ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​រាជធានី​ភ្នំពេញ​ សុំ​ឱ្យ​សមត្ថកិច្ច និង​អាជ្ញាធរ​គ្រប់​ខណ្ឌ ​ត្រូវ​បង្កើន​​កិច្ច​ការពារសន្តិសុខ​ជូន​ស្ថានទូតថៃ និង​អ្នក​រកស៊ី​ជនជាតិ​ថៃ

13 ម៉ោង មុន

រាជធានីភ្នំពេញ ​៖ ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ ស្តី​ពី​ការ​រៀបចំ​កម្មវិធី​ព្យុហយាត្រា​សាមគ្គីភាព​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នៅ​សាលា​រាជធានី​ភ្នំពេញ រសៀល​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២៥​នេះ លោក ​ឃួ​ង…

រាជធានីភ្នំពេញ ​៖ ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ ស្តី​ពី​ការ​រៀបចំ​កម្មវិធី​ព្យុហយាត្រា​សាមគ្គីភាព​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នៅ​សាលា​រាជធានី​ភ្នំពេញ រសៀល​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២៥​នេះ លោក ​ឃួ​ង ស្រេង អភិបាល​រាជធានី​ មាន​ប្រសាសន៍​ថា សម្រាប់​ពិធី​ព្យុហយាត្រា​សាមគ្គីភាព​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​នេះ យើង​មានការ​បំពាក់​មេក្រូ​ តាម​ដងផ្លូវ​ និង​នៅ​កន្លែង​ប្រារ​ព្ឋ​ពិធី មាន​ទាំង​ការ​ពង្រឹង​កាមេរ៉ា​សុវត្ថិភាព ចាប់​តាម​បណ្ដា​ផ្លូវ​នានា ។​ ចំណែក​ខណ្ឌ​ទាំង១៤ ​ត្រូវ​បង្កើន​ចំណុច​ខ្ពស់​ទាំងអស់ ពិសេស​កិច្ច​ការពារ សន្តិសុខ សុវត្ថិភាព​ជូន​ស្ថានទូត​ថៃ ប្រជាពលរដ្ឋ​ថៃ​និង​អ្នក​រកស៊ី​ជនជាតិ​ថៃ​ជាដើម​ ។​ ជាមួយនឹង​ការ​រក្សា​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ទូទៅ ដោយ​មិន​ត្រូវ​ឱ្យ​មាន​បញ្ហា​អ្វី​កើត​ឡើងជា​ដាច់ខាត​។ បន្ថែម​ពី​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ​ក៏​បាន​ត្រៀម​នៅ​រថយន្ត​សង្គ្រោះ ដោយ​បាន​ទាក់ទង​ជាមួយនឹង​បណ្ដា​មន្ទីរពេទ្យនានា ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ពោល​គឺ​នៅ​ពេល​ ដែល​មាន​បងប្អូន​ប្រជាពលរដ្ឋ មាន​បញ្ហា​សុខភាព​កើតឡើង យើង​ជួយ​សង្គ្រោះ​បាន​ទាន់​ពេលវេលា​ ។

ឯកឧត្តម​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន ឧបនាយករដ្ឋមន្ត្រី បាន​សម្រេច​ក្នុង​ការ​ប្រគល់​ភារកិច្ច​ដ៏​ធំ​មួយ​ ជូន​ទៅ​លោក ​ឃួ​ង ស្រេង អភិបាល​ នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​កិច្ចការ ការពារ​សន្តិសុខ សុវត្ថិភាព ឱ្យ​បាន​ជោគជ័យ​១០០% ក្នុង​កម្មវិធី ព្យុហយាត្រា​សាមគ្គីភាព របស់​សហភាព​សហព័ន្ធ​យុវជនកម្ពុជា ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​១៨ ​មិថុនា ២០២៥ ​ខាង​មុខ​នេះ ​។

ឯកឧត្តម​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ​៖ បញ្ហា​សន្តិសុខ​ សុវត្ថិភាព​ នៅ​ក្នុង​កម្មវិធីព្យុហយាត្រា​សាមគ្គីភាព របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ត្រូវ​បាន​ប្រគល់​ជូនលោក ឃួ​ង ស្រេង ដែល​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ដោយ​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ មាន​ទាំង​កម្លាំង​ប៉ូ​លិ​ស កងរាជអាវុធហត្ថ​ និង​កង​អង្គរក្ស​ ជា​អ្នកគាំទ្រ​ដោយ​ផ្ទាល់ ដាច់ខាត​ពិធី​នេះ ​ត្រូវ​តែ​រក្សា​ឲ្យ​បាន​សន្តិសុខ សុវត្ថិភាព ១០០% មិន​ត្រូវ​ឲ្យ​មាន​ហេតុការណ៍​អ្វី​កើតឡើង​ដាច់ខាត ទាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​ផ្លូវ​ចេញ ចូល​រាជធានី​ភ្នំពេញ ព្រោះថា​ នេះ​ជា​ព្រឹត្តិការណ៍​នយោបាយ​ដ៏​ធំ​បំផុត​ ដែល​យើង​ត្រូវ​តែ​ធ្វើ​ឱ្យ​បាន​ហ្មត់ចត់​បំផុត ​។

ឯកឧត្តម ​ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​មាន​ប្រសាសន៍​លើក​ឡើង​ផង​ដែរ​ថា សម្រាប់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ បាន​ត្រៀម​ជាមួយនឹង​ការ​កែសម្រួល​នូវ​ចំណុច​ខ្លះ​ ដើម្បី​ឲ្យ​សម​ស្រប​ទៅ​នឹង​គម្រោង​ផែនការ​ក្នុង​កិច្ច ការពារ​សន្តិសុខ សុវត្ថិភាព​ទាំង​ខ្លឹមសារ ដោយ​មិន​ត្រូវ​បាន​យក​ទៅ​កែ​ច្នៃ​ឡើយ​ ។ ​បន្ថែម​ពី​នេះ ​សហព័ន្ធ​យុវជន​កម្ពុជា ​ក៏​បាន​ធ្វើ​លិខិត​បញ្ជូន​ទៅ​បណ្ដាល​ស្ថានទូត​នានា នៅ​ក្នុង​រាជធានី​ភ្នំពេញ ប្រមាណ​ជាង​២០​ស្ថានទូត​រួច​ហើយ ដើម្បី​ឲ្យ​ពួក​គាត់​បាន​ជ្រាប​ពី​ព័ត៌មាន​ និង​ប្រាប់​ពួក​គាត់​ឲ្យ​ដឹង​ពី​គោលបំណង​របស់​យើង ​ជុំវិញ​ការ​ធ្វើ​ពិធី​នេះ​ផង​ដែរ ​។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព​ត៏​មាន ក៏​បាន​បញ្ជាក់​ឱ្យ​ដឹង​ដែរ​ថា ​៖ ក្រសួង​ព័ត៌មាន មានតួនាទី ក្នុង​ការ​ផ្សាយ​បន្ត​ផ្ទាល់​ព្រឹត្តិការណ៍​នយោបាយ​ដ៏​ធំ​នេះ ដោយ​ទូរទស្សន៍​ជាតិ ​និង​ទូរទស្សន៍​បាយ័ន ​សហការ​គ្នា​ផ្សាយ​ផ្ទាល់​។ ចំណែក ឯ​ទូរទស្សន៍​ផ្សេង​ៗ​ទៀត ​ក៏​ត្រូវ​បាន​ផ្សាយ​បន្ត​ផ្ទាល់​ទាំងអស់​ផង​ដែរ​។ បន្ថែម​ពីរ​នេះ ​ក្រសួង​ព័ត៌មាន ក៏​បាន​អនុញ្ញាតិ​អោយ​សារព័ត៌មាន ជាតិ និង​បរទេស ជា​ច្រើន​ស្ថាប័ន ​ធ្វើការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ផង​ដែរ ​។

សូម​បញ្ជាក់​ថា កម្មវិធី ព្យុហយាត្រា​សាមគ្គីភាព របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​១៨​ មិថុនា​ ស្អែក​នេះ នឹង​ចាប់ផ្តើម​ជួបជុំ​គ្នា​នៅ​មុខ​ទីធ្លា​សាល​មហា​ស្រព​កោះ​ពេជ្រ ហើយ​បន្ត​ក្បួនព្យុហយាត្រា​ឆ្ពោះ​មក​កាន់​វិមាន​ឯករាជ្យ​ ។​ ចំពោះ​គោលបំណង​ នៃ​កម្មវិធី ព្យុហយាត្រា​សាមគ្គីភាព គឺ​ ៖ បង្ហាញ​ការ​គាំទ្រ សុចរិត​ភាព និង​ភាព​ស្របច្បាប់​របស់​កម្ពុជា ផ្អែក​លើ​ច្បាប់ និង​បទដ្ឋាន​គតិ​យុ​ត្ត​ផ្សេង​ៗ (​កម្ពុជា មិន​មាន​បំណង​ចង់បាន​ទឹកដី​របស់​ប្រទេស​ណាមួយ​សូ​ម្បី​តែ​មួយ​មី​លី​ម៉ែត្រ ប៉ុន្តែ​កម្ពុជា​ក៏​មិន​ឱ្យ​នរណា​យក​ដី សូ​ម្បី​តែ​មួយ​មី​លី​ម៉ែត្រ​ដែរ​)​។ បង្ហាញ​ការ​គាំទ្រ​វិធានការ​របស់​រាជរដ្ឋាភិបាល ទាំង​ផ្នែក​ការទូត ផ្នែក​ការពារ​ជាតិ ផ្នែក​ច្បាប់ និង​ខឿន ការពារ​ជាតិ​ប្រជាជន​។ បង្ហាញ​ការ​គាំទ្រ ក្នុង​ការ​សម្រេចចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​រៀបចំ​ឯកសារ​ដើម្បី​ដាក់​ពាក្យ​ប្ដឹង ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដោយ​ផ្អែក​លើ​ស្មារតី ត្រូវ​ពន្លត់ភ្លើង​ជា​ជាង​អង្គុយ​បក់ផ្សែង​។ ស្មារតី​យើង សកម្មភាព កាយវិការ និង​សំឡេង ​នៃ​ការ​គាំទ្រ​របស់​យើង​ម្នាក់​ៗ គឺជា​កម្លាំងចិត្ត និង​ថាមពល សម្រាប់​រាជរដ្ឋាភិបាល និង​កងកម្លាំងប្រដាប់អាវុធ​របស់​យើង​នា​ពេល​នេះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ