កម្ពុជាបានក្លាយជាប្រទេសដំបូងគេក្នុងតំបន់ដែលបានចេញប្រើថ្នាក់ចាក់បង្ការប្រឆាំងមេរោគអេដស៍ ដែលមានប្រសិទ្ធភាពយូរ ។ វាកាន់តែធ្វើអោយការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍កាន់តែមានជម្រើសនិងមានប្រសិទ្ធភាពនៅក្នុងប្រទេសកម្ពុជា ។

ឱសថមួយប្រភេទ ដែលគេដឹងថា ជាប្រភេទឱសថចាក់មានសកម្មភាពយូរ សម្រាប់បង្ការមុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍មានឈ្មោះថា កាបូតេក្រាវៀ (Cabotegravir) ត្រូវបានក្រសួងសុខាភិបាលប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ហើយនៅពេលនេះ ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ សូមកុំជិះសេះលែងដៃ ហើយសប្បាយភ្លេចខ្លួន ។ ដើម្បីសុវត្ថិភាពពីការការពារមេរោគដ៏កាចសាហាវនេះ គ្រប់គ្នាគួរតែបន្តប្រើប្រាស់វិធី ឬមធ្យោបាយការពារដ៏មានប្រសិទ្ធភាពពីមុនបន្ថែម ។
ពិធីប្រកាសឲ្យប្រើប្រាស់កាបូតេក្រាវៀ ត្រូវបានរៀបចំឡើងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគ ដោយមានការចូលរួមពីសំណាកលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ហើយក៏មានលោកស្រី ប៉ាទ្រីសា អុងភីង ( Patricia Ongpin) ប្រធានអង្គការ UNAIDS ប្រចាំប្រទេសកម្ពុជា ឡាវ និងម៉ាឡេស៊ី ចូលរួមផងដែរ ។

ជាការពិតការប្រកាសដាក់ឱ្យប្រើប្រាស់កាបូតេក្រាវៀ នេះ គឺជាការផ្តល់នូវជម្រើសថ្មីមួយប្រកបដោយនវានុវត្តន៍សម្រាប់ក្រុមប្រជាជនប្រឈមមុខនឹងមេរោគអេដស៍នេះ ដើម្បីជ្រើសរើសក្នុងការបង្ការខ្លួនពីការឆ្លងមេរោគឱ្យកាន់តែមានប្រសិទ្ធភាព ហើយប្រទេសកម្ពុជាក៏ជាប្រទេសដំបូងគេ នៅក្នុងតំបន់ដែលបានដាក់ឱ្យប្រើប្រាស់ឱសថកាបូតេក្រាវៀ នេះផងដែរ ។
វាពិតជាវិធីសាស្ត្រមួយនៃយុទ្ធសាស្ត្របង្ការមេរោគអេដស៍ ដែលមានលក្ខណៈរួមបញ្ចូលគ្នា និងផ្តល់ជម្រើសច្រើនក្នុងការបង្ការ ។ ឱសថកាបូតេក្រាវៀ នេះ គឺចាំបាច់ត្រូវចាក់រៀងរាល់ពីរខែម្តង ។ វា គឺជាការផ្តល់នូវជម្រើសមួយងាយស្រួលមានឯកជនភាព ។ ឱសថប្រភេទនេះ ត្រូវបានគេអះអាងថា មានប្រសិទ្ធភាពខ្ពស់រហូតដល់៩៥ភាគ ក្នុងការបង្ការមេរោគអេដស៍ ។
មកដល់ពេលនេះ អត្រានៃការឆ្លងមេរោគអេដស៍ទោះបីជាមានការធ្លាក់ចុះក៏ពិតមែន ប៉ុន្តែភាគរយនៃការឆ្លងនៅតែមាន ។ កម្ពុជាមានអ្នកដែលកើតអេដស៍សរុបប្រមាណជា៧ម៉ឺន៦ពាន់នាក់ នៅក្នុងនោះអ្នកដែលទទួលបានឱសថប្រឆាំងមេរោគអេដស៍ គឺមានប្រមាណជាជាង៦ម៉ឺន៨ពាន់នាក់ ហើយអ្នកស្លា.ប់ គឺប្រមាណជា១.១០០នាក់ នៅក្នុងមួយឆ្នាំ ខណៈដែលការឆ្លងវិញ គឺនៅតែមាន ។
ពាក់ព័ន្ធនឹងការបង្ការ និងការពារការរីករាលដាលមេរោគអេដស៍នៅកម្ពុជានេះ កម្ពុជា គឺជាប្រទេសនាំមុខហើយក៏ជាប្រទេសសឹងតែទទួលបានជោគជ័យលើគ្រប់មុខព្រួយដែលគេកំណត់នៅលើពិភពលោក ។ មកដល់ពេលនេះ ដើម្បីការពារមេរោគអេដស៍ គឺកម្ពុជាមានទាំងកម្មវិធីផ្តល់ថ្នាំពន្យារជីវិតដល់អ្នកដែលកំពុងផ្ទុក ឬរស់នៅជាមួយនឹងមេរោគនេះ ហើយក៏បានខិតខំអប់រំពលរដ្ឋឲ្យយកចិត្តទុកដាក់លើការរួមភេ.ទដោយសុវត្ថិភាព គឺការប្រើប្រាស់ស្រោមអនាម័យ ។

ក្រោយមកទៀត គឺមានថ្នាំលេប ហើយនៅពេលនេះ គឺមានឱសថសម្រាប់ចាក់បន្ថែមទៀត ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយយើងទាំងអស់គ្នាកុំប្រហែសជាពិសេស គឺក្រុមយុវវ័យ ។
សូមកុំព្រលែងខ្លួន ហើយក្រៅពីដាក់ឲ្យប្រើប្រាស់ឱសថនានា ស្ថាប័នពាក់ព័ន្ធគួរតែបន្តយកចិត្តទុកដាក់អប់រំលើបញ្ហារួមភេ.ទប្រកបដោយសុវត្ថិភាពពោល គឺការប្រើប្រាស់ស្រោមអនាម័យនេះបន្តទៀត ។
ជាការពិតយើងមានជម្រើសការពារគ្រប់យ៉ាង ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ វិធីសាស្ត្រមួយដែលប្រសើរបំផុតនោះ គឺគ្មានអ្វីក្រៅពីស្រោមអនាម័យឡើយ ។ ការប្រើប្រាស់ស្រោមអនាម័យនេះ គឺវាជួយការពារជំងឺជាច្រើនទៀត ជាពិសេស គឺការមានកូនដែលមិនមានការព្រាងទុកដែលជាប្រភពដ៏ចម្បង និងគ្រោះថ្នាក់សម្រាប់យុវវ័យ ដែលឆាប់ប្រឡូកនឹងការរួ.មភេ.ទ ។ សូមបន្តលើកកម្ពស់ការអប់រំអំពីសុវត្ថិភាពនៃការរួមភេទ ហើយក៏គួរតែបន្តបញ្ជ្រាបការអប់រំអំពីការប្រើប្រាស់ស្រោមអនាម័យនេះបន្ត កុំព្រលែងវា ៕
ចែករំលែកព័តមាននេះ