ខេត្តបាត់ដំបង ៖ ស្របពេលស្ថានភាពព្រំដែនកម្ពុជា-ថៃមានសភាពតានតឹងនៅតំបន់ខ្លះតាមបន្ទាត់ព្រំដែន រវាងកងទ័ពនៃភាគីទាំង២នៅតាមបណ្ដាច្រកទ្វារព្រំដែនចំនួន០៥ ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ហាក់បានបង្ហាញនូវសកម្មភាពដ៏មមារញឹកក្នុងការដឹកជញ្ជូនទំនិញឆ្លងដែនទៅវិញទៅមកជាធម្មតា បើទោះជាការបើក ឬបិទច្រកទ្វារព្រំដែន មានការខុសពេលវេលាបន្តិចបន្តួចក្ដី ។ នេះបើតាមការកត់សម្គាល់ជាក់ស្ដែង និងការបញ្ជាក់ពីមន្ត្រីព្រំដែននានា ។

មន្ត្រីព្រំដែនស្ទើរគ្រប់ច្រកទ្វារព្រំដែនក្នុងទឹកដីខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១២ មិថុនា នេះបាននិយាយប្រហាក់ប្រហែលគ្នាថា ស្ថានភាពព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ហាក់មានសភាពធម្មតារវាងភាគីទាំង២ ។ រីឯនៅតាមបណ្ដាច្រកទ្វារព្រំដែននានាវិញ ក៏មានការដឹកជញ្ជូនទំនិញចេញ-ចូលឆ្លងកាត់ព្រំដែនទៅវិញទៅមកជាធម្មតាដែរ ។ ប៉ុន្តែនៅតាមច្រកទ្វារព្រំដែនខ្លះ គេសង្កេតឃើញមានពលករខ្មែរ បានធ្វើដំណើរវិលត្រឡប់ពីប្រទេសថៃចូលក្នុងប្រទេសកំណើតវិញច្រើនជាងពួកគេធ្វើដំណើរចេញក្រៅប្រទេស (ទៅថៃ)នាប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីកងទ័ពនៃប្រទេសទាំង២ មានការប៉ះទង្គិចគ្នាដោយកាំភ្លើងរយៈពេល១០នាទីនៅតំបន់ព្រំដែន «មុំបី» ក្នុងខេត្តព្រះវិហារ ។

ខេត្តបាត់ដំបងមានស្រុកចំនួន០៤ជាប់បន្ទាត់ព្រំដែនកម្ពុជា-ថៃនិងមានច្រកទ្វារព្រំដែនចំនួន០៥ដែលបើកដំណើរការចេញ-ចូលរាល់ថ្ងៃ ។ ក្នុងនោះ មានច្រកទ្វារអន្តរជាតិចំនួន០២ និងច្រកតំបន់ចំនួន០៣ ។ ស្រុកចំនួន០៤ រួមមាន៖ ១-ស្រុកសំឡូត មានច្រកតំបន់ «៤០០» ។ ២-ស្រុកកំរៀង មានច្រកទ្វារអន្តរជាតិ«ដូង» និងច្រកតំបន់«អូរអន្លក់» ។ ៣-ស្រុកភ្នំព្រឹក មានច្រកតំបន់«អូររំដួល» និង៤-ស្រុកសំពៅលូន មានច្រកទ្វារអន្តរជាតិ«ភ្នំដី» ។

បច្ចុប្បន្ន ច្រកទ្វារអន្តរជាតិ និងច្រកតំបន់ទាំងអស់នេះ សុទ្ធតែបើកដំណើរការឆ្លងដែន និង ដឹកជញ្ជូនទំនិញទៅមកជាធម្មតា ។ ប៉ុន្តែការបើទ្វារព្រំដែនអាចខុសពេលវេលាគ្នាបន្តិចបន្តួចប៉ុណ្ណោះ ។ បើតាមការកត់សម្គាល់ច្រកទ្វារព្រំដែនទាំង០៥ ក្នុងខេត្តបាត់ដំបងនេះគេសង្កេតឃើញច្រកទ្វារធំៗចំនួន០២ បាននិងកំពុងមមារញឹកខ្លាំងបំផុត ក្នុងការដឹកទំនិញចេញ-ចូល គឺច្រកទ្វារអន្តរជាតិ «ដូង» ក្នុងស្រុកកំរៀង និងច្រកទ្វារអន្តរជាតិ«ភ្នំដី» ក្នងស្រុកសំពៅលូន ។ បន្តបន្ទាប់ គឺច្រកតំបន់«អូររំដួល» និងច្រកតំបន់ «អូរអន្លក់» រីឯច្រកតំបន់«៤០០»ស្រុកសំឡូត ហាក់បន្ទាប់
បន្សំ ។

តាមរយៈរបាយការណ៍បឋមរបស់រដ្ឋបាលខេត្តបានកត់សម្គាល់ថា ទំនិញដែលភាគីថៃនាំចូលមកកម្ពុជាតាមច្រកទ្វារព្រំដែនមួយចំនួនក្នុងទឹកដីខេត្តបាត់ដំបងខាងលើនេះ មានច្រើនប្រភេទណាស់ដូចជា៖ «គ្រឿងអេឡិចត្រូនិក សម្ភារៈគ្រឿងសំណង់ សម្ភារៈប្រើប្រាស់ផ្ទះបាយ សម្ភារៈកសិកម្ម ម៉ូតូ ភេសជ្ជៈគ្រប់ប្រភេទ គ្រឿងសមុទ្រ ត្រី បន្លែ ផ្លែឈើនិងគ្រឿងឧបភោគ បរិភោគ។ល។ និង។ល។

ដោយឡែក បើនិយាយពីមុខទំនិញដែលកម្ពុជាបាននាំចេញពីកាន់ប្រទេសថៃវិញគេសម្គាល់ឃើញមួយភាគធំមានតែត្រឹម «កសិកផល» មួយមុខប៉ុណ្ណោះ ។ ដូចជា «ពោត ដំឡូងមី និងម្រេច» ហើយទំនិញទាំងនេះនាំចេញទៅកាន់ប្រទេសថៃទៅតាមរដូវកាលទៀត ខុសពីទំនិញថៃ ដែលនាំចូលប្រទេសកម្ពុជាគ្រប់រដូវ គ្រប់ពេលវេលាជារៀងរាល់ថ្ងៃ ។

យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់រដ្ឋបាលខេត្ត ក៏ដូចប្រភពព័ត៌មាននានាពីមន្ត្រីច្រកទ្វារព្រំដែនបានឲ្យដឹងប្រហាក់ប្រហែលគ្នាថា ក្រោយពីភាគីថៃបានធ្វើការសម្រេចចិត្តជា«ឯកតោភាគី»បិទទ្វារព្រំដែននៅម៉ោង៤រសៀល និងបើកទ្វារព្រំដែនវិញនៅម៉ោង៨ព្រឹក ដែលធ្វើឡើង កាលពីថ្ងៃទី០៧ មិថុនា កន្លងទៅ ក្រោយពីមានការប៉ះទង្គិចគ្នាររយៈពេល១០នាទីរវាងកងទ័ពនៃភាគីទាំង០២នៅតំបន់«មុំបី» ភាគីកម្ពុជាក៏បានបង្ខំចិត្តសម្រេចបោះជំហានតាមក្រោយភាគីថៃក្នុងគោលបំណងបន្ធូរភាពតានតឹងនៅចំពោះមុខជាបណ្ដោះអាសន្ន ។ ប៉ុន្តែក្រោយមក ភាគីកម្ពុជាក៏បានកែប្រែពេលវេលាមួយជំហានសងភាគីថៃវិញ ។

កម្ពុជាបានឯកភាពបិទទ្វារព្រំដែនតាមភាគីថៃនៅម៉ោង៤រសៀល តែបានកំណត់បើកទ្វារព្រំដែននៅម៉ោង៩ព្រឹកវិញ ខណៈសមភាគីថៃបើកទ្វារព្រំដែនម៉ោង៨ព្រឹក (លើសថៃ១ម៉ោង) ដែលជាការឆ្លើយតបទៅនឹង «ភាពទំនើង» របស់ភាគីថៃ ។ តាមរយៈរបាយការណ៍បានបញ្ជាក់ថា បច្ចុប្បុន្ន គ្រប់ច្រកទ្វារព្រំដែនទាំងអស់នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបងបានអនុវត្តតាមគោលការណ៏ភាគីថៃ«បិទទ្វារព្រំដែននៅម៉ោង៤រសៀល» និងភាគីថៃ ត្រូវអនុវត្តតាមគោលការណ៏របស់ភាគីកម្ពុជាវិញ គឺ«បើកទ្វារព្រំដែន នៅម៉ោង៩ព្រឹក» ។ ប៉ុន្តែស្ថិតក្នុងស្ថានភាពដ៏តឹងតែងនេះ ភាគីកម្ពុជាក៏បានស្នើទៅភាគីថៃ សុំឲ្យបើកទ្វារព្រំដែនចំនួន០២ សម្រាប់ថ្មើរជើង(សម្រាប់សិស្សសាលាខ្មែរ)នៅម៉ោង៧ព្រឹក ដើម្បីសម្រួលឲ្យកូនសិស្សខ្មែរដែលស្នាក់នៅខាងទឹកដីថៃ (នៅផ្សារថៃ) បានចេញចូលមករៀនឲ្យទាន់ពេលវេលា គឺច្រកទ្វារអន្តរជាតិ «ដូង» និងច្រកតំបន់«អូររំដួល»៕
ចែករំលែកព័តមាននេះ