ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដល់​ពេល​នេះ ឪពុក​ម្តាយ​ជា​ច្រើន​បាន​ធ្វើ​ពលី​កម្ម​គ្រប់យ៉ាង​ដើម្បី​កូន​ៗ​របស់​ពួក​គេ​ដោយ​ខំប្រឹង​ប្រែង​តាំងពី​បាតដៃ​ទទេ ប្រឹងប្រែង​ធ្វើការ ឬ​រកស៊ី​តាំងពី​បាតដៃ​ទទេ «​ស៊ី​អត់​ស៊ី​ឃ្លាន​» ប្រឹង​សន្សំ​រហូត​កើតជា​ទ្រព្យ​ពូន​ជា​សម្បត្តិ​ដើម្បី​ទុកជា​កេរ្តិ៍​ឲ្យ​កូន ។ ចុង​ក្រោយ​ខ្លួនឯង​បាន​តែ​ពលី​កម្ម ។ រឿង​នេះ…

មក​ដល់​ពេល​នេះ ឪពុក​ម្តាយ​ជា​ច្រើន​បាន​ធ្វើ​ពលី​កម្ម​គ្រប់យ៉ាង​ដើម្បី​កូន​ៗ​របស់​ពួក​គេ​ដោយ​ខំប្រឹង​ប្រែង​តាំងពី​បាតដៃ​ទទេ ប្រឹងប្រែង​ធ្វើការ ឬ​រកស៊ី​តាំងពី​បាតដៃ​ទទេ «​ស៊ី​អត់​ស៊ី​ឃ្លាន​» ប្រឹង​សន្សំ​រហូត​កើតជា​ទ្រព្យ​ពូន​ជា​សម្បត្តិ​ដើម្បី​ទុកជា​កេរ្តិ៍​ឲ្យ​កូន ។ ចុង​ក្រោយ​ខ្លួនឯង​បាន​តែ​ពលី​កម្ម ។

រឿង​នេះ វា​មិនមែន​ជា​រឿង​ប្លែក​សម្រាប់​សង្គម​កម្ពុជា​នោះ​ទេ ហើយ​មក​ដល់​ពេល​បច្ចុប្បន្ន នៅ​តែ​មាន​ឪពុក​ម្តាយ​ជា​ច្រើន នៅ​តែ​មាន​ទស្សនៈ និង​គំនិត​បែប​នេះ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ សូមកុំ​លះបង់​ខ្លាំង​ពេក សូម​លៃលក​ហើយ​ឆ្លៀតឱកាស​រក​សេចក្តីសុខ​ខ្លួន​ខ្លះ ។ ប្រយ័ត្ន​ដូច ៤​ឃ្លា​ដែល​គេ កំពុង​តែ​ល្បី ហើយ​ចែកចាយ​នៅ​លើ​បណ្តាញ​សង្គម​ទៅ ។ ឃ្លា​ដែល​គេ​បាន​ចែករំលែក​នេះ វា គឺជា​ការ​លេងសើច​នោះ​ទេ ប៉ុន្តែ​ការ​ចែករំលែក​តាម​បែប​លេងសើច​នេះ ក៏​វា​បង្កប់​នូវ​សេចក្តី​ពិត និង​តថភាព​ជាក់ស្តែង​ក្នុង​នោះ​ដែរ ។

តើ​អត្ថន័យ​៤​ឃ្លា ដែល​ត្រូវ​គេ​ចែករំលែក​នោះ គឺជា​អ្វី​ខ្លះទៅ? មក​ដល់​ពេល​នេះ​មូលហេតុ​ដែល​ឪពុក​ម្តាយ​ជា​ច្រើន​ប្រឹង​សន្សំ​លុយ​មិន​ហ៊ាន​ដើរ​លេង​នោះ គឺ ៖ ១ សន្សំ​លុយ​ទុក​ឲ្យ​កូន ចាំ​កូន​រៀន​ចប់​ចាំ​ដើរ​លេង​, ២ ពេល​កូន​រៀន​ចប់ វា​មាន​ប្តី​ប្រពន្ធ​, ៣ ចាប់ផ្តើម​មាន​ចៅ ត្រូវ​មើល​ចៅ​, ៤ ចាស់​ដើរ​លែង​រួច ដេកចាំ​ផ្ទះ​ដដែល ។ តាម​អ្វី​ដែល​យើងខ្ញុំ​យល់​ប្រយោគ​ទាំង​បួន​នេះ គឺ​ពិតជា​តថភាព​សង្គម ដែល​ឆ្លុះ​បញ្ចាំង​២​ចំណុច​ធំ ។​ទី​១ ពញាក់​ពលរដ្ឋ​វ័យ​កណ្តាល ដែល​ជា​ឪពុក​ម្តាយ ឬ​អ្នក​ដែល​ទើប​ចាប់ផ្តើម​កសាង​គ្រួសារ​ថា ក្រៅពី​គួរតែ​ខិតខំ​ធ្វើការ​សន្សែសន្សំ​បង្កើន​ទ្រព្យ ហើយ​នោះ គួរតែ​ចំណាយ​ខ្លះ ឬ​មួយ​ភាគ​ណាមួយ​រក​សេចក្តីសុខ​ឲ្យ​ខ្លួន​ខ្លះ ។

ជា​ធម្មតា នៅ​ពេល​ដែល​ចាប់ផ្តើម គ្រួសារ​ការ​សន្សែសន្សំ​នេះ​វា គឺជា​រឿង​អ​ទិ​ភាព ប៉ុន្តែ​វា​មិនមែន​ជា​ការ​រិះថាំ មិន​ហ៊ាន​ចំណាយ​លើ​ការ​ដើរ​លេង ហូប​ចុក​ឲ្យ​សមរម្យ​នោះ​ទេ ។ ជីវិត​យើង​មិនដឹង​កើត​ហើយ​ស្លា​.​ប់​ពេល​ណា​ច្បាស់លាស់​នោះ​ទេ ។ ដូច្នេះ​នៅ​ពេល​ដែល​នៅ​មានជីវិត ក្រៅពី​ខំធ្វើការ​ខំ​ចិញ្ចឹម​បីបាច់​កូន​ៗ គឺ​យើង​គួរតែ​ចេះ​បង្កើត​កម្មវិធី​សប្បាយ​ៗ​តាម​ចំណង់​ចំណូលចិត្ត ។ សម្ភារៈ​ប្រើប្រាស់​ក៏​គួរតែ​គិតគូរ ហើយ​លៃលក​តាម​ធនធាន​របស់​យើង ។ ហើយ​អ្វី​ដែល​សំខាន់​ក្រៅពី​ខិតខំ​សន្សែ​សន្សំទុក​អោយ​កូន​ហើយ​នោះ ក៏​គួរតែ​លៃលក​ទុក​ខ្លួនឯង បម្រុង​ខ្លះ​ក្រែង​កូន ឬ​កូនប្រសា​ចិត្ត​មិន​បាន ។

ទី​២ កូនចៅ​ដែល​ជា​អ្នក​បន្តវេន គួរតែ​យល់​នឹង​ដឹង​អំពី​ការ​លះបង់​របស់​ឪពុក​ម្តាយ​ដែល​បាន​ខិតខំ​ចិញ្ចឹម​ថែរក្សា តាំងពី​តូច​ក្រូចឆ្មារ​ហូត​ដល់​ធំ​ពេញវ័យ​មានការ​អប់រំ​មានការ​ងារ មានទ្រព្យ​សល់​ទុក​ឲ្យ​ខ្លួន ។ ដូច្នេះ​កុំ​បំភ្លេច​ពួក​គេ ។ នៅ​ពេល​ដែល​ខ្លួន​មានការ​ងារ​ធ្វើ មានគ្រួសារ​ក៏​គួរតែ​លៃលក​ពេលវេលា​ចាត់ចែង​នាំ​ឪពុក​ម្តាយ​ដើរ​លេង ឬ​ធ្វើ​នេះ​ធ្វើ​នោះ​មិនមែន​យក​លេស​រវល់ ហើយ​មិន​ត្រឹមតែ​មិន​យកចិត្តទុកដាក់​នឹង​ពួក​គាត់​នោះ​ទេ គឺ​បែរជា​យក​បន្ទុក ពោល គឺ​កូន​ទៅ​ទម្លាក់​អោយ​គាត់ ហើយ​មិន​យកចិត្តទុកដាក់​ឲ្យ​គាត់​ទៀត ។ យើង​ទាំងអស់​គ្នា​ត្រូវ​ចាំ​ថា ទម្រាំ​បាន​ដល់​ថ្ងៃនេះ ឪពុក​ម្តាយ​ម្នាក់​ៗ គឺ​បាន​ធ្វើ​ពលី​កម្ម​ច្រើន​ណាស់ ដូច្នេះ​នៅ​ពេល​ដែល​នៅ​ជីវិត​ចុង​ក្រោយ មិន​គួរ​យក​បន្ទុក​ដាក់​ឲ្យ​គាត់ ។ ប៉ុន្តែ​ប្រសិនបើ​គាត់​ស្ម័គ្រចិត្ត​ក៏​គួរតែ​លៃលក​ពេលវេលា ឬ​ចេះ​ចាត់​ចេះ​ចែង​នាំ​ឪពុក​ម្តាយ​ទៅ​នេះ​ទៅ​នោះ​ឲ្យ​ប្លែក​ភ្នែក​ផង ។

សរុប​ទៅ​ប្រយោគ​៤​ឃ្លា​នេះ វា​ជា​ប្រយោគ​លេងសើច​ទេ ប៉ុន្តែ​វា គឺជា​សារ​ពញាក់​អារម្មណ៍​យើង​ទាំងអស់​គ្នា​ឲ្យ​រិះគិត និង​ចេះ​លៃ​ចេះ​លក​រៀបចំ​ផែនការ​គ្រួសារ​ឲ្យ​ច្បាស់លាស់ ។

ជា​ទូទៅ​ផែនការ​គ្រួសារ គឺ​វា​មាន​តាំងពី​ចំណូល ចំណាយ និង​ការ​សន្សំ ហើយ​លៃលក​បំពេញ​ចន្លោះ​ប្រហោង ហើយ​នៅ​ក្នុង​ករណី​ដែល​ឪពុក​ម្តាយ និង​កូន​ចេះ​យល់ចិត្ត​គ្នា​គ្រួសារ និង​មាន​សុភមង្គល ។ ឪពុក​ម្តាយ​ធ្វើ​ពលី​កម្ម​ចំពោះ​កូន​ៗ ហើយ​បើ​កូន​ៗ​មាន​កត្តញូតាធម៌​ចំពោះ​ពួក​គេ​ទាំង​ពីរ គឺជា​សកម្មភាព​ដ៏​ប្រពៃ​ដែល​យើង​គួរតែ​យកចិត្តទុកដាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ