ខេត្តកំពង់ចាម ៖ មុខសញ្ញាចោរលួចកាបូបពីអ្នកលក់ដូរក្នុងវត្តមួយកន្លែង ក្នុងឃុំសូគង ស្រុកកងមាស បានជិះម៉ូតូរត់គេចចម្ងាយជិត១០គីឡូម៉ែត្រ ។ ដោយសារការស្ទា.ក់ចាប់រាយបណ្ដាក់គ្នា ដូចខ្យង ជនសង្ស័យទាំងពីរនាក់ ត្រូវបានកម្លាំងសមត្ថកិច្ចស្ទាក់ចាប់បាននៅចំណុចស្ពានព្រែកអង្គរបាន និងលុយរបស់អ្នករងគ្រោះ ចំនួន៥០ម៉ឺនរៀលព្រមទាំងដកហូតម៉ូតូមួយគ្រឿងសម្រាប់ប្រព្រឹត្តបទល្មើស ។

សមត្ថកិច្ចមូលដ្ឋានត្រាស់ឲ្យដឹងថា ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង២និង០៤នាទីរសៀល មានករណីចោរឆ.ក់កាបូបលុយ របស់ឈ្មោះ ផៃ ឆៃហ៊ាន់ ភេទស្រី អាយុ៦៤ឆ្នាំ នៅភូមិកោះតាង៉ោទី១ ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម ដោយមានមុខសញ្ញាជនសង្ស័យ ចំនួនពីរនាក់ ជិះម៉ូតូមួយគ្រឿង ។

សមត្ថកិច្ចមូលដ្ឋានបន្តដឹងទៀតថា ស្របពេលដែលស្ត្រីចំណាស់នេះកំពុងតែអង្គុយលក់ដូរ ហើយក៏មានម៉ូតូមួយគ្រឿងបានជិះមកដល់ឈប់ក្បែរកន្លែងលក់របស់គាត់ដំបូងនឹកស្មានតែមនុស្សមករកទិញ ។ គ្រានោះ ជនសង្ស័យម្នាក់ដែលអង្គុយពីក្រោយបានលោ.តចុះពីលើម៉ូតូហើយឆ.ក់កាបូបលុយរបស់អ្នករងគ្រោះ ដែលអង្គុយបែរខ្នង រួចបានរត់ឡើងជិះម៉ូតូគេចខ្លួន ។

ពេលងាកមកមិនឃើញកាបូបលុយនៅលើគ្រែ ក៏បានស្រែកយំថា ជួយផង ចោរលួចកាបូប ហើយពេលមុខសញ្ញាជនសង្ស័យទាំងពីរនាក់ជិះមកដល់ចំណុចមុខមណ្ឌលសុខភាពសូគង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញក៏រាយការណ៍ជូនប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានសូគង ឲ្យបានដឹងរួចក៏រាយការណ៍បន្តទៅលោកអធិការនគរបាលស្រុក ដោយបញ្ជាឱ្យប៉ុស្តិ៍រដ្ឋបាលផ្សេងទៀតទាំង១១ និងប្រជាការពារចុះកិច្ចប្រតិបត្តិការ ចាំស្ទាក់នៅតាមដងផ្លូវ ។

ពេលដែលមុខសញ្ញាជិះមកដល់ចំណុចពាមជីកង ឃើញកម្លាំងនគរបាលនៅពីមុខក៏ជិះម៉ូតូត្រឡប់មកក្រោយវិញទាំងប្រញាប់ប្រញ៉ាល់ ។ ស្របពេលជិះមកដល់ចំណុចស្ពានបាឡេព្រែកអង្គរបានក៏ត្រូវកម្លាំងសមត្ថកិច្ចនៅទីនោះស្ទាក់ចាប់បានទាំងពីរនាក់តែម្ដងក្នុងនោះរួមមាន ៖
១-ឈ្មោះយ៉ុន ពេជ្រ ភេទប្រុស អាយុ២៣ឆ្នាំ ជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិអង្គរបានទី៨ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម
២-ឈ្មោះកុយ សុខហេង ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិប្រាំយ៉ាម ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
ចំណែកសម្ភារៈ ដែលមានក្នុងកាបូបរួមមាន ៖ លុយខ្មែរចំនួន៥០០.០០០រៀល អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន២សន្លឹក ,ថ្នាំពេទ្យ ១កំប៉ុង និងសម្ភារៈមួយចំនួនទៀត ។ រហូតមកដល់ថ្ងៃទី១៥មិថុនា មុខសញ្ញាទាំងពីរនាក់នេះ ត្រូវបានបញ្ជូនបន្តមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់វិធានការតាមច្បាប់ ៕

ចែករំលែកព័តមាននេះ