ក្រោយការរកឃើញប្រេង ចំណីសត្វរាប់ពាន់តោន ត្រូវបានគេលក់ដោយសម្ងាត់ជាប្រេងចម្អិនអាហារ មនុស្សនៅក្នុងប្រទេសវៀតណាម មកដល់ពេលនេះ អាជ្ញាធរនៅក្នុងប្រទេសក្បែរខាងកម្ពុជានេះបានកំពុងតែចាត់វិធានការ និងពង្រឹងការត្រួតពិនិត្យលើអ្នកផលិតប្រេងឆាទាំងអស់ ។ ដូច្នេះ អាជ្ញាធរកម្ពុជាគួរតែធ្វើការត្រួតពិនិត្យលើបញ្ហានេះដែរ…
ក្រោយការរកឃើញប្រេង ចំណីសត្វរាប់ពាន់តោន ត្រូវបានគេលក់ដោយសម្ងាត់ជាប្រេងចម្អិនអាហារ មនុស្សនៅក្នុងប្រទេសវៀតណាម មកដល់ពេលនេះ អាជ្ញាធរនៅក្នុងប្រទេសក្បែរខាងកម្ពុជានេះបានកំពុងតែចាត់វិធានការ និងពង្រឹងការត្រួតពិនិត្យលើអ្នកផលិតប្រេងឆាទាំងអស់ ។

ដូច្នេះ អាជ្ញាធរកម្ពុជាគួរតែធ្វើការត្រួតពិនិត្យលើបញ្ហានេះដែរ ខ្លាចមានជនខិលខូចលួចប្រពឹត្តបែបនេះដែរ ឬក៏នាំចូលនូវផលិតផលទាំងនេះ មកកាន់ទីផ្សារនៅក្នុងប្រទេសកម្ពុជា ។
ការរកឃើញអ្វីដែលកើតមាននៅវៀតណាមនេះ វា គឺជាបទពិសោធមួយសម្រាប់ការបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជា ខណៈដែលពីមុនមកយើងក៏ធ្លាប់រកឃើញផងដែរលើផលិតផលទឹកឃ្មុំក្លែងក្លាយ ហើយក៏ធ្លាប់បង្ក្រាបសិប្បកម្មផលិតស្ករត្នោតក្លែងក្លាយផងដែរជាដើម ។
សូមពង្រឹង និងរក្សាការប្រុងប្រយ័ត្នចំពោះបញ្ហាសុវត្ថិភាពអាហារនេះឲ្យមែនទែន សម្រាប់ជួយបង្ការ និងការពារសុខភាពរបស់ពលរដ្ឋពីព្រោះនៅពេលនេះអត្រាជំងឺមិនឆ្លងជាច្រើន បានកំពុងតែគំរា.មកំហែងសុខភាពសាធារណៈនៅក្នុងប្រទេស ។

ដោយឡែក សម្រាប់ករណីរកឃើញប្រេងចំណីសត្វនៅវៀតណាម ត្រូវបានអ្នកជំនាញវៀតណាមអះអាងថា ប្រេងប្រភេទនេះច្រើនតែឆៅមិនចម្រាញ់ ហើយអាចមានជាតិពុល សារធាតុមិនស្អាត និងសារធាតុគីមីមិនមានសុវត្ថិភាពសម្រាប់មនុស្ស ។ ការប្រើប្រាស់វានៅក្នុងរយៈពេលយូរ អាចបណ្តាលឱ្យពុល ខូចសរីរាង្គ បង្កើតជាតិពុល និងបង្កើនហានិភ័យនៃជំងឺរ៉ាំរ៉ៃ ។
ការទទួលទានអាហារ ដែលមិនមានសុវត្ថិភាព ក្រៅពីរាគ ឬការពុលវាក៏អាចបង្កហានិភ័យដល់សុខភាពរយៈពេលវែងផងដែរដូចជា ការខូចខាតថ្លើម និងតម្រងនោម និងបញ្ហាប្រព័ន្ធបន្តពូជដោយសារការបំពុលដោយសារធាតុគីមី ឬអតិសុខុមប្រាណ និងបង្កើនសម្ពាធលើប្រព័ន្ធថែទាំសុខភាព ។
សម្រាប់អ្វីដែលកំពុងតែកើតមាននៅក្នុងប្រទេសវៀតណាម សារព័ត៌មាន VnExpress បានរាយការណ៍ថា ក្រោយការរកឃើញបែបនេះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានប្រកាសត្រួតពិនិត្យទូទាំងប្រទេសនូវក្រុមហ៊ុនផលិតប្រេងចម្អិនអាហារ បន្ទាប់ពីក្រុមហ៊ុនមួយត្រូវបានអាជ្ញាធររកឃើញថា លក់ប្រេង ប្រភេទចំណីសត្វជាប្រេងចម្អិនអាហារដែលអាចបរិភោគបាន ។
ក្រសួងជំនាញវៀតណាមក៏បានណែនាំដល់ក្រុមតាមដានទីផ្សារក្នុងស្រុក ឱ្យពង្រឹងការត្រួតពិនិត្យអាជីវកម្មនៅក្នុងឧស្សាហកម្មនេះ ។
ចំណាត់ការដ៏តឹងតែងបែបនេះ ត្រូវបានដាក់ចេញ បន្ទាប់ពីការបង្ក្រាបដ៏ធំមួយរបស់ប៉ូលិសនៅខេត្ត ហង យេន (Hung Yen) ដែលមានទីតាំងនៅភាគខាងជើងនៃប្រទេស បានផលិតផលិតផលប្រេងឆាក្លែងក្លាយជាច្រើន ។ ក្រុមហ៊ុននោះត្រូវបានគេដឹងថា គឺក្រុមហ៊ុន ផលិតកម្មអាហារ ញ៉ាតមិញ និងនាំចេញនាំចូល ( Nhat Minh Food Production and Import-Export Co.)។
អាជ្ញាធរបានរកឃើញថា ក្រុមហ៊ុននេះបាននាំចូលប្រេងសម្រាប់ជាចំណីសត្វ ហើយបែរជាច្រកជាប្រេងឆាដាក់ស្លាកថា OFOOD ហើយលក់វាពេញប្រទេស ។ ការស៊ើបអង្កេតបានរកឃើញថា ប្រេងចម្អិនអាហារក្លែងក្លាយរាប់ម៉ឺនតោនបានលក់ ដោយក្រុមហ៊ុននេះទៅកាន់ឧស្សាហកម្មគ្រឿងហូបចុក ភោជនីយដ្ឋាន និងលក់រាយផងដែរ ។
ទីភ្នាក់ងារឧស្សាហកម្មបាននិយាយថា ប្រេងដែលប្រើសម្រាប់ចំណីសត្វមិនបំពេញតាមស្តង់ដារសុវត្ថិភាពចំណីអាហារ អនាម័យ និងខ្វះតម្លៃអាហារូបត្ថម្ភសម្រាប់ការប្រើប្រាស់របស់មនុស្ស ។
កាលពីខែមេសាកន្លងទៅ ប្រេងឆាសរុបចំនួនជាង៧ម៉ឺនលីត្រ និងសារធាតុ monosodium glutamate ក្លែងក្លាយចំនួន៤០តោន ក៏ត្រូវបានរឹបអូសនៅទីក្រុងភូ ថូ ( Phu Tho) ។ ផលិតផលនេះ ត្រូវបានចែកចាយតាមបណ្តាញផ្សេងៗ រួមទាំងបណ្តាញទំនាក់ទំនងសង្គម និងទីផ្សារក្នុងស្រុកនៅក្នុងតំបន់ឧស្សាហកម្ម ។
ក្រៅពីនេះ អាជ្ញាធរវៀតណាមក៏បានរកឃើញផលិតផលម្ហូបអាហារដែលមិនមានស្តង់ដារ និងក្លែងក្លាយជាច្រើនករណីថែមទៀត ។ មកដល់ពេលនេះ ទីផ្សារប្រេងចម្អិនអាហាររបស់ប្រទេសវៀតណាមមានតម្រូវការប្រចាំឆ្នាំចំនួនប្រមាណជា១,៥លានតោនស្មើនឹងជាង១ពាន់លានដុល្លារ ៕
ចែករំលែកព័តមាននេះ