នេះគឺជាពេលវេលាមាសដើម្បីកម្ពុជាពង្រឹងសមត្ថភាពផ្គត់ផ្គង់ទីផ្សារបន្លែនិងផ្លែឈើដោយខ្លួនឯងហើយរំដោះខ្លួនចេញពីការពឹងផ្អែកលើបរទេស។ ភាពតានតឹងដែលឈានដល់ការរឹតត្បិតច្រកព្រំដែនដែលបង្កឡើងដោយភាគីថៃជាឯកតោភាគីកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ រហូតឈានដល់ការហាមឃាត់ការនាំចូលបន្លែនិងផ្លែឈើថៃមិនអោយ ចូលប្រទេស១០ថ្ងៃក្រោយមក គឺជាឱកាសដែលអ្នករកស៊ីនិងអ្នកដាំបន្លែនិងផ្លែឈើនៅក្នុងស្រុកគួរតែរួមគ្នាច្បាមឱកាសនេះ ពង្រឹងហើយពង្រីកសក្តានុពលទីផ្សារ ដើម្បីកាត់បន្ថយតម្រូវការឫការពឹងផ្អែកលើ ផលិតផលពីប្រទេសជិតខាង…
នេះគឺជាពេលវេលាមាសដើម្បីកម្ពុជាពង្រឹងសមត្ថភាពផ្គត់ផ្គង់ទីផ្សារបន្លែនិងផ្លែឈើដោយខ្លួនឯងហើយរំដោះខ្លួនចេញពីការពឹងផ្អែកលើបរទេស។
ភាពតានតឹងដែលឈានដល់ការរឹតត្បិតច្រកព្រំដែនដែលបង្កឡើងដោយភាគីថៃជាឯកតោភាគីកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ រហូតឈានដល់ការហាមឃាត់ការនាំចូលបន្លែនិងផ្លែឈើថៃមិនអោយ ចូលប្រទេស១០ថ្ងៃក្រោយមក គឺជាឱកាសដែលអ្នករកស៊ីនិងអ្នកដាំបន្លែនិងផ្លែឈើនៅក្នុងស្រុកគួរតែរួមគ្នាច្បាមឱកាសនេះ ពង្រឹងហើយពង្រីកសក្តានុពលទីផ្សារ ដើម្បីកាត់បន្ថយតម្រូវការឫការពឹងផ្អែកលើ ផលិតផលពីប្រទេសជិតខាង ។
កុំមើលស្រាលអំពីទំហំនិងតម្រូវការនៃទីផ្សារបន្លែនិងផ្លែឈើនេះឲ្យសោះ ។ ជាការពិតតាមឯកសារវិទ្យាសាស្ត្រមួយចំនួនបានលើកឡើងថា នៅក្នុងមួយថ្ងៃមនុស្សម្នាក់ត្រូវការហូបបន្លែ និង ផ្លែឈើប្រមាណជា ៤០០ ក្រាម ប៉ុន្តែសម្រាប់ពលរដ្ឋកម្ពុជាប្រហែលជាមិនហូបច្រើនដល់ថ្នាក់នោះទេ ។ តាមអ្នកជំនាញៗដែលធ្លាប់លើកឡើងពីមុនៗមក តម្រូវការបន្លែនៅកម្ពុជាគឺមានប្រមាណជា នៅក្នុងរង្វង់ពី ៤០០ទៅ៥០០ តោន នៅក្នុងមួយថ្ងៃ ហើយផ្លែឈើក៏ទំនងជានៅក្នុងរង្វង់នេះផងដែរ ។
សព្វថ្ងៃនេះប្រភពបន្លែនិងផ្លែឈើទាំងនេះ មួយចំណែកគឺកម្ពុជានាំចូលពីប្រទេសផ្សេងៗជាពិសេសគឺប្រទេសជិតខាងដែលមាន ថៃ និង វៀតណាមនេះឯង ។ ផលិតផលបន្លែខ្លះទៀតដែលកម្ពុជានាំចូលពី ប្រទេសផ្សេងមួយចំនួនធំក៏នាំចូលតាមច្រកប្រទេសជិតខាងនេះដែរ ។
ឥឡូវនេះស្ថានភាពផ្គត់ផ្គង់អាចមានការប្រែប្រួល ដោយសារតែច្រកព្រំដែនកម្ពុជាទាំងអស់ដែលជាប់ថៃត្រូវបានរាជរដ្ឋាភិបាលចេញបម្រាមនាំចូលបន្លែនិងផ្លែឈើទាំងស្រុង ដោយសារតែភាគីថៃបាន ដាក់ចេញនូវការរឹតបន្តឹងព្រំដែនជាឯកតោភាគី ។
ការសម្រេចរបស់អាជ្ញាធកម្ពុជាវាអាចនឹងធ្វើឲ្យការផ្គត់ផ្គង់បន្លែនិងផ្លែឈើមានបញ្ហាខ្លះ។ ប៉ុន្តែវាក៏ជាឱកាសសម្រាប់អ្នកពាក់ព័ន្ធនិងអ្នកផលិតកម្មបន្លែនិងផ្លែឈើគួរតែដាក់ចេញនូវផែនការនិងកម្មភាពជាបន្ទាន់ មួយដើម្បីពង្រឹងការដាំបន្លែ និង ថែទាំចំការដំណាំហូបផ្លែ ។ កន្លងមកយើងធ្លាប់រអ៊ូរទាំថា បន្លែបង្កាដែលយើងដាំបានខ្វះទីផ្សារដោយសារតែការហូរចូលបន្លែនិងផ្លែឈើពីប្រទេសជិតខាង។ ប៉ុន្តែឥឡូវនេះ មួយចំណែកពោលគឺការនាំចូលបន្លែនិងផ្លែឈើពីថៃជាប់បម្រាមហើយ។ ដូច្នេះវាគឺជាពេលត្រូវចាប់យកឱកាសនេះហើយ ។
តាមស្ថានការណ៍បម្រាមនេះទំនងជាមិនបញ្ចប់ទៅនៅក្នុងពេលឆាប់ៗឡើយ បើទោះបីជាភាគីកម្ពុជាបានដាក់ចេញនូវលក្ខខណ្ឌនៃការបើកដំណើរការនាំចេញនាំចូលធម្មតាវិញងាយស្រួលក៏ដោយ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងកាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២៥ អ្វីៗអាចនឹងដំណើរការឡើង វិញតាមធម្មតា ដោយមិនបាច់ចរចានោះទេ ពោលគឺត្រឹមភាគីថៃដែលបានប្រើប្រាស់គោលការណ៍បិទឯកតោភាគី ធ្វើឲ្យមានបញ្ហាមុននៅថ្ងៃទី ០៧ ខែមិថុនា ដាក់ចេញដំណើរការបើកព្រំដែនជាប្រក្រតីជាឯកតោភាគីឲ្យដូចមុនពេលដាក់ចេញនោះទៅ គឺវាចប់ហើយ ។ ភាគីកម្ពុជាគឺនឹងអនុវត្តតាមក្រោយនៅយ៉ាងយូរបំផុតត្រឹម៥ម៉ោងប៉ុណ្ណោះ ។
សម្តេចធិបតីបានលើកឡើងថា រឿងនេះមិនចាំបាច់ចរចាទេ។ បើថៃធ្វើឲ្យស្ថានការណ៍ដូចមុនថ្ងៃទី ០៧ ខែមិថុនា គឺអ្វីៗនឹងវិលមករកប្រក្រតីភាពវិញភ្លាម ។ ប៉ុន្តែទោះបីជាយ៉ាងណាអ្នកវិភាគជឿជាក់ថា ថៃប្រហែលមិនងាយនឹងធ្វើលើរឿងនេះទេ ដោយសារតែខ្លាចបាក់មុខ។ ដូច្នេះស្ថានការណ៍បែបនេះអាចចំណាយពេលយូរ ដែលយើងគួរតែគិតគូរពង្រឹងការផ្គត់ផ្គង់នៅក្នុងស្រុក។
ពាក់ព័ន្ធនឹងយន្តការពង្រឹងផលិតកម្មបន្លែនិងផ្លែឈើនេះ កាលពីសមាជសភានិងព្រឹទ្ធសភាដែលរៀបចំនៅថ្ងៃទី០៣ ខែមិថុនា យើងដឹងថា រដ្ឋាភិបាលបានត្រៀមថវិកាដល់ទៅ៣៥លានដុល្លារបន្ថែមដើម្បីគាំទ្រដល់ការផ្ដល់កម្ចីការប្រាក់ទាបដល់សហគមន៍កសិកម្មទំនើប។ ដូច្នេះសង្ឃឹមថា បន្លែនិងផ្លែឈើអាចនឹងទទួលផលពីគម្រោងថវិកានេះ ។
ទឹកប្រាក់នេះវាច្រើនមែន តែពិតជាមិនអាចឆ្លើយតបគ្រប់គ្រាន់ដើម្បីជំរុញទិន្នផលបន្លែនិងផ្លែឈើឲ្យទាន់ពេលនោះទេ ។ នៅក្នុងពេលនេះការលំបាកវាប្រាកដជាមាន ប៉ុន្តែប្រសិនបើអ្នកពាក់ព័ន្ធរួបរួមគ្នាហើយដំណើរការដោយការសហការល្អ អ្វីៗនឹងរលូនហើយផលិតផលកម្មបន្លែនិងផ្លែឈើកម្ពុជារំពឹងថា នឹងអាចបង្ហូរចូលទីផ្សារបានលឿន និង អាចទ្រទ្រង់បាន ហើយមិនតែប៉ុណ្ណោះអាចឈានទៅដណ្តើមភាពជាម្ចាស់លើចំណែកទីផ្សារនិងការផ្គត់ផ្គង់បន្លែនិងផ្លែឈើ នៅក្នុងស្រុក យើងបានជានិរន្តរភាព ៕
ចែករំលែកព័តមាននេះ