ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំង​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ដែល​រស់នៅ​តាម​ព្រំដែន គឺ​ពិតជា​មិន​ចង់​ឃើញ​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ​ឡើយ ពីព្រោះ​ជីវិត​របស់​ពួក​គេ​ត្រូវ​ដាក់​អោយ​នៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក និង​គ្រោះថ្នាក់​គ្រប់ពេលវេលា បើសិនជា​ស្ថានភាព​ជម្លោះ​រវាង​ប្រទេស​ជិតខាង​ទាំង​ពីរ នៅ​តែ​បន្ត​តានតឹង ។ ស្ថានភាព​ព្រំដែន មក​ដល់​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១១…

ទាំង​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ដែល​រស់នៅ​តាម​ព្រំដែន គឺ​ពិតជា​មិន​ចង់​ឃើញ​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ​ឡើយ ពីព្រោះ​ជីវិត​របស់​ពួក​គេ​ត្រូវ​ដាក់​អោយ​នៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក និង​គ្រោះថ្នាក់​គ្រប់ពេលវេលា បើសិនជា​ស្ថានភាព​ជម្លោះ​រវាង​ប្រទេស​ជិតខាង​ទាំង​ពីរ នៅ​តែ​បន្ត​តានតឹង ។

ស្ថានភាព​ព្រំដែន មក​ដល់​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៥ គឺ​មិន​មាន​អ្វី​ប្រែប្រួល​ទេ ដោយ​ស្ថានការណ៍​ព្រំដែន គឺ​មាន​បិទ​មាន​បើក​តាម​ចំណាត់ការ​រៀង​ៗ​ខ្លួន ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ការ ត្រៀម​ការពារ និង​បង្ការ​ហានិភ័យ​ដល់​ជន​ស៊ី​វិល និង​លទ្ធភាព​ហានិភ័យ​ផ្សេង​ៗ​ក៏​គួរតែ​លើកកម្ពស់ ហើយ​ប្រុង​ប្រយ័ត្ន​ផង​ដែរ ។

លោក ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ដែនដី​គ្រប់​កម្រិត​ខិតខំ​ការពារ​នូវ​ផលប្រយោជន៍​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុងធ្វើការ​រកស៊ី និង​រស់នៅ​ក្នុង​ទឹកដី​ថៃ ព្រមទាំង​ត្រៀម​វិធានការ​ជម្លៀស ប្រជាពលរដ្ឋ​ដែល​កំពុង​នៅ​ប្រទេស​ថៃ ឱ្យ​វិល​ចូល​ក្នុង​ប្រទេស​វិញ​ក្នុង​ករណី​មានការ​ប៉ះទង្គិច​គ្នា​ដោយ​កម្លាំង​ប្រដាប់​វុ​ធ នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន ។ ទន្ទឹម​នេះ លោក​ក៏​បាន​ស្នើ​ឲ្យ​មាន​អប់រំ​ណែនាំ និង​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ​កុំឱ្យ​ឆ្លង​ដែន​ចូល​ទៅ​ប្រទេស​ថៃ​ជា​បណ្តោះអាសន្ន ប្រសិនបើ​មិន​ចាំបាច់ ។

លោក​បាន​ប្រាប់​ឲ្យ​អាជ្ញាធរ​តាម​មូលដ្ឋាន​ត្រូវ​ត្រៀម​វិធានការ​សម្រាប់​ឆ្លើយ​តប និង​គ្រប់គ្រង​ស្ថានភាព​អាសន្ន​ដែល​អាច​កើតឡើង​ជាយថាហេតុ និង​ផ្តល់​កិច្ចសហការ​ឱ្យ​បាន​ជិត​ស្និទ្ធ​ជាមួយ កង​យោធពលខេមរភូមិន្ទ និង​នគរបាល​ជាតិ​តាម​ការ​ចាំបាច់ ដើម្បី​ការពារ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​បូរណភាព​ទឹកដី សុវត្ថិភាព អាយុ និង​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ។

ក្រៅពី​នោះ លោក​បាន​លើក​ឡើង​ឲ្យ​មន្ត្រី​ត្រូវ​ត្រៀម​រៀបចំ និង​បម្រុង​ទុក​រួច​ជា​មុន​នូវ​ផែនការ​ជម្លៀស​ប្រជាពលរដ្ឋ​ដែល​ត្រឡប់​ចូល​មក​ក្នុង​ប្រទេស​វិញ និង​អ្នក​រស់នៅ​តំបន់​ព្រំដែន​ក្នុង​ករណី​មានការ​ប៉ះទង្គិច​គ្នា​ដោយ​កម្លាំងប្រដាប់អាវុធ​ដែល​អាច​កើតឡើង​ជាយថាហេតុ ឬ​មានការ​បិទ​ច្រក​ទ្វារ​ព្រំដែន​ក្នុង​នោះ​ត្រូវ រៀបចំ​ទីជម្រក​សុវត្ថិភាព​បណ្តោះអាសន្ន​មធ្យោបាយ​ដឹក​ជញ្ជូន​ជំនួយ​សង្គ្រោះ​ស្បៀងអាហារ ថ្នាំសង្កូវ ទឹក​ស្អាត អគ្គិសនី ។ សភាពការណ៍ គឺ​ពិតជា​មិន​ទាន់​អាច​ប៉ាន់​ប្រមាណ​បាន​នៅឡើយ​ទេ ។ ដូច្នេះ​ការ​ត្រៀមខ្លួន​ទុកជា​មុន ក៏​អាច​បង្ការ​នូវ​ហានិភ័យ​ជាយថាហេតុ ណាមួយ​កើតឡើង​បាន​ផង​ដែរ កុំអោយ​ពេល​ដែល​កើតឡើង​មិនដឹង​ធ្វើ​យ៉ាងណា ។

ចំណែក​ប្រជាជន​ថៃ ដែល​រស់នៅ​តាម​ព្រំដែន​ក៏​ពិបាក​ដូច​គ្នា​ផង​ដែរ នៅ​ក្នុង​ស្ថានភាព​មិន​ប្រាកដប្រជា​នេះ ។
សារព័ត៌មាន the Nation បាន​ឲ្យ​ដឹង​ថា អ្វី​ដែល​ប្លែក​គឺថា ក្រសួងមហាផ្ទៃ​ថៃ​បាន​ចេញ​បទបញ្ជា​ឱ្យ​ចុះ​អង្កេត​កន្លែង​ស្នាក់​នៅ​ក្នុង​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​ចំនួន​៧ ដើម្បី​ធានា​សុវត្ថិភាព​របស់​អ្នកស្រុក​ដែល​ជា​ពលរដ្ឋ​របស់​គេ ។

លោក អនុទិន ចាន​វីរ​គល់ (Anutin Charnvirakul ) រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថៃ បាន​ស្នើ​ឲ្យ មន្ត្រី​នៅ​ក្នុង​ខេត្ត អ៊ូ​ប៊ុ​ន​រជ្ជ​ថា​នី​, ស៊ី​សាកេ​ត​, សុ​រិ​ន​, បុរី​រ៉ាំ​, ស្រះ​កែវ​, ច​ន្ថា​បុរី និង​ត្រា​ត​ឲ្យ​ចុះ​វាស់វែង​និង សិក្សា​លម្អិត​អំពី​ជម្រក លើ​តំបន់​សំខាន់​ៗ​ចំនួន ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​កើនឡើង​នៃ​ភាព​តានតឹង​ជាមួយនឹង​កងទ័ព​កម្ពុជា បន្ទាប់​ពី​មានការ​ប្រឈម​មុខ​ដាក់​គ្នា​នៅ​ក្នុង​តំបន់​មុំ​បី ។

លោក អនុទិន ត្រូវ​បាន​គេ​ដឹង​ថា បាន​ចុះ​ទៅ​ស្រុក​មួយ​ក្បែរ​កន្លែង​ផ្ទុះអាវុធ ហើយ​បាន​ដាក់​ចេញ​នូវ​តម្រូវការ បន្ទាន់​មួយ​ដើម្បី​ព​ន្លឿ​ន​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាក់ទង​នឹង​ការ​ផ្តល់ និង​ការ​ថែទាំ​ជម្រក​សុវត្ថិភាព​ជូន​ពលរដ្ឋ​ថៃ ។

សារព័ត៌មាន​នេះ បាន​ផ្សាយ​ថា នេះ​ជា​វិធានការ​បន្ទាន់​ឆ្លុះ​បញ្ចាំង​ពី​ការ​ព្រួយបារម្ភ​របស់​រដ្ឋាភិបាល​ចំពោះ​សុវត្ថិភាព​ប្រជាជន​ដែល​រស់នៅ​តាម​បណ្តោយ​ព្រំដែន និង​ការ​ត្រៀមខ្លួន​ក្នុង​ការ​ឆ្លើយ​តប​នឹង​កា​រវិ​វត្ត​ដែល​មិន​បាន​គិត​ទុកជា​មុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ