ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី ៖ កម្ពុជា​នៅ​តែ​រក្សា​ជំហរ ក្នុង​ការ​ដាក់​តំបន់​ជម្លោះ​ចំនួន​៤ ទៅ​តុលាការយុត្តិធម៌​អន្តរជាតិ ទោះបី​ភាគី​ថៃ​បដិសេធ

11 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ជា​ថ្មី​ថា ជំហរ​របស់​កម្ពុជា នៅ​តែ​រក្សា​ដដែល ក្នុង​ការ​ដាក់​ពាក្យ​ប្តឹង​បញ្ហា​ជម្លោះ​នៅ​តំបន់​ចំនួន​៤…

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ជា​ថ្មី​ថា ជំហរ​របស់​កម្ពុជា នៅ​តែ​រក្សា​ដដែល ក្នុង​ការ​ដាក់​ពាក្យ​ប្តឹង​បញ្ហា​ជម្លោះ​នៅ​តំបន់​ចំនួន​៤ ជាមួយ​ថៃ ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តជាតិ (ICJ) ដោយ​គ្មាន​ការ​ប្រែប្រួល​នោះ​ទេ ទោះបី​ភាគី​ថៃ បដិសេធ​ក៏​ដោយ ។

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ក្នុង ពិធី “​បិទ​មហាសន្និបាត​វិសាមញ្ញ​កាយរឹទ្ធិ​ជាតិ​កម្ពុជា​” នា​រសៀល​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៥ យ៉ាង​ដូច្នេះ​ថា ៖ កម្ពុជា​រក្សា​ជំហរ​រយ​ក​បញ្ហា​តំបន់​មុំ​បី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និង​ប្រាសាទ​តា​ក្របី ប្តឹង​តុលាការ​យុត្តិធម៌​អន្តរជាតិ ។ ដោយ​មិន​មានការ​ដកថយ​ចំពោះ​កិច្ច​ការងារ​នោះ​ទេ ។

សម្តេច​បវរ​ធិ​បតី បាន​បញ្ជាក់​ថា ៖ «​កម្ពុជា​យើង​មិន​បាន​ត្រឹមតែ​និយាយ​នោះ​ទេ គឺ​ត្រឹមតែ​២​ស​ប្តា​ហ៍​គត់ យើង​បាន​ប្រកាស​ជា​ផ្លូវការ ក្រោយមក យើង​ប្រកាស​ជា​ផ្លូវការ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ តែ​ម្តង បាន​ន័យ​ថា កម្ពុជា​យើង​មិន​ដកថយ​ពី​ការ​ប្រើ​យន្តការ​តុលាការ​យុត្តិធម៌​អន្តរជាតិ ដោះស្រាយ​បញ្ហា​ទាំង​៤​នេះ សូម​ជម្រាប​ឲ្យ​ច្បាស់ ហើយ​ជា​គោលការណ៍​របស់​យើង​» ។

សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បន្ថែ​មកា​រដាក់​បណ្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ រយៈពេល​២​ស​ប្តា​ហ៍ គឺ​លឿន​ហើយ ប៉ុន្តែ​ចាំបាច់​អ្វី​ដែល​យើង​ធ្វើ​ចំ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៥ ចំ​ខួប​ថ្ងៃ​ទី​១៥ មិថុនា ឆ្នាំ​១៩៦២ ក៏​ជា​ប្រផ្នូល​ល្អ​របស់​កម្ពុជា ដែល​ឈ្នះក្តី​ពី​ថៃ ក្នុង​សំណុំរឿង​ប្រាសាទព្រះវិហារ ។

សម្តេច​បវរ​ធិ​បតី បាន​លើក​ឡើង​ទោះបីជា​ថៃ​បដិសេធ មិន​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ជា​រឿង​របស់​ភាគី​ថៃ ចំណែក​កម្ពុជា គឺ​នៅ​ពេល​ស៊ី​ញ៉េ​ហើយ គឺ​មន្ត្រី​យើង​បាន​ជិះ​យន្តហោះ​យក​ឯកសារ​ទៅ​តែ​ម្តង ។

សូម​ជម្រាប​ថា សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​សរសេរ​លើ​បណ្តាញ​សង្គម​ផ្លូវការ​របស់​សម្តេច​នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២៥​ថា ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ទើប​រាយការណ៍​មក​ថា នៅ​ថ្ងៃ​ចន្ទ ទី​១៦ មិថុនា ២០២៥ វេលា​ម៉ោង ១១:៣០​នាទី​ព្រឹក នៅ​ទីក្រុង​ឡា​អេ (​ត្រូវ​នឹង​ម៉ោង ៤:៣០​នាទី ល្ងាច ម៉ោង​នៅ​រាជធានី​ភ្នំពេញ​) លិខិតផ្លូវការ​របស់​កម្ពុជា ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដើម្បី​ជួយ​ស្វែងរក​ដំណោះស្រាយ​បញ្ហា​វិវាទ​ព្រំដែន នៅ​តំបន់​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​បី ត្រូវ​បាន​លោក​ជំទាវ គឹ​ម​សួគ៌ សុ​វ​ណ្ណា​រី ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ហូ​ឡង់ ប្រគល់​ដោយ​ផ្ទាល់​ដៃ ជូន​លោក​ក្រឡាបញ្ជី Philippe Gautier នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ។

សម្តេច​បវរ​ធិ​បតី បាន​អះអាង​ថា កម្ពុជា​មិន​ដកថយ​ទេ ពី​ការ​ប្រើប្រាស់​យន្តការ​ច្បាប់​តាម​រយៈ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​បី ។

សម្តេច​បវរ​ធិ​បតី បញ្ជាក់​ថា ៖ “​រាជរដ្ឋាភិបាល នឹង​បន្ត​ធ្វើ​កិច្ចការ​នេះ ប្រកបដោយ​ការ​ប្តេជ្ញា​ចិត្ត និង​ការ​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ការពារ​បូរណភាព​ទឹកដី ក៏​ដូច​ជា​ឧត្តម​ប្រយោជន៍​ជាតិ និង​ប្រជាជន​ខ្មែរ​” ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ