វិស័យដឹកជញ្ជូនផ្លូវអាកាសកម្ពុជាទាំងបី អាកាសយានដ្ឋានត្រូវបានគេដឹងថា មានចំនួនសរុបរហូតដល់ទៅជិត៣ម៉ឺនជើង នៅក្នុងរយៈពេល៥ខែដើម ឆ្នាំ២០២៥នេះ ។ តាមរបាយការណ៍ពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា នៅក្នុងរយៈពេល៥ខែកន្លងមកនេះ ជើងហោះហើរទេ្វរទិស…
វិស័យដឹកជញ្ជូនផ្លូវអាកាសកម្ពុជាទាំងបី អាកាសយានដ្ឋានត្រូវបានគេដឹងថា មានចំនួនសរុបរហូតដល់ទៅជិត៣ម៉ឺនជើង នៅក្នុងរយៈពេល៥ខែដើម ឆ្នាំ២០២៥នេះ ។ តាមរបាយការណ៍ពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា នៅក្នុងរយៈពេល៥ខែកន្លងមកនេះ ជើងហោះហើរទេ្វរទិស ដែលចេញ និងចូលកម្ពុជា មានចំនួនសរុប ២៧.៦៧០ជើង ពោល គឺមានការកើនឡើង សរុបប្រមាណជា១៤ភាគរយ នោះបើគេធៀបនឹងរយៈពេលដដែលកាលពីឆ្នាំ២០២៤កន្លងទៅ ។
ប្រភពដដែលបានឲ្យដឹងថា នៅក្នុងអំឡុងពេលនោះអ្នកដំណើរដែលចេញចូលកម្ពុជាមានចំនួនសរុបជាង៣លាននាក់ជាមួយនឹងកំណើនប្រមាណជា១៨ភាគរយ ។ ដោយឡែក ការដឹកជញ្ជូនទំនិញវិញត្រូវបានគេដឹថា គឺមានប្រមាណជាជិត៣ម៉ឺនតោនកើនឡើងប្រមាណជា៥ភាគរយ ។
នេះ គឺជាសមិទ្ធផលដ៏គួរឲ្យវិជ្ជមានសម្រាប់វិស័យដឹកជញ្ជូនផ្លូវអាកាស ដែលបានដំណើរការនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និង អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អ្នកវិភាគបានលើកឡើងថា សម្រាប់រយៈពេលទៅមុខនេះវិស័យដឹកជញ្ជូននេះអាចនឹងមានបញ្ហាប្រឈមខ្លះ ។
អ្នកវិភាគរូបនេះបានលើកឡើងថា សង្គ្រាមតាមអាកាសរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល១៣ ថ្ងៃមកនេះទោះបីជាមិនប៉ះដល់កម្ពុជាដោយផ្ទាល់ក៏វាប្រយោលដែរពីព្រោះជើងហោះហើរជាច្រើនដែលតភ្ជាប់តាមជើងហោះហើរនៅមជ្ឈិមបូព៌ា គឺត្រូវបានរំខាន ។
ជាការពិត តាមសេចក្តីរាយការណ៍របស់សារព័ត៌មានបរទេសនានា បានឲ្យដឹងថា មកដល់ ពេលនេះ ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនដូចជា សាំងហ្គាពួរ អ៊ែឡាញ, ប្រ៊ិតធីស អ៊ែវេ, និង កូរ៉េអ៊ែឡាញ ជាដើមដែលហោះតភ្ជាប់ទៅកាន់ឌូបៃ ដូហា និងរីយាដសុទ្ធតែផ្អាកជើងហោះហើរ ។ ក្រៅពីនោះ នៅមានក្រុមហ៊ុនអាកាសចរណ៍ជាច្រើនទៀត ហើយដោយឡែកគ្រាន់តែសហរដ្ឋ អាមេរិកបើកការវាយប្រហារទៅលើអ៊ីរ៉ង់ គឺវាបានប៉ះពាល់ដល់ជើងហោះហើរសរុបរហូតដល់ទៅប្រមាណជា ៣០០០ ជើងឯណោះ ។
លោកបានអះអាងថា ជាការពិតភ្ញៀវទេសចរបរទេសមកពីមជ្ឈិមបូព៌ាមកកម្ពុជា គឺមានកម្រិតមែនទែន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការរំខានជើងហោះហើរឆ្លងកាត់តំបន់នេះ គឺពិតជាប៉ះពាល់ដល់វិស័យដឹកជញ្ជូនផ្លូវអាកាសជារួម ដូច្នេះកម្ពុជាក៏នឹងរងនូវផលប៉ះពាល់ផងដែរ ។
មកដល់ពេលនេះ ដែនអាកាសដែលមិនមានស្តង់ដាសុវត្ថិភាពសម្រាប់ដំណើរការដឹកជញ្ជូនផ្លូវអាកាស គឺសឹងតែទូទាំងតំបន់មជ្ឈិមបូព៌ា ដែលរួមមានអារ៉ាប់ ប៊ីសាអូឌីត, អ៊ីរ៉ាក់, ស៊ីរី, យេមេន, អាលហ្សេរី, លីបង់, លីប៊ី, បារ៉ែន, គុយវែត, អូម៉ង់, កាតា, អ៊ីស្រាអែល, និង អ៊ីរ៉ង់ផ្ទាល់តែម្តង គឺសុទ្ធតែរងផលប៉ះពាល់ ។
ក្រៅពីវិបត្តិនៅក្នុងតំបន់ អ្នកវិភាគរូបនេះបានបន្តថា បញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ក៏នឹង ជះឥទ្ធិពលដល់សេវាកម្មដឹកជញ្ជូនផ្លូវអាកាសខ្លះដែរ ដោយសារតែថៃនៅតែជាច្រកតភ្ជាប់ជើងហោះហើរមួយរបស់កម្ពុជាទោះបីជាគោលនយោបាយទម្លុះជើងមេឃបានតភ្ជាប់ កម្ពុជាទៅកាន់គោលដៅទូលំទូលាយក៏ដោយចុះ ៕
ចែករំលែកព័តមាននេះ