ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ នាំ​គ្នា​ប្រកប​មុខរបរ​លក់ដូរ​ នា​ពេល​យប់ នៅទល់មុខ​សាលាខេត្ត​ប៉ៃលិន ដើម្បី​បាន​ថវិកា​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ

3 អាទិត្យ មុន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៥​នេះ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​មួយ​ចំនួន ដែល​ប្រកប​មុខរបរ​លក់ដូរ​ដូ​ជា សំលៀក​បំពាក់ នំ ចំណី…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៥​នេះ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​មួយ​ចំនួន ដែល​ប្រកប​មុខរបរ​លក់ដូរ​ដូ​ជា សំលៀក​បំពាក់ នំ ចំណី ម្ហូប អាហារ ផ្លែ​ឈើ និង​បង្អែម​ជាដើម នៅ​ទីតាំង​ជុំវិញ​សួន​កុមារ ក្បែរ​វិមាន​ឯករាជ្យ មុខ​សាលាខេត្ត​ប៉ៃលិន ដោយ​ម្នាក់​ៗ មាន​សកម្មភាព យ៉ាង​មមារ​ញឹក ប្រកបដោយ​បរិយាកាស​សប្បាយ​រីករាយ​។ ចំណែកឯ​អាជ្ញាធរ និង​កង​ស​ម្លាំ​ង​មាន​សមត្ថកិច្ច​គ្រប់​ប្រភេទ ក៏​បាន​រក្សា​សណ្តាប់ធ្នាប់​សាធារណៈ ​យ៉ាង​ល្អ​ប្រសើរ​ជូន​ពួក​គាត់​ផង​ដែរ​​ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ម្នាក់ ឈ្មោះ ឌី ស្រី​មាស អាយុ​៣៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ប្រកប​មុខរបរ​លក់ដូរ កណ្តូប ចង្រិត​លីង និង​កូន​ឌុ​ក​ឌឿ នៅ​ផ្នែក​ខាងជើង​សួន​កុមារ បាន​រៀបរាប់​ឱ្យ​ដឹង​ថា ៖ នាង​បាន​ប្រកប​មុខរបរ​លក់ដូរ​នេះ អស់​រយៈពេល​ជាង​៣​ឆ្នាំ​មក​ហើយ ដោយ​រៀប​រាល់​ព្រឹក នាង​តែងតែ​ទៅ​ផ្សារ​នា​ពេល​ព្រលឹម ដើម្បី​រក​ទិញ​សត្វ​កណ្តូប និង​ចង្រិត និង​ដង្កូវ​ឌុ​ក​ឌឿ យក​មក​លីង​បំពង​នៅផ្ទះ រហូត​ដល់​ពេល​រសៀល​ទើប​ដឹក​តាម​រយៈ​យក​ទៅ​រៀបចំ​ដាក់​លក់​នៅ​ក្បែរ​សួន​កុមារ គឺ​ចាប់​លក់ដូរ​តាំងពី​ម៉ោង​៤​និង​០០​នាទី​រសៀល រហូត​ដល់​ម៉ោង​៩​និង​០០​នាទី​យប់ ទើប​រើ​សម្ភារៈ​ត្រឡប់​មក​ផ្ទះ​វិញ​ ។

នាង​បន្ត​ទៀត​ថា ការ​លក់ដូរ​នេះ នៅ​ថ្ងៃ​ខ្លះ​ក៏​ដាច់​អស់​៥​ទៅ​១០​គីឡូក្រាម តែ​ថ្ងៃ​ខ្លះ​ទៀត ក៏​នៅ​សល់​តិចតួច​ដែរ​។ ហើយ​ការ​លក់ដូរ​នា​ពេល​យប់​នេះ នាង​គិត​១​កំប៉ុង តម្លៃ​៥០០០​ទៅ​៦០០០​រៀល ដោយ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍ ដែល​បាន​ដើរ​លេង​ពេល​យប់ តែងតែ​ទិញ​យក​ទៅ​នាំ​គ្នា​បរិភោគ​នៅ​លើ​សួន ដោយ​ក្លែម​ជាមួយ​មិត្តភក្តិ​។ ចំណែក​អ្នកខ្លះ​ទៀត គេ​ទិញ​យក​ទៅ​ហូប​ជាមួយ​បាយ​នៅ​ឯ​ផ្ទះ ឬ​ក៏​ទិញ​យក​ទៅ​ជួបជុំ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​នៅ​ក្នុងភូមិ​ផ្សេង​ៗ ទៀត ​។

បើ​តាម​ស្ត្រី​ម្នាក់ ឈ្មោះ គុណ ស្រី​ណុ​ច រស់នៅ​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដែល​បាន​ប្រកប​របរ​លក់ដូរ​បង្អែម​គ្រប់មុខ​នៅ​ក្បែរ​សួន​កុមារ បាន​រៀបរាប់​ឱ្យ​ដឹង​ដែរ​ថា នាង​បាន​លក់​បង្អែម​នេះ អស់​រយៈពេល​២​ឆ្នាំ​មក​ហើយ ជា​រៀងរាល់ថ្ងៃ នាង​តែងតែ​ងើប​ពី​ព្រឹក​ព្រលឹម ដើម្បី​រៀបចំ​ម្ស៉ៅ និង​គ្រឿងផ្សំ​ផ្សេង​ៗ​ទៀត រក្សា​ទុក​ឱ្យ​មាន​របៀបរៀបរយ មុន​នឹង​ចេញ​ទៅ​ទិញ​ឥ​វ៉ា​ន់​នៅ​ឯ​ផ្សារ​។ ក្រោយ​ពេល​ត្រឡប់​មក​វិញ នាង​ចាប់ផ្តើម​ធ្វើ​នំ បង្អែម​ទាំងនេះ សរុប​ចំនួន​១០​មុខ ពោល​គឺ​ចាប់ផ្តើម​ធ្វើ​រហូត​ដល់​ម៉ោង​៣​រសៀល ទើប​លើកដាក់​ម៉ូតូ​រ៉ឺ​ម៉ក​ដឹក​យក​ទៅ​លក់ដូរ​ ។

ប្រភព​បន្ត​ទៀត​ថា មុន​ដំបូង​នាង​លក់ដូរ​តែ​ប៉ុន្មាន​មុខ​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយមក ដោយសារ​លក់ដូរ​ដាច់​ជាង​មុន ក៏​ចេះ​តែ​ពង្រីក​ច្រើន​ឡើង​ៗ រហូត​ដល់​ជាង​១០​មុខ ដូច​ជា​បង្អែម​ផ្លែ​ឈើ បង្អែម​បា​ក់បិន បង្អែ​មកា​ឡោ​ជី ពោត​ចំហុយ នំ​បាញ់​ស៊ុ​ង នំ​បាញ់ហយ នំអាកោ និង​បង្អែម​ផ្សេង​ៗ ជា​ច្រើន​ទៀត ​។

ប្រភព​បញ្ជាក់​ទៀត​ថា ជា​រៀង​រាល់​យប់ នាង​អាច​លក់​នំ បង្អែម​បាន​ជាង​១០០​ប្រអប់​។ តែបើ​ធ្វើ​ប៉ះ​ចំ​ថ្ងៃ​បុណ្យ​ទាន អាច​លក់ដាច់​ច្រើន​ជាង​នេះ​ថែម​ទៀត​។ ហើយ​ក្នុង​១​ថ្ងៃ នាង​អាច​លក់​បាន​ប្រាក់​ចំណេញ​ចន្លោះ​ពី ៣០​ទៅ​៤០​ម៉ឺន​រៀល​។ តែបើ​ប៉ះ​ចំ​ថ្ងៃ​បុណ្យ​ទាន ឬ​ថ្ងៃ​ដែល​មាន​ភ្ញៀវ​ទេសចរ​ចូល​ទៅ​លេង​កម្សាន្ត​ច្រើន​នៅ​ក្នុង​ខេត្ត​ប៉ៃលិន អាច​ឱ្យ​នាង​លក់ដាច់​ច្រើន​ស្ទើរតែ​រក​ពេល​សម្រាក​មិន​បាន​ផង​ដែរ​ ។

នាង​ក៏​សូម​ថ្លែងអំណរគុណ​ដល់​អតិថិជន និង​ភ្ញៀវ​ទេសចរ ព្រមទាំង​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​ក្រុងប៉ៃលិន ទាំងអស់ ដែល​តែងតែ​និយម​គាំទ្រ និង​ទិញ​នំ​បង្អែម​របស់​ខ្លួន​យក​ទៅ​ទទួលទាន និង​សម្រាប់​កម្មវិធី​ផ្សេង​ៗ ព្រោះ​ជា​ផលិតផល​ខ្មែរ​សុទ្ធសាធ ហើយ​គ្មាន​សារធាតុ​គីមី​អ្វី​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ