ទីក្រុងតេអេរ៉ង់៖ ថ្មីៗនេះ អ៊ីរ៉ង់ព្រមានវាយប្រហារមូលដ្ឋានកងទ័ពអាមេរិកនៅមជ្ឈិមបូព៌ាបើសិនការចរចាគ្នាដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរត្រូវបរាជ័យ។ នេះបើយោងតាមរដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោកអាហ្ស៊ីស ណាស៊ីហ្សាដេ (Aziz Nasirzadeh)។ ការថ្លែងដូច្នេះត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនកិច្ចជំនួបលើកទី៦រវាងគណៈប្រតិភូអ៊ីរ៉ង់ និងអាមេរិក។
រដ្ឋមន្ត្រីរូបនេះថ្លែងបន្តទៀតថាបើគេបង្កជម្លោះមកលើយើងមុន យើងត្រូវតែដឹងថាមូលដ្ឋានកងទ័ពអាមេរិកនៅមជ្ឈិមបូព៌ាមានទីតាំងនៅក្នុងរង្វង់ប្រតិបត្តិការសឹករបស់យើង។ យើងនឹងវាយប្រហារទីតាំងទាំងនោះ។ ការថ្លែងដូច្នេះក៏ធ្វើឡើងបន្ទាប់ពីលោកត្រាំធ្លាប់ព្រមានជាបន្តបន្ទាប់ថានឹងទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់បើប្រទេសនេះមិនព្រមចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។
គម្រោងចរចាគ្នាជាថ្មីនឹងចាប់ផ្ដើមនៅសប្ដាហ៍នេះ។ លោកត្រាំថ្លែងថាអាចនឹងជួបគ្នានៅថ្ងៃទី១២ ខែមិថុនា។ ចំណែកអ៊ីរ៉ង់ថានឹងជួបគ្នានៅថ្ងៃទី១៥ ខែមិថុនានៅប្រទេសអូម៉ង់។ អ៊ីរ៉ង់នឹងបញ្ជូនសំណើរបស់ខ្លួនឆ្លើយតបទៅនឹងសំណើរបស់អាមេរិកដែលខ្លួនច្រានចោល។ លោកត្រាំថ្លែងថាអ៊ីរ៉ង់ឥឡូវនេះចាប់ផ្ដើមប្រកាន់ជំហររឹងរូសកាន់តែខ្លាំងឡើងៗនៅក្នុងការចរចាគ្នា។
ប្រភពខ្លះថាបញ្ហាប្រទាំងប្រទើសគ្នានៅត្រង់ថាអ៊ីរ៉ង់ចង់មានសិទ្ធិចម្រាញ់សារធាតុវិទ្យុសកម្មទោះបីមិនដល់កម្រិតនុយក្លេអ៊ែរក៏ដោយ។ ចំណែកទីក្រុងវ៉ាស៊ីនតោនយល់ថាបើអ៊ីរ៉ង់ចង់ចម្រាញ់ក៏ចម្រាញ់ចុះ។ ប៉ុន្តែដើម្បីធានាតម្លាភាព អ៊ីរ៉ង់ត្រូវតែចម្រាញ់នៅប្រទេសដទៃទៀត ហើយត្រូវរុះរើរោងចក្រស្រាវជ្រាវនុយក្លេអ៊ែររបស់អ៊ីរ៉ង់ទៅប្រទេសដទៃ។ ប៉ុន្តែសំណើនេះត្រូវអ៊ីរ៉ងបដិសេធ។ អ៊ីរ៉ង់ថាខ្លួនត្រូវតែមានសិទ្ធិចម្រាញ់អ៊ុយរ៉ាញ៉ូមជាបន្តទៀត ហើយចម្រាញ់នៅលើទឹកដីរបស់ខ្លួនផ្ទាល់តែម្ដង។
អ៊ីរ៉ង់អះអាងថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនបម្រើឱ្យវិស័យស៊ីវិលសុទ្ធសាធ មានន័យថាជាការស្រាវជ្រាវនុយក្លេអ៊ែរនៅក្នុងបុព្វហេតុសន្តិភាព។ បញ្ហាមួយទៀតដែលភ្ជាប់គ្នាទៅនឹងកម្មវិធីនុយក្លេអ៊ែរនេះគឺកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់។ មីស៊ីលផ្លោង បលលីសស្ទីក (ballistic) ជាផ្នែកសំខាន់នៃឃ្លាំងអាវុធរបស់អ៊ីរ៉ង់។ រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ថ្លែងថាប្រទេសរបស់លោកទើបតែធ្វើតេស្តគ្រាប់មីស៊ីលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរទម្ងន់២តោន។ អគ្គមគ្គុទ្ទេសក៍អ៊ីរ៉ង់ធ្លាប់ប្រកាសកាលពីខែកុម្ភៈថាអ៊ីរ៉ង់គួរតែបន្តអភិវឌ្ឍវិស័យយោធារបស់ខ្លួនឱ្យបានខ្លាំងក្លាបន្ថែមទៀត។ ក្នុងនោះក៏មានកម្មវិធិផលិតមីស៊ីលផងដែរ៕
ចែករំលែកព័តមាននេះ