ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​ពងបែក​ដៃ ជើង និង​ក្នុង​មាត់ បាន​កំពុង​តែ​ផ្ទុះ​ខ្លាំង​គួរសម​នៅ​ក្នុង​ប្រទេស​ថៃ រហូត​ដល់​រដ្ឋាភិបាល​ថៃ​បាន​ចេញ​សេចក្តីណែនាំ​ស្តី​ពី​សុខភាព​សាធារណៈ​ព្រមាន​ឪពុក​ម្តាយ​នានា នៅ​ក្នុង​ប្រទេស​ឱ្យ​ប្រុង​ប្រយ័ត្ន ។ ដូច្នេះ​យើង​សង្ឃឹមថា បងប្អូន​ដែល​កម្មករ និង​កម្មការិនី​ដែល​ទើប​វិល​ត្រឡប់​មក​ពី​ថៃ​វិញ…

ជំងឺ​ពងបែក​ដៃ ជើង និង​ក្នុង​មាត់ បាន​កំពុង​តែ​ផ្ទុះ​ខ្លាំង​គួរសម​នៅ​ក្នុង​ប្រទេស​ថៃ រហូត​ដល់​រដ្ឋាភិបាល​ថៃ​បាន​ចេញ​សេចក្តីណែនាំ​ស្តី​ពី​សុខភាព​សាធារណៈ​ព្រមាន​ឪពុក​ម្តាយ​នានា នៅ​ក្នុង​ប្រទេស​ឱ្យ​ប្រុង​ប្រយ័ត្ន ។ ដូច្នេះ​យើង​សង្ឃឹមថា បងប្អូន​ដែល​កម្មករ និង​កម្មការិនី​ដែល​ទើប​វិល​ត្រឡប់​មក​ពី​ថៃ​វិញ សូម​ប្រុង​ប្រយ័ត្ន​ផង ។

តាម​សារព័ត៌មាន the Nation បាន​ឲ្យ​ដឹង​ថា ជំងឺ​នេះ គឺជា​ជំងឺឆ្លង​ដែល​រាលដាល​យ៉ាង​ឆាប់រហ័ស ក្នុង​ចំណោម​កុមារ​តូច​ៗ​ក្នុង​រដូវវស្សា ដែល​មាន​លក្ខខណ្ឌ​អាកាសធាតុ​ត្រជាក់​និង​សើម ហើយ​ត្រូវ​បាន​ក្រសួងសុខាភិបាល​សាធារណៈ​ថៃ បាន​រក​ឃើញ​ការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ។

នៅ​ពេល​នេះ ក្រសួងសុខាភិបាល​នៅ​ក្នុងស្រុក​នេះ​បាន​សង្កត់ធ្ងន់ និង​លើកទឹកចិត្ត​ឲ្យ មាតាបិតា ត្រូវ​តែ​ធានា​នូវ​អនាម័យ និង​ការ​ត្រួតពិនិត្យ​សុខភាព​ឱ្យ​បាន​ត្រឹមត្រូវ​សម្រាប់​កូន​ៗ​របស់​ពួក​គេ ជា​ពិសេស​កុមារ គឺ​ងាយ​រង​គ្រោះ​បំផុត ។

ជំងឺ​នេះ គឺជា​ប្រភេទ​ជំងឺ​ដែល​អាច​ឆ្លង និង​កើត​លើ​មនុស្ស​គ្រប់​វ័យ គ្រាន់តែ​មនុស្ស​ពេញវ័យ គឺ​រាង​កម្រ​បន្តិច​ក៏​ដោយ​ចុះ ។ ស្ថិតិ​បាន​ឲ្យ​ដឹង​ថា រវាង​ថ្ងៃ​ទី​១ ខែមករា ដល់​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២៥ ប្រទេស​ថៃ​បាន​កត់ត្រា​ករណី​ជំងឺ​ពងបែក​ដៃ ជើង និង​ក្នុង​មាត់​ផ្ទុះ មាន​ចំនួន​ដល់​ទៅ​ជាង​២​ម៉ឺន​ករណី នៅ​ក្នុង​នោះ​កុមារ​អាយុ​ពី​០​ដល់​៤​ឆ្នាំ មាន​ជិត​ជាង​១​ម៉ឺន​៥​ពាន់​ករណី អាយុ​ពី​៥​ទៅ​៩​ឆ្នាំ មាន​៤​ពាន់​៦​រយ​ករណី និង​ពី​អាយុ​១០​ទៅ​១៤​ឆ្នាំ គឺ​មាន​ជាង​៥០០​ករណី​។

ជំងឺ​នេះ បាន​កំពុង​តែ​ផ្ទុះ​ឡើង គឺ​ស្រប​ពេល​ដែល​កម្ពុជា និង​ថៃ បាន​កំពុង​តែ​មាន​បញ្ហា​តានតឹង​នៅ​ព្រំដែន ហើយ​រាជរដ្ឋាភិបាល​បាន​អំពាវនាវ​ឲ្យ​បងប្អូន​កម្មករ និង​កម្មការិនី​ដែល​កំពុង​តែ​ធ្វើការ​នៅ​ថៃ​វិល​មក​មាតុប្រទេស​វិញ ។

នៅ​ក្នុង​ស្ថានភាព​បែប​នេះ យើង​គួរតែ​យកចិត្តទុកដាក់​លើ​សុខភាព​ពួក​គេ ហើយ​នៅ​ក្នុង ករណី​ដែល​ពួក​គេ​មិន​មាន​ជំងឺ​ក៏​ដោយ ក៏​គួរតែ​យកចិត្តទុកដាក់​ជួយ​អប់រំ ឬ​ជូនដំណឹង​ឲ្យ​ពួក​គេ​លើកកម្ពស់​ការ​ប្រុង​ប្រយ័ត្ន ជា​ពិសេស គឺ​លើ​បញ្ហា​អនាម័យ​នៅ​មុន​ពេល​ជួប​កូន ឬ​ក្មួយ ឬ​ក្មេង​ៗ​ដែល​តូច​ៗ​នៅ​តាម​សហគមន៍​ដែល​ជា​ស្រុក​កំណើត​របស់​ពួក​គេ ។

បងប្អូន​កម្មករ និង​កម្មការិនី នៅ​ក្នុង​ករណី​ដែ​បងប្អូន​មាន​រោគ​សញ្ញា​គ្រុនក្តៅ មាន​ដំបៅ​ឈឺ​នៅ​ក្នុង​មាន និង​មាន​ពង​កន្ទួល​លើ​បាតដៃ បាតជើង និង​កំប៉េះគូទ គឺ​រឹតតែ​ប្រុង​ប្រយ័ត្ន រឿង​អនាម័យ ហើយ​កុំទៅ​ស្និទ្ធស្នាល​នឹង​ក្មេង​ៗ​មួយ​រយៈ​សិន ។ បងប្អូន​ជា​មនុស្ស​ពេញកម្លាំង​មិន​អី​នោះ​ទេ ប៉ុន្តែ​សម្រាប់​ទារក ឬ​កុមា​រា​កុមារី​តូច​ៗ ពួក​គេ​អាច​នឹង​គ្រោះថ្នាក់ ។ ជំងឺ​នេះ គឺ​វា​បណ្តាល​មក​ពី​រី​វុ​ស មួយ​ចំនួន ដូច​ជា coxsackieviruses និង Enterovirus ៧១ (EV71) ។

ជំងឺ​នេះ​វា​អាច​ជា​សះស្បើយ​ដោយ​ខ្លួនឯង ប៉ុន្តែ​សម្រាប់​កុមារ គឺ​វា​គ្រោះថ្នាក់​ខ្លាំង ហើយ​វា​អាច​វិវត្តន៍​ទៅ​ជា​ជំងឺរលាកស្រោមខួ​ក្បាល និង​ពេល​ខ្លះ​អាច​បង្ក​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ ដូច​ជា បញ្ហា​សរសៃប្រសាទ បេះដូង សរសៃ​ឈា​.​ម និង​បញ្ហា​ផ្លូវដង្ហើម ដែល​អាច​បង្ក​ឲ្យ​ស្លា​.​ប់​បាន ។

មេរោគ​នេះ វា​អាច​កើត​ចេញ​ជា​រោគ​សញ្ញា​ក្រោយ​ពេល​ឆ្លង​ពី​៣​ទៅ​៧​ថ្ងៃ ហើយ​រោគ​សញ្ញា ដំបូង គឺ​ជំងឺ​ពងបែក ដែល​មាននៅ​ដៃ នៅ​ជើង និង​នៅ​ក្នុង​មាត់ ក្តៅខ្លួន អស់កម្លាំង ឈឺបំពង់ក ហើយ​មិនសូវ​ហូប​អី ។ បងប្អូន​ត្រូវ​ដឹង​ថា ជំងឺ​នេះ​វា​អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ដោយ​ការ​ប៉ះពាល់​ផ្ទាល់​ជាមួយនឹង​វត្ថុ​រាវ​នៃ​ផ្លូវដង្ហើម​ដូច​ជា​ទឹកមាត់ កំហាក និង​សំបោរ ទឹករងៃ ដែល​ចេញពី​ពងបែក លាម​.​ក​នៃ​អ្នកជំងឺ ។

សរុប​ទៅ​យើង​សង្ឃឹមថា ក្រុម​គ្រូពេទ្យ និង​មន្ត្រី ដែល​នៅ​រង់ចាំ​ទទួល​បងប្អូន​ខ្មែរ​ត្រឡប់​មក​វិញ គឺ​សូម​ជួយ​ជូនដំណឹង​រឿង​ជំងឺ​ជំងឺ​ពងបែក​ដៃ ជើង និង​ក្នុង​មាត់ ហើយ​រំលឹក​ពួក​គេ​ឲ្យ​ប្រុង​ប្រយ័ត្ន​ខ្លួន នៅ​ពេល​ដែល​ចូល​ទៅ​ផ្ទះ ។ សូម​ពង្រឹង​អនាម័យ ដោយ​ដៃ​ឧស្សាហ៍​លាង​សម្អាត​និង​សាប៊ូ មុន​ពេល​កាន់​អ្វី​ហូប​ចុក ហើយ​ជៀសវាង​ការ​ចែករំលែក​របស់របរ​ផ្ទាល់ខ្លួន ដូច​ជា កែវ ពែង ស្លាបព្រា និង​កន្សែង ជាមួយនឹង​កុមារ ក៏​ដូច​ជា​អ្នក​ដទៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ