រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានរងរបួសបាក់ជើង ចំណែកប្ដីគាត់របួសស្រាល នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរមួយ ដែលបង្កឡើងដោយរថយន្តម៉ាកតូយ៉ូតាកាមរី ១គ្រឿង ដែលបានបើកបរក្នុងល្បឿនលឿន ហើយបានវ៉ាជែងរថយន្តនៅខាងមុខ ជ្រុលចូលទៅចំណែកផ្លូវម្ខាងទៀត រួចក៏បុកប្ដីប្រពន្ធជនរងគ្រោះខាងលើ ដែលកំពុងជិះម៉ូតូ១គ្រឿង ក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹង ។ ក្រោយពេលបង្កគ្រោះថ្នាក់ហើយ រថយន្តនោះក៏បានបើកគេចបាត់ស្រមោល ហើយក្រុមសង្គ្រោះអង្គភាព៧១១ បានដឹកយកជនរងគ្រោះទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ។
ឧប្បត្តិហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នៅតាមផ្លូវលេខ៤២ ស្ថិតនៅក្នុងភូមិភា សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។
អ្នកភូមិខាងលើបាននិយាយថា រថយន្តបង្កនោះម៉ាកតូយ៉ូតាកាមរី ពណ៍ស អត់ចាំស្លាកលេខឡើយ ហើយនៅមុនពេលកើតហេតុ បានបើកបរក្នុងល្បឿនលឿន ក្នុងទិសដៅពីលិចទៅកើត លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ បានបើកវ៉ាជែងរថយន្តនៅខាងមុខ ខណៈនោះ បានជ្រុលចូលទៅចំណែកផ្លូវម្ខាងទៀត និងជ្រុលទៅបុកម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខតាកែវ 1Y-8613 ជិះដោយជនរងគ្រោះ២នាក់ប្ដីប្រពន្ធ ដែលកំពុងធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចពេញទំហឹង ។
អ្នកភូមិដដែល បាននិយាយបន្តទៀតថា ខណៈនោះបានបណ្ដាលឲ្យស្ត្រីជាប្រពន្ធរងរបួសធ្ងន់បាក់ជើងដួលដេកនៅលើផ្លូវ ចំណែលបុរសជាប្ដីរបួសស្រាល ហើយរថយន្តបង្ក បានដាច់កញ្ចក់មើលក្រោយ ជ្រុះនៅកន្លែងកើតហេតុ ។ បន្ទាប់មក បានបន្ថែមល្បឿន កាន់តែលឿន បើកគេចបាត់ស្រមោល ។
ក្រោយពេលកើតហេតុ ក្រុមសង្គ្រោះអង្គភាព៧១១ បានទៅដឹកយកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូបានផ្ញើរទុកបណ្ដោះនៅផ្ទះប្រជាពលរដ្ឋ នៅក្បែរកន្លែងកើតហេតុនោះ ៕






ចែករំលែកព័តមាននេះ