប៉ុន្តែលទ្ធផលនៃការចរចានៅមិនទាន់មាន ហើយចាប់ពីពេលនេះ ដល់ឱសានវាទ គឺមានពេលត្រឹមតែជាងមួយសប្តាហ៍ ប៉ុណ្ណោះ ។

តាមសិ្ថតិដែលកត់ត្រា ដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឲ្យដឹងថា នៅក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២៥ ការនាំចេញអាមេរិកក្រោមពន្ធ១០ភាគរយ គឺកម្ពុជាអាចសម្រេចបានការនាំចេញសរុបប្រមាណជា៤,៣៥ ពាន់លានដុល្លារឯណោះជាមួយនឹងកំណើនសរុប ២៧ភាគរយ ហើយការនាំចូលពី សហរដ្ឋអាមេរិកគឺប្រមាណជា គឺប្រមាណជា ១២០លានដុល្លារ កើនឡើង២៥,៦ភាគរយ ។
អ្នកតាមដានវិស័យពាណិជ្ជកម្មមួយរូបបានឲ្យដឹងថា អ្វីដែលកម្ពុជាសម្រេចបាននៅក្នុងរយៈពេល៥ខែមកនេះធៀបនឹងរយៈពេលដដែល កាលពីឆ្នាំ២០២៤ ឃើញថា ការនាំចេញស្ទុះឡើងដល់ទៅជិត ១ពាន់ លានដុល្លារ ហើយតាមទំនងពេលដែលស្ថិតិនៅខែមិថុនាចេញមកសន្ទុះនាំចេញនឹងបន្តកើនឡើងបន្ថែមទៀត ហើយវានឹងថមថយច្រើន ឬតិចតាមស្ថានភាពពន្ធដែលនឹងប្រកាសដោយសហរដ្ឋអាមេរិកដែលគ្រោងនឹងចេញនៅមុនឱសានវាទថ្ងៃ០៩ ខែកក្កដា មកដល់ ។
អ្នកវិភាគរូបនោះបានលើកឡើងថា អនាគតនៃទីផ្សារទំនិញកម្ពុជា នៅសហរដ្ឋអាមេរិកពិបាកនឹងស្មាន ពីព្រោះ ហើយការសម្រេចចិត្តលោក ដូណាល់ ត្រាំ ក៏ពិបាកស្មានដែរ ៕
ចែករំលែកព័តមាននេះ