រាជធានីភ្នំពេញ ៖ ឌីជេ ឡាយ អ៊ិន បានដាច់ចិត្តចេញមុខស្នើសុំទៅកាន់អតីតភរិយា ដើម្បីឲ្យខ្លួនបានជួបមុខកូនទាំង៣ ដែលជាតំណក់ឈាមរួមគ្នា ក្នុងពេលដែលលោកមានការនឹករលឹកដល់កូនៗយ៉ាងខ្លាំង ក្រោយបែកគ្នាអស់ជាច្រើនឆ្នាំ ។

ដ្បិតបានលែងលះគ្នាដើរផ្លូវរៀងខ្លួនអស់ជាច្រើនឆ្នាំមកនេះក៏ដោយ ប៉ុន្តែសម្រាប់អតីតពិធីករលោក ហែម បូរិទ្ធិ ហៅឌីជេ ឡាយ អ៊ិន នៅតែសន្សំចិត្តចង់ជួបមុខកូនប្រុសទាំង៣របស់ខ្លួនជានិច្ច ដោយសារតែលោកមិនអាចកាត់ផ្តាច់បានពីមនោសញ្ចេតនារវាងឪពុក និងកូនបានឡើយ បើទោះបីបែកបាក់ជាមួយភរិយាក៏ដោយ ។

តាមរយៈសំណេរបង្ហោះនៅលើបណ្តាញសង្គម ឌីជេ ឡាយ អ៊ិន បានលើកឡើងថា ខ្ញុំមិនអាចទប់អារម្មណ៍នេះ តទៅទៀតបានទេ ។ សូម្បីសត្វតោ សត្វខ្លា កាចសាហាវ ឬវាមានចិត្តតរិច្ឆានយ៉ាងណា ក៏ពួកវានៅតែមានសេចក្តីស្រឡាញ់ និងភាពទន់ភ្លន់ ចំពោះកូនៗ របស់ពួកវាដែរ ។
ខ្ញុំចង់និយាយប្រាប់ថា ខ្ញុំនឹកកូនៗខ្លាំងណាស់ សូមផ្ដល់ដំណឹងសុខទុក្ខរបស់កូនៗប្រុសទាំង៣អោយខ្ញុំបានដឹងផង ។ ខ្ញុំចង់ដឹង ចង់ឃើញ ចង់ជួបកូនប្រុសទាំង៣របស់ខ្ញុំតែប៉ុណ្ណោះ។

លោកបន្តថា សារមួយនេះ ខ្ញុំសូមជំរាបជូន ដល់អ្នកម៉ាក់របស់កូនៗទាំង៣អោយបានជ្រាបថា ខ្ញុំសូមស្នើសុំចិត្តអ្នកម៉ាក់ ហើយខ្ញុំកំពុងធ្វើការស្នើសុំនេះ គឺក្នុងនាមជាឪពុករបស់កូនទាំង៣ដែរ ។ តើមាននរណាខ្លះ យល់ពីអារម្មណ៍ ទឹកចិត្តឪពុក នឹកកូនៗទេ?

ខ្ញុំសូមបញ្ជាក់ថា ខ្ញុំគ្មានគំនិត ឬបំណងអាក្រក់ ក្នុងន័យ ទុច្ចរិត អវិជ្ជមាន ឬធ្វើអោយប៉ះពាល់សេចក្តីសុខ នរណាមួយឡើយ។ ខ្ញុំសូមស្នើសុំ ដោយសន្តិភាព ។ យ៉ាងណា បើតាម ឌីជេ ឡាយ អ៊ិន សារមួយនេះសង្ឃឹមថា អ្នកម៉ាក់របស់កូនប្រុសទាំង៣បានទទួល និងឃើញហើយ មានចិត្តសណ្តោសប្រណី ក្ដីមេត្តា អធ្យាស្រ័យ ដោយក្ដីអនុគ្រោះ ។
គួរបញ្ជាក់ថា ឌីជេ ឡាយអិន បានត្រឹមពោលពាក្យអហោសិកម្មឲ្យអតីតភរិយាខ្លួន ក្រោយចំណងអាពាហ៍ពិពាហ៍រយៈពេលជាច្រើនឆ្នាំបានបញ្ចប់ ក្រោមអំណាចសាលក្រមតុលាការ ដែលបានជំនុំជម្រះ កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៥ ។

តាមសាលក្រមរបស់តុលាការបានសម្រេចឲ្យអតីតភរិយា ជាអ្នករក្សាកូនទាំងអស់ ចំណែករូបលោកមិនបានរក្សាកូននោះទេ ហើយក៏គ្មានការបង់អាហារកិច្ចចិញ្ចឹមរហូតដល់កូនៗមាននីតិភាពនោះដែរ ព្រោះភាគីម្ដាយមានលទ្ធភាព ហើយមិនព្រមទទួលយកនោះដែរ ។
ទោះជាយ៉ាងណា កន្លងមក ឌីជេ ឡាយ អ៊ិន ធ្លាប់បានអះអាងថា ឈាមរបស់លោកនៅទីណា លោកក៏ទៅដល់ទីនោះដែរ ដាច់ខាតមិនបោះបង់កូនទេ ពោលលោកនឹងស្កាត់ទៅជួបកូនទាំងអស់ ប្រសិនបើមានការនឹករលឹក ខណៈពេលលោកសង្ឃឹមថា ភាគីម្ដាយអនុញ្ញាតឱ្យឪពុកកូនពួកគេបានជួបគ្នាម្ដងម្កាលតាមបំណង ទោះមិនបានចិញ្ចឹមបីបាច់ដោយផ្ទាល់យ៉ាងណាក្ដី ៕
ចែករំលែកព័តមាននេះ