ទីក្រុងញូដេលី៖ ថ្មីៗនេះ មានរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយកើតឡើងចំពោះមហាសេដ្ឋីឥណ្ឌាម្នាក់ដែលត្រូវឃ្មុំទិចហើមពេញខ្លួន និងស្លាប់ត្រឹមតែ១ប៉ប្រិចភ្នែកប៉ុណ្ណោះដោយសារប្រតិកម្មពិសនៅនឹងទ្រនិចឃ្មុំនោះខ្លាំងពេក។ តាមពិត គាត់ត្រូវសត្វឃ្មុំទិចត្រឹមតែ១ក្បាលប៉ុណ្ណោះ។ ធម្មតា,សត្វឃ្មុំដែលទិចមនុស្សយើងរួចហើយវាក៏ស្លាប់ខ្លួនវាផងដែរដោយសារវាត្រូវដាច់ពោះវៀន និងគ្រឿងក្នុងដទៃទៀតដែលនៅជាប់នឹងទ្រនិចរបស់វានៅពេលទ្រនិចនោះចាក់ចូលជ្រៅទៅក្នុងសាច់របស់មនុស្ស។
មុនពេលកើតហេតុ សេដ្ឋីឥណ្ឌាវ័យ៥៣ឆ្នាំ លោកសញ្ជ័យ កាក់ពុរៈ (Sunjay Kapur) ចូលរួមលេងកីឡាជិះសេះវាយកូនគោល (polo) ឬប៉ូឡូនៅប្រទេសអង់គ្លេស។ រំពេចនោះ សត្វឃ្មុំមួយក្បាលមិនដឹងវាហើរមកពីណាវាទៅទិចចំសេដ្ឋីឥណ្ឌារូបនេះយ៉ាងពេញទំហឹង។ នោះជារឿងចៃដន្យសុទ្ធសាធព្រោះគាត់មិនមែនដើរទៅរកសម្បុកឃ្មុំ ឬក៏ចាប់ឃ្មុំនោះលេងទេ។
លោកសញ្ជ័យជាប្រធានក្រុមហ៊ុនលក់គ្រឿងបន្លាស់រថយន្ត សូណា ខំស្តា (Sona Comstar) ត្រូវគ្រូពេទ្យបញ្ជាក់ថាស្លាប់ដោយសារអាលែកហ្ស៊ីនឹងពិសរបស់ឃ្មុំដែលទិចចំមាត់របស់គាត់។ សាក្សីខ្លះប្រាប់ថានៅពេលឃ្មុំទិចភ្លាម សេដ្ឋីរូបនេះប្រាប់ថាគាត់ហាក់ដូចជាបានលេបអ្វីម៉្យាងចូលទៅក្នុងមាត់។ និយាយបានតែបន្តិចប៉ុណ្ណោះ គាត់ក៏សន្លប់បាត់មាត់បាត់កតែម្ដង។ អ្នកខ្លះទៀតនិយាយថាលោកសញ្ជ័យទ្រោបខ្លួនទៅលើខ្នងសេះដែលគាត់កំពុងជិះ ហើយលែងដឹងខ្លួនជារៀងរហូត។
សារព័ត៌មានដឹតេឡេក្រាហ្វ និងដឹមៀរើ (The Telegraph, The Mirror) របស់អង់គ្លេសផ្សាយថាពិសរបស់ឃ្មុំបណ្ដាលឱ្យគាត់អាលែកហ្ស៊ីខ្លាំង និងគាំងបេះដូងស្លាប់។ អាលែកហ្ស៊ីធ្វើឱ្យសម្ពាធឈាមរបស់គាត់ធ្លាក់ចុះខ្លាំង ដកដង្ហើមថប់ៗ និងស្ទះផ្លូវដង្ហើម។ រោគសញ្ញានៃអាលែកហ្ស៊ីមានដូចជាជីពចរខ្សោយ, កន្ទួលនៅលើស្បែក ធេងធោង និងក្អួតចង្អោរ។ មន្ទីរស្រាវជ្រាវវេជ្ជសាស្ត្រអាមេរិក ម៉ាយ៉ូ គ្លីនិក (Mayo Clinic) អះអាងថាអាលែកហ្ស៊ីបណ្ដាលមកពីកត្តាច្រើនយ៉ាងដូចជាចំណីអាហារ ថ្នាំពេទ្យ សត្វល្អិតទិច, ខាំ ឬចឹក និងសារធាតុឡាទិច (latex)។
លោកសញ្ជ័យទទួលកេរមរតកពីឪពុករបស់គាត់ដែលបានបង្កើតក្រុមហ៊ុនកាលពីឆ្នាំ១៩៨៧។ ទស្សនាវដ្ដីហ្វប (Forbes) ចុះផ្សាយថាទ្រព្យសម្បត្តិរបស់គាត់សរុបជាទឹកប្រាក់១២០០លានដុល្លារនៅពេលគាត់លាចាកលោកនេះទៅ។ លោកសញ្ជ័យកាក់ពុរៈជាអ្នកស្រឡាញ់ចូលចិត្តកីឡាជិះសេះវាយកូនគោលនេះយ៉ាងខ្លាំង។ គាត់តែងតែចូលរួមលេងជាមួយខ្សែរាជវង្សអង់គ្លេសដូចជាព្រះអង្គម្ចាស់វីលាមជាដើម (William)៕
ចែករំលែកព័តមាននេះ