ខេត្តកំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺបានច្រានចោលការតវ៉ារបស់ប្រជាពលរដ្ឋចំនួន២៨គ្រួសារដែលអះអាងថាមានដីអាស្រ័យផលទំហំ៦០ហិកតា ត្រូវបានក្រុមហ៊ុនHLHហ៊ុមព័ទ្ធដោយរបងរឹងមាំមិនឱ្យពួកគាត់ចូលទៅអាស្រ័យផលបាននិងមិនមានដំណោះស្រាយពីអាជ្ញាធរមូលដ្ឋាន គឺជាការតវ៉ាដោយខុសច្បាប់និងបង្ករឱ្យមានហ្វឹកវរក្នុងសង្គមជាតិ។
តាមការបញ្ជាក់ពីលោក ជេត ដុំ នាយករងរដ្ឋបាលសាលាខេត្តកំពង់ស្ពឺបានឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះថា ប្រជាពលរដ្ឋចំនួន២៨គ្រួសារបាននាំគ្នាធ្វើការតវ៉ា ដោយក្នុងនោះបានអះអាងថាដីទំហំ៦០ហិកតាដែលស្ថិតនៅចំនុចក្រហមកក្នុងបរិវេណដីសម្បទានរបស់ក្រុមហ៊ុនអេចអិលអេច(HLH)ត្រូវបានហ៊ុមព័ទ្ធដោយរបងរឹងមាំក្រោយដីសម្បទានមួយនេះត្រូវបានផ្ទេរទៅឱ្យក្រុមហ៊ុនHIX។ ប្រជាពលរដ្ឋថា ពួកគាត់មិនអាចចូលទៅអាស្រ័យផលបានទេ និងសុំឱ្យអាជ្ញាធរស្រុកខេត្តជួយអន្តរាគមន៍ផង។
ពាក់ពន្ធ័និងការតវ៉ាសុំការអន្តរាគមន៍នេះដែរ លោក ជេត ដុំ នាយករងរដ្ឋបាលសាលាខេត្ត បានលើកឡើងថាការតវ៉ាខាងលើគឺជាការបង្ករឱ្យមានភាពហ្វឹកវរនិងខុសច្បាប់ ព្រោះថាដីដែលស្ថិតក្នុងការតវ៉ាគឺខុសទីតាំងគ្នា ដោយដីដែលពលរដ្ឋតវ៉ាស្ថិតក្នុងភូមិកន្ទួត តែទីតាំងដីដែលពលរដ្ឋទៅឈរតវ៉ាគឺស្ថិតក្នុងភូមិក្រាំងពង្រនៃស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។មួយវិញទៀតការអះអាងរបស់មេភូមិកន្ទួតមិនអាចចាត់ជាបានការទេ ព្រោះខ្លួនជាមេភូមិកន្ទួតបែរជាទទួលដឹងឮនិងអះអាងដីនៅភូមិក្រាំងពង្រទៅវិញ។
លោក ជេត ដុំ បានបន្តទៀតថា ក្រុមហ៊ុនអេចអិលអេច(HLH) ទទួលបានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាលក្នុងឆ្នាំ២០០៩ តាមរយៈលិខិតលេខ១៤៧៥សជណ លើផ្ទៃដីទំហំ៨.៩៩៩,៦៤ហិកតា ក្នុងនោះកាត់ចេញជាទ្រនាប់ដងស្ទឹងអូរតាក្រាំង(ប្របមាត់ស្ទឹងអូរតាក្រាំង)អស់៥៣២,៦៧ហិកតាដីមានប្លង់កម្មសិទ្ធិ០១បប របស់ប្រជាពលរដ្ឋ៨៩,១២ហិកតា ដីឯកជនរបស់រដ្ឋក្រោមការគ្រប់គ្រងរបស់មន្ទីរនិងក្រសួងកសិកម្មចំនួន១២៥ហិកតា។សរុបដីដែលបានកាត់ចេញចំនួន ៧៤៦,៧៩ហិកតា និងដីជួលពីរដ្ឋនិងបង់ពន្ធជូនរដ្ឋរៀងរាល់ឆ្នាំមានចំនួន៨.២៥២,៨៥ហិកតា ហើយបច្ចុប្បន្ននេះដីទាំងអស់នេះត្រូវបានផ្តល់ប្លង់រឹងសរុប១២បណ្ណរួចហើយ។
សូមបញ្ជាក់ថា កន្លងមកនៅក្នុងចន្លោះឆ្នាំ២០១២ដល់ ២០១៥ អាជ្ញាធរខេត្តរួមជាមួយនឹងក្រុមហ៊ុនHLHបានដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋដែលបានចូលកាន់កាប់និងអាស្រ័យផលរួចអស់ហើយចំនួន៨១២គ្រួសារ។ហើយបច្ចុប្បន្ននេះរដ្ឋបាលខេត្តក៏កំពុងធ្វើការដោះស្រាយលើទីតាំងដីវិវាទចំនួនពីរកន្លែងទៀតផងដែរគឺទីតាំងទីមួយស្ថិតនៅតំបន់បឹងរនាំង មានគ្រួសារប្រជាពលរដ្ឋចំនួន២៥គ្រួសារ ផ្ទៃដីវិវាទចំនួន២៣ហិកតា និងទីតាំងទីពីរ ស្ថិតនៅតាក្រហម ក ខាងក្រោម មានប្រជាពលរដ្ឋ៣៤គ្រួសារ ដីវិវាទចំនួន៤៤,៩០ហិកតា។ដោយឡែកទីតាំងដែលលើកឡើងពីការតវ៉ារបស់ប្រជាពលរដ្ឋនោះជាទីតាំងដីស្ថិតនៅតំបន់ក្រហម ក ខាងក្រោមជាប់មាត់ស្ទឹងតាក្រាំង ទីតាំងខាងលើនេះធ្លាប់បានដោះស្រាយគោលនយោបាយរួចហើយកាលពីអំឡុងឆ្នាំ២០១២-២០១៥ និងជាទីតាំងដីដែលមានប្លង់រឹងរបស់រដ្ឋ។
នាយករងរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ លោក ជេត ដុំ បានបញ្ជាក់បន្ថែមថា ខេត្តនិងរៀបចំក្រុមការងារចុះអង្កេតលើទីតាំងដីដែលពលរដ្ឋប្រមាណ២៨គ្រួសារ លើផ្ទៃដី៦០ហិកតា ដែលលើកគ្នាធ្វើការតវ៉ានេះ ដើម្បីសុំឱ្យមានការអន្តរាគមន៍ ហើយក្នុងករណីរកឃើញថាការតវ៉ាមិនមានមូលដ្ឋានច្បាស់លាស់ក្រោមការរៀបចំរបស់ជនទី៣នោះអាជ្ញាធរខេត្តនិងមានវិធានការផ្លូវច្បាប់ហើយ ។
ព័ត៌មានបន្តនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕











ចែករំលែកព័តមាននេះ