ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​ដ៏​កក់​ក្តៅ​បាន​ផ្តល់​ជូន​លោក​យាយ​2នាក់​បង​ប្អូននា​ជីវិត​ចុង​ក្រោយ

12 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង ៖ អំណោយ​សប្បុរស​ជន​ពី​ទី​ជិត​ឆ្ងាយ​ ជា​ពិសេស​​អំណោយរបស់លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទក្រហម​កម្ពុជា​ ត្រូវ​បាន​នាំ​យក​ទៅ​ជូន​លោក​យាយ​សួស ថន អាយុ​៨៥​ឆ្នាំ ​ដែល​កំពុង​មាន​ជំងឺ​ហើម​ខ្លួន​ និង​រស់​នៅ​យ៉ាង​វេទ​នា​ជា​មួយ​ប្អូនស្រី​ឈ្មោះ​សួស ធឿង​ អាយុ​៦៥​ឆ្នាំ ត្រូវ​​បាន

ខេត្ត​កំពង់​ឆ្នាំង ៖ អំណោយ​សប្បុរស​ជន​ពី​ទី​ជិត​ឆ្ងាយ​ ជា​ពិសេស​​អំណោយរបស់លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទក្រហម​កម្ពុជា​ ត្រូវ​បាន​នាំ​យក​ទៅ​ជូន​លោក​យាយ​សួស ថន អាយុ​៨៥​ឆ្នាំ ​ដែល​កំពុង​មាន​ជំងឺ​ហើម​ខ្លួន​ និង​រស់​នៅ​យ៉ាង​វេទ​នា​ជា​មួយ​ប្អូនស្រី​ឈ្មោះ​សួស ធឿង​ អាយុ​៦៥​ឆ្នាំ ត្រូវ​​បាន​ប្រ​គល់​ជូន​​​ជា​បន្ត​បន្ទាប់​ កាល​ពី​ព្រឹ​កថ្ងៃ​ទី​៨ កក្កដា ដល់​លំនៅ​ឋាន​លោក​យាយ​ទាំង​ពីរ​ស្ថិត​ក្នុង​ភូមិ​ត្រពាំង​គ ឃុំ​ជ្រៃ​បាក់ ស្រុក​រលា​ប្អៀរ។

អំណោយ​​ដែល​បាន​ផ្តល់​ជាបន្ទាន់​នេះ ​បន្ទាប់​ពី​មានការ​ចុះ​ផ្សាយ​ពី​ជីវិត លោកយាយ​ពីរ​នាក់​បង​ប្អូន​ដែល​ចេញ​ផ្សាយ​ដោយ​សារព័ត៌​មាន​​កោះ​សន្តិ​ភាព​កាល​ពី​ថ្ងៃ​ទី​៧ កក្កដា និង​តាម​វ៉េប​សាយ​​របស់​ខ្លួន។ អំណោយ​ដែល​​ទៅ​ដល់​មុន​គេ​គឺ​ជា​អំណោយរបស់​លោក​ជំ​ទាវ​កិត្តិ​ព្រឹទ្ធបណ្ឌិត​ប៊ុន​ រ៉ា​នី ហ៊ុន​ សែន ប្រ​ធាន​កាក​បាទ​ក្រ​ហមកម្ពុជា ដែល​នាំ​យកទៅ​ជូន​ដោយ​លោកដោក សុទ្ធា អនុ​ប្រធាន​គណៈកម្មាធិការសាខា​កាក​បាទ​ក្រហម​​ខេត្ត​ ព្រម​ទាំង​មន្ត្រី​សាខា​កាក​បាទ​ក្រ​ហម​ជា​ច្រើន​រូប​ទៀត  អំណោយ​នេះ​​មាន​អង្ករ​៥០គីឡូ​ក្រាម មុង​១ ភួយ​១ សារុង​១ មី​យើង​១កេះ ទឹក​ត្រី​៦ដប ទឹក​ស៊ី​អីុវ​៦ដប និង​ថវិកា​២០ម៉ឺន​រៀល។ គួរ​បញ្ជាក់​ថា​ សាខា​កាក​បាទ​ក្រ​ហម​ខេត្ត​បាន​សន្យ​ា​នឹង​​ធ្វើ​ការ​ជួស​ជុល​ជា​ថ្មី​ឡើង​វិញនូវ​លំនៅឋាន​​របស់​លោក​យាយ​​ ព្រោះ​ដល់​រដូវ​វស្សា​​ហើយ​គាត់​មិន​អាច​រស់នៅ​បាន​ទេ​ព្រោះ​ដំបូល ​ជញ្ជាំង​ធ្លុះ​ធ្លាយ​។

ជាមួយ​គ្នា​នេះ​អំណោយ​របស់​លោកខៀវ កាញារីទ្ធ រដ្ឋ​មន្ត្រី​ក្រ​សួង​ព័ត៌​មាន​ និង​លោក​ជំទាវ​ដែល​នាំ​មក​​ជូន​​លោក​យាយ​ដល់​លំនៅ​ឋាន ដោយ​លោក​សូ សារ៉េត​ ទី​ប្រឹក្សា​ក្រសួង​ព័ត៌​មាន​​អម​ដំណើរ​ដោយលោក​ម៉ម ឈឿន​ ប្រ​ធាន​មន្ទីរ​ព័ត៌​មាន​ខេត្ត មាន​អង្ករ​៥០​គី​ឡូ​ក្រាម ទឹក​ស៊ីអ៊ីវ​៦ដប មី​១កេស និង​​ថវិកា​២០​មឺុន​រៀល។ ​បន្ទាប់​មក​អំណោយ​​របស់​លោក​ខូយ ឃុន​ហ៊ួរ អភិ​បាល​​ខេត្ត​កំពត និង​លោក​ជំទាវ​អ៊ុន សុគន្ធ​ា អគ្គ​ស្នង​ការ​រង​នគរ​បាល​ជាតិ ដែល​អំណោយ​នេះ​នាំ​មក​ដោយ​កូន​ស្រី​ឈ្មោះ​​ហ៊ួរ ច័ន្ទ​សុភា និងជូន​ដំណើរ​ដល់​លំនៅ​ឋាន​លោក​យាយ​ទុរគត​ជន​ដោយ​លោក​ស្រី​ប្រាក់​ សៅ​នី​ ស្នង​ការរង​នគរ​បាល​ខេត្ត និង​ស្វាមី​ លោក​សំ សិទ្ធី អធិការ​ក្រុង​កំពង់​ឆ្នាំង។

អំណោយ​ទាំង​នេះ មាន​អង្ករ​១០០​គីឡូ​ក្រាម មី​២កេស ទឹក​ដោះ​គោ​ឆៅ​១០​ឡូ ស្កសរ​១០គីឡូ​ក្រាម នំធុង​១២ប្រ​អប់ អំបិល​១០​គីឡូ​ក្រាម ត្រី​ខ​១០០កំប៉ុង និង​ថវិកា​ចំនួន​៥០​ម៉ឺន រៀល​។ ដោយ​ឡែក​លោក​ស្រី​ប្រាក់​ សៅ​នី និង​ស្វាមី​ក៏​បាន​ឧ​បត្ថ​ម្ភ​បន្ថែម​នូវ​​ត្រី​ងៀត​២គី​ឡូ​ក្រាម ទឹក​ត្រី១​យួរ​ ទឹក​ស៊ី​អ៊ីវ​១​យួរ មី​១កេស និង​ថវិកា​១០​ម៉ឺន​រៀល​ផង​ដែរ។ គួរ​បញ្ជាក់ថា ខណៈ​ដែល​កំពុង​ប្រ​គល់​អំណោយរបស់​សប្បុរស​ជន​នោះ លោក​ជំទាវ​អ៊ុន សុគន្ធា អគ្គ​ស្នង​ការ​រង​នគរ​បាល​ជាតិ​បានទូរ​ស័ព្ទ​មក​ជូន​ពរ​ និង​ថ្លែង​អំណរ​គុណ​ដល់​អ្នក​ដែល​បាន​ចូល​រួម​មាន​មន្ត្រី​ប៉ូលិស ​មេឃុំ និង​មន្ត្រី​កាក​បាទ​ក្រ​ហម​កម្ពុជា​ទាំង​អស់​ ពិសេស​សូម​អរ​គុណ​ដល់​សារ​ព័ត៌​មាន​កោះសន្តិ​ភាពដែល​បាន​ផ្សាយ​ពីជីវិត​ដ៏កម្សត់​របស់​លោក​យាយ​ទាំង​ពី​រ ធ្វើ​ឱ្យ​រូ​ប​គាត់​មាន​ការ​អាណិត​អាសូរយ៉ាង​ក្រៃ​លែង​ទើប​បាន​​បរិច្ចាគ​ធន​ធាន​ផ្ទាល់​ខ្លួន​ និង​ឱ្យកូន​ស្រី​នាំ​យក​​អំណោយ​ជូន​លោក​យាយ​​ក្នុង​ថ្ងៃ​នេះ។

ក្រោយ​ពី​បាន​ទទួល​អំណោយ​ជា​បន្ត​​បន្ទាប់​តែ​មួយ​ព្រឹក​ថ្ងៃ​ទី​៨ កក្កដា យ៉ាង​ច្រើន​នេះមក​លោក​យាយ​សួស​ ធឿង ជា​ប្អូន​បាន​លើក​ដៃ​សំពះ​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ដោយ​ទឹក​ចិត្ត​រំ​ភើប​ក្រៃ​លែង​ និង​បួង​សួង​ជូន​ពរ​ដល់​សម្តេច​ លោក​ជំទាវ ព្រម​ទាំង​សប្បុរស​ជន​ទាំង​អស់​សូម​ជួប​ប្រ​ទះ​តែ​​សេច​ក្តី​សុខ និង​ពុទ្ធ​ពរ​ទាំង​៤ប្រ​ការ​កុំ​បី​ឃ្លៀង​ឃ្លាតឡើយ។

ចំណែក​លោកតាំង​ ប៊ុន​ទត មេ​ឃុំ​ ជ្រៃ​បាក់​ និង​លោកសុខ​ ផុន មេ​ភូមិ​ត្រ​ពាំង​គ ដែល​ចូល​រួម​ទទួល​អំណោយក៏​សូមថ្លែង​អំណរ​គុណ​ដោយ​ស្មោះនូវ​​សន្តាន​ចិត្ត​​សប្បុរសជនទាំងអស់​ដែរ។ នៅ​ថ្ងៃ​ទី​៨ កក្កដា នេះ​ដែរ​កោះ​សន្តិ​ភាព​ក៏​បាន​​បញ្ជូន​ថវិកា​ និង​គ្រឿង​ឧប​ភោគ​បរិ​ភោគ​ដែល​ទទួល​អំពី​សប្បុរស​ជន​ទៅ​កាន់​ខេត្ត​កំពង់​ឆ្នាំ​ងផង​ដែរ ដែល​កា​រ​ប្រ​គល់​អំណោយ​បន្ត​នោះ នឹង​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​ក្រោយ​នេះ៕