ទោះជារដូវកាលនេះ ជារដូវភ្លៀងដែលមានអាកាសធាតុសើមក៏ពិតមែន ប៉ុន្តែសេចក្តីរាយការណ៍អំពីគ្រោះអគ្គិភ័យនៅតែមានជាបន្តបន្ទាប់ ករណីដូចជាគ្រោះអគ្គិភ័យដែលបានកើតមាន កាលពីអធ្រាត្រ ថ្ងៃទី១៨ ខែមិថុនា នៅចំណុចផ្លូវ១០០៣ ក្រុមទី៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

គ្រោះអគ្គិភ័យជាភាពយន្តរាយដែលមិនប្រកាន់រដូវកាល ឬពេលវេលាឡើយ អោយតែប្រហែស គឺដឹងតែវិនាសខ្ទេចខ្ទីទ្រព្យសម្បត្តិតែមួយពព្រិចភ្នែក ដូចជា ករណីខាងលើដែលបានបំផ្លាញទ្រព្យសម្បត្តិ និងផ្ទះ អស់៦ខ្នង ខណៈដែលប៉ុន្មានថ្ងៃនេះ គឺមានភ្លៀងធ្លាក់ច្រើនក៏ដោយ ។
ក្រៅពីនោះ កាលពីយប់ថ្ងៃទី១៨ ខែឆ្នាំដដែល អាហារដ្ឋានមួយកន្លែងដែលគេដឹងថា គឺជារបស់តារា ពេជ្រ ចរណៃ ដែលល្បីឈ្មោះដោយសារតែល្បុក្កតោ មានទីតាំងស្ថិតនៅផ្លូវលេខ៣១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក៏បានរងគ្រោះផងដែរដោយអគ្គិភ័យនេះដែរ ។ នេះ គឺជាសោដនាដកម្ម របស់គ្រួសាររងគ្រោះ ខណៈដែលគេដឹងថា ៥ខែកន្លងមកនេះ គ្រោះអគ្គិភ័យនៅកម្ពុជាបានកើតមានឡើងដល់ទៅ៤៧០ករណី ដោយបានសម្លា.ប់ និងរបួសមនុស្ស៤០នាក់ ។ គ្រោះអគ្គិភ័យនេះបំផ្លាញផ្ទះអស់៤០៥ ខ្នង តូបផ្សារ៤៧ តូប ឃ្លាំងទំនិញ១៨ កន្លែង រោងចក្រសិប្បកម្ម ៩កន្លែង អគាររដ្ឋបាល ៩ កន្លែង ។
សូមកុំប្រហែសជាមួយនឹងគ្រោះមហន្តនេះ ហើយមូលហេតុដែលឆេះត្រូវបានគេដឹងថា ជាង៤១ភាគរយ គឺដោយសារតែឆ្លងចរន្តអគ្គិសនី ដោយឡែកបញ្ហាចង្ក្រាន និងការប្រើប្រាស់ភ្លើង គឺប្រមាណជាជាង៣៨ភាគរយ ហើយជាង២០ភាគរយ គឺវាអាចមកពីកត្តាធ្វេសប្រហែសផ្សេងៗជាដើម ។

បើតាមតួលេខករណីមនុស្សគ្រោះថ្នាក់ថយចុះ១០នាក់ បើធៀបនឹងរយៈពេលដដែល កាលពីឆ្នាំទៅ ប៉ុន្តែករណីអគ្គិភ័យវិញ គឺកើនឡើង៣០ករណី ហើយកន្លែងកើតច្រើនជាងគេ គឺនៅតែភ្នំពេញ ។ ដោយសារតែបញ្ហាគ្រោះអគ្គិភ័យ នៅតែមានហានិភ័យខ្ពស់យើងខ្ញុំគិតថា យើងជាអ្នកពាក់ព័ន្ធ គួរតែសិក្សាហើយដាក់ចេញនូវយុទ្ធសាស្ត្របន្ថែមទៀត ដើម្បីជួយបង្ការ និងទប់ស្កាត់ករណីគ្រោះមហន្តរាយនេះ ។

ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដោយសារអគ្គិភ័យនេះកម្ពុជាគួរតែកែលម្អ ការយល់ដឹងជាសាធារណៈតាមរយៈការអប់រំនៅតាមសាលារៀន និងតាមការផ្សព្វផ្សាយនៅសហគមន៍ ។ ក្រៅពីនោះ យើងទាំងអស់គ្នាគួរតែឧស្សាហ៍ធ្វើការត្រួតពិនិត្យប្រព័ន្ធអគ្គិសនី និងឧបករណ៍អគ្គិសនីនានាឲ្យបានញឹកញាប់ ហើយក៏គួរតែកំណត់ស្តង់ដាប្រព័ន្ធអគ្គិសនី និងឧបករណ៍ឲ្យត្រឹមត្រូវ ។ ក្រៅពីនោះ ការពង្រឹង ច្បាប់ និងបទប្បញ្ញត្តិគ្រប់គ្រងក៏គួរតែយកចិត្តទុកដាក់ និងលើកកម្ពស់ការអនុម័ត និងគោរពតាមស្តង់ដារផ្នែកសុវត្ថិភាពពីអគ្គិភ័យ ។
ដោយឡែក ការពង្រឹងស្មារតី និងការបំផុសការចូលរួមជាស្មារតីបង្ការ និងការពារតាមសហគមន៍ក៏ជាបច្ច័យវិជ្ជមានមួយ ដើម្បីអាចជួយសង្គ្រោះ និងការពារពីគ្រោះដ៏អាក្រក់នេះបាននៅពេលអនាគត ។

សរុបសេចក្តីទៅ ការបង្ការ និងទប់ស្កាត់គ្រោះអគ្គិភ័យ មិនអាចជោគជ័យបានឡើយ ប្រសិនបើមិនមានការចូលរួមជាសមូហភាព ។ វាត្រូវការការចូលរួមទាំងស្រុងពីរដ្ឋបុគ្គល និងសហគមន៍ទាំងអស់ ។
យើងទាំងអស់គ្នា គួរតែធ្វើឲ្យការប្រុងប្រយ័ត្ន និងការសហការប្រកបដោយការទទួលខុសត្រូវ ។ ពេលនោះគ្រោះអគ្គិភ័យនឹងអាចត្រូវបានកាត់បន្ថយ រីឯទំហំនៃការខូចខាតនឹងមានទំហំតូចជាងមុនផងដែរ ៕
ចែករំលែកព័តមាននេះ