រាជធានីភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា កម្ពុជា មានសមត្ថភាពផលិតគ្រប់គ្រាន់ដើម្បីធានាដល់តម្រូវការសន្តិសុខស្បៀង ហើយរាល់ការនាំចូលបន្លែ ផ្លែឈើ សុទ្ធតែអាចជំនួស បានទាំងស្រុងដោយផលិតផលក្នុងស្រុក នេះបើតាមអ្នកនាំពាក្យក្រសួងកសិកម្ម ។
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងនៅលើបណ្តាញសង្គមនៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ យ៉ាងដូច្នេះថា ៖ «ស្របពេលដែលមានការបិទការនាំចូលបន្លែផ្លែឈើពីប្រទេសថៃ ក្រសួងកសិកម្ម សូមបញ្ជាក់ថា កម្ពុជាមានសមត្ថភាពផលិតគ្រប់គ្រាន់ ដើម្បីធានាដល់តម្រូវការសន្តិសុខស្បៀង ហើយរាល់ការនាំចូលបន្លែ ផ្លែឈើ និងធាតុចូលកសិកម្មនានា សុទ្ធតែអាចជំនួសបានទាំងស្រុង ដោយផលិតកម្មក្នុងស្រុក និងប្រភពនាំចូលដទៃទៀតបាន» ។
ជាមួយគ្នានោះដែរ អ្នកនាំពាក្យបានអះអាងថា ក្រសួងបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីធានានិរន្តភាព នៃដំណើរការផលិតកម្មកសិកម្ម និងរក្សាឱ្យបាន នូវស្ថិរភាព នៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅក្នុងប្រទេស ។
សូមជម្រាបថា ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងកសិកម្ម បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចបិទច្រកព្រំដែនចំនួន៧ ជាមួយថៃ ដោយមិនអនុញ្ញាតឲ្យដឹកបន្លែ និងផ្លែឈើ ចូលកម្ពុជានោះទេ ក្រោយពីយោធាថៃបាន ប្រកាសជាឯកតោភាគី បិទច្រកតំបន់ និងច្រករបៀងព្រំដែនជាមួយកម្ពុជាបណ្ដោះអាសន្ន ៕


ចែករំលែកព័តមាននេះ