ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ស្នើ​ដល់​អភិបាលខេត្ត​ជាប់​ព្រំដែន​ជាមួយ​ថៃ ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​កិច្ចការ​ចាំបាច់​ ៩ចំណុច

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ទី​១០ មិថុនា ២០២៥នេះ…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ទី​១០ មិថុនា ២០២៥នេះ ស្នើ​ដល់​ឯកឧត្តម លោក​ជំទាវ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ យកចិត្តទុកដាក់​លើ​ការ​ការពារ​អធិបតេយ្យ​ជាតិ បូរណភាព​ទឹកដី សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង​ប្រក្រតី​ភាព​នៅ​តាម​បណ្តោយ​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​!

យោង​តាម​លិខិត​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជម្រាប​មក​ឯកឧត្តម លោក​ជំទាវ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ជាប់​ព្រំដែន​ជាមួយ​ព្រះរាជាណាចក្រ​ថៃ ស្តី​ពី​ការ​ការពារ​អធិបតេយ្យ​ជាតិ បូរណភាព​ទឹកដី សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង​ប្រក្រតី​ភាព​នៅ​តាម​បណ្តោយ​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ។

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា សូម​ជម្រាប ឯកឧត្តម លោក​ជំទាវ អភិបាល​នៃ​គណៈ​អភិបាលខេត្ត ជ្រាប​ថា ក្រោយ​ពី​ព្រឹ​ត្ត​ការណ៍​នា​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៥ ដែល​កម្លាំងយោធា​ថៃ បាន​ចូល​បើក​ការ​បាញ់ប្រហារ​មក​លើ​លេណដ្ឋាន​កងទ័ព​កម្ពុជា បណ្តាល​ឱ្យ​ទាហាន​ខ្មែរ​ម្នាក់​ពលី​ជីវិត​យ៉ាង​អាណោចអាធ័ម ស្ថិត​នៅ​ក្នុងភូមិ​តេ​ជោ​មរកត ឃុំ​មរកត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ក្រសួងមហាផ្ទៃ បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់ និង​ពិនិត្យ​ឃើញ​ថា សភាពការណ៍​នៅ​តាម​បណ្ដោយ​ខ្សែបន្ទាត់​ព្រំដែន កម្ពុជា​-​ថៃ បាន​វិ​វត្ត​ប្រែប្រួល​កាន់តែ​ស្មុគស្មាញ ពិបាក​ប៉ាន់ស្មាន និង​មាន​ភាព​ផុយ​ស្រួយ ដែល​អាច​ឈាន​ដល់​ការ​ប្រឈម​មុខ​ដាក់​គ្នា ផ្នែក​កម្លាំងប្រដាប់អាវុធ​។ នា​ពេល​ថ្មី​ៗ​នេះ ភាគី​ថៃ​បាន​បិទ ឬ​ផ្លាស់​ប្តូរ​ពេលវេលា​ចេញ​-​ចូល​ឆ្លងកាត់​ព្រំដែន នៅ​តាម​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​មួយ​ចំនួន ជា​ឯកតោភាគី ដោយ​មិន​បាន​ជូនដំណឹង​ផ្លូវការ ជា​មុន មក​ភាគី​កម្ពុជា ដូច​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​ថៃ ស្តី​ពី​ការ​ឆ្លងកាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ចុះ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៥​។ ស្ថានការណ៍​នេះ អាច​បង្ក​ផល​ប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព អាយុជីវិត និង​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ព្រមទាំង​ជះ​ឥទ្ធិពល​អវិជ្ជមាន ដល់​ទំនាក់ទំនង​រវាង​ខេត្ត​និង​ខេត្ត​ជាប់​ព្រំដែន ។

ការ​ធ្វើ​ដំណើរ​ចេញ​-​ចូល​ឆ្លងកាត់​ព្រំដែន ការ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ដែល តម្រូវ​ឱ្យ​ដាក់​ចេញ​វិធានការ​ចាំបាច់ បុ​រេ​សកម្ម បត់បែន និង​ឆាប់រហ័ស ដើម្បី​ការពារ​ឧត្តម​ប្រយោជន៍​ជាតិ និង​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ខ្មែរ ។

ក្នុង​ន័យ​នេះ ដើម្បី​ត្រៀម​លក្ខណសម្បត្តិ​គ្រប់​ជ្រុងជ្រោយ ក្នុង​ការ​ឆ្លើយ​តប និង​គ្រប់គ្រង សភាពការណ៍​តានតឹង​នា​ពេល​បច្ចុប្បន្ន ក្នុង​ស្មារតី​ម្ចាស់​ការ និង​ភាព​ប្រុង​ប្រយ័ត្ន​ខ្ពស់ សំដៅ​ថែរក្សា​ការពារ អធិបតេយ្យ​ជាតិ បូរណភាព​ទឹកដី សន្តិសុខ សុវត្ថិភាព សេដ្ឋកិច្ច ពាណិជ្ជកម្ម សណ្ដាប់ធ្នាប់​របៀបរៀបរយ សាធារណៈ និង​ប្រក្រតី​ភាព​នៅ​តាម​បណ្តោយ​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ដោយ​រក្សា​បាន​នូវ​ព្រំដែន សន្តិភាព មិត្តភាព កិច្ច​សហប្រតិបត្តិការ និង​មានការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ក្រសួងមហាផ្ទៃ​ស្នើ ឯកឧត្តម លោក​ជំទាវ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ យកចិត្តទុកដាក់​អនុវត្ត​កិច្ចការ ចាំបាច់​ចំនួន០៩ចំណុច ដូច​ខាងក្រោម ៖

១–​ត្រូវ​ធ្វើការ​ណែនាំ​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់ ដែល​ឈរជើង​នៅ​តាម​បណ្តោយ ព្រំដែន​ឱ្យ​បន្ត​តាមដាន ទប់ស្កាត់​ឱ្យ​បាន​ទាន់​ពេលវេលា និង​កត់ត្រា​ឱ្យ​បាន​ច្បាស់លាស់ នូវ​សកម្មភាព​ឯកតោភាគី​របស់​ថៃ ដែល​នាំ​ឱ្យ​ប្រែប្រួល​បរិស្ថាន​តំបន់​ព្រំដែន បំពាន​មាត្រា​៥ នៃ អនុស្សរណៈ នៃ​ការ​យោគយល់​គ្នា ចុះ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០០០ ស្តី​ពី​ការ​វាស់វែង និង​ខណ្ឌ​ព្រំសីមា​ព្រំដែន​គោក ដោយ​អនុវត្ត​តាម​នីតិវិធី​កំណត់​ក្នុង​ចំណុច​៧ នៃ​លិខិត​លេខ ៣៥៩៩ ស​ជ​ណ ចុះ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៤ របស់​ក្រសួងមហាផ្ទៃ ។

២–​ត្រូវ​ធ្វើការ​ណែនាំ​ដល់​កងកម្លាំង និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទាំងអស់ រក្សា​ទំនាក់ទំនង​ជាមួយ​កងកម្លាំង នៃ​ភាគី​ម្ខាង​ទៀត ក្នុង​ការ​ដោះស្រាយ​បញ្ហា​នានា ដោយ​សន្តិវិធី និង​ការ​អត់ធ្មត់ ខ្ពស់​បំផុត​។ ចំពោះ​បញ្ហា ដែល​ហួស​ពី​សមត្ថកិច្ច និង​សមត្ថភាព​របស់​ខ្លួន ត្រូវ​គោរព​ស្នើ​សុំ គោលការណ៍​ពិនិត្យ​សម្រេច​ពី​ថ្នាក់​ជាតិ ដើម្បី​មាន​វិធានការ​ដំណោះស្រាយ​បាន​ទាន់​ពេលវេលា ។

៣–​ត្រូវ​សម្របសម្រួល និង​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ខេត្ត និង​កងកម្លាំង​មាន​សមត្ថកិច្ច​ថៃ នៅ​ក្នុង​ការ​គ្រប់គ្រង​ការ​ចេញ​-​ចូល​ឆ្លងកាត់​ព្រំដែន​តាម​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​ផ្លូវការ តាម​ស្ថានភាព​ជាក់ស្តែង​របស់​ខេត្ត​នីមួយ​ៗ និង​យកចិត្តទុកដាក់​តាមដាន​ស្ថានការណ៍​វិ​វត្ត​តាម​ច្រក​ទ្វារ​ព្រំដែន ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។ ក្នុង​នោះ ត្រូវ​ណែនាំ​ដល់ រដ្ឋបាល​ក្រុង ស្រុក និង​កងកម្លាំង​មាន​សមត្ថកិច្ច​ត្រូវ​ទប់ស្កាត់ និង​ហាម​ដាច់ខាត​មិន​ឱ្យ​មានការ​ចេញ​-​ចូល​ឆ្លងកាត់​ព្រំដែន​តាម​ច្រករបៀង ឬ​ច្រក​ទ្វារ​ពុំ​ផ្លូវការ ដោយ​ត្រូវ​មាន​វិធានការ ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត ចំពោះ​អ្នក​ល្មើស ។

៤–​ត្រូវ​ខិតខំ​ការពារ នូវ​ផលប្រយោជន៍​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុងធ្វើការ រកស៊ី និង​រស់នៅ​ក្នុង​ទឹកដី​ថៃ ព្រមទាំង​ត្រៀម​វិធានការ​ជម្លៀស​ប្រជាពលរដ្ឋ ដែល​កំពុង​នៅ​ប្រទេស​ថៃ ឱ្យ​វិល​ចូល​ក្នុង​ប្រទេស​វិញ ក្នុង​ករណី​មានការ​ប៉ះទង្គិច​គ្នា ដោយ​កម្លាំង​ប្រដាប់​វុ​ធ នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​។ ទន្ទឹម​នេះ សូម​អប់រំ​ណែនាំ និង​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ​កុំ ឱ្យ​ឆ្លង​ដែន​ចូល​ទៅ​ប្រទេស​ថៃ​ជា​បណ្តោះអាសន្ន ប្រសិនបើ​មិន​ចាំបាច់ ។

៥–​ត្រូវ​ត្រៀម​វិធានការ សម្រាប់​ឆ្លើយ​តប និង​គ្រប់គ្រង​ស្ថានភាព​អាសន្ន ដែល​អាច​កើតឡើង​ជាយថាហេតុ និង​ផ្តល់​កិច្ចសហការ​ឱ្យ​បាន​ជិត​ស្និទ្ធ​ជាមួយ​កង​យោធពលខេមរភូមិន្ទ និង​នគរបាល​ជាតិ តាម​ការ​ចាំបាច់ ដើម្បី​ការពារ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ បូរណភាព​ទឹកដី សុវត្ថិភាព អាយុជីវិត និង​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ។

៦–​ត្រូវ​ត្រៀម​រៀបចំ និង​បម្រុង​ទុក​រួច​ជា​មុន នូវ​ផែនការ​ជម្លៀស​ប្រជាពលរដ្ឋ​ដែល​ត្រឡប់​ចូល​មក​ក្នុង​ប្រទេស​វិញ និង​អ្នក​រស់នៅ​តំបន់​ព្រំដែន ក្នុង​ករណី​មានការ​ប៉ះទង្គិច​គ្នា ដោយ​កម្លាំងប្រដាប់អាវុធ​ដែល​អាច​កើតឡើង​ជាយថាហេតុ ឬ​មានការ​បិទ​ច្រក​ទ្វារ​ព្រំដែន ក្នុង​នោះ​ត្រូវ រៀបចំ​ទីជម្រក​សុវត្ថិភាព​បណ្ដោះអាសន្ន មធ្យោបាយ​ដឹក​ជញ្ជូន ជំនួយ​សង្គ្រោះ​ស្បៀងអាហារ ថ្នាំសង្កូវ ទឹក​ស្អាត អគ្គិសនី ។​ល​។

៧–​ត្រូវ​បែងចែក​វេន​ជូន​ថ្នាក់ដឹកនាំ មន្ត្រី និង​កងកម្លាំង​មាន​សមត្ថកិច្ច នៃ​រដ្ឋបាល​ខេត្ត ក្រុង ស្រុក និង​ឃុំ សង្កាត់ ឱ្យ​ប្រចាំការ ២៤​ម៉ោង​លើ​២៤​ម៉ោង ដើម្បី​តាមដាន រាយការណ៍ និង​គ្រប់គ្រង​សភាពការណ៍​ព្រំដែន ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ឱ្យ​បាន​ជាប់​ជា​ប្រចាំ ។

៨–​ត្រូវ​បង្កើន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ច្បាស់​ការណ៍ ជូន​ប្រជាពលរដ្ឋ ច្រានចោល​ព័ត៌មាន​មិន​ពិត ជា​ពិសេស ត្រូវ​ចាត់វិធានការ​ឱ្យ​បាន​ម៉ឺងម៉ាត់​ចំពោះ​ការ​ឃោសនា ដែល​មាន​លក្ខណៈ ញុះញង់ បំបាក់ទឹកចិត្ត​កងទ័ព និង​នគរបាល​ការពារ​ព្រំដែន បញ្ឆេះ​កំហឹង និង​អរិភាព​រវាង​ប្រជាជាតិ​ទាំង​ពីរ ដែល​បើកដៃ​ឱ្យ​ក្រុម​ជ្រុលនិយម​បំភ្លឺ​សាធារណ​មតិ និង​បំផ្លិចបំផ្លាញ កិច្ច​ខិតខំ​របស់​រាជរដ្ឋាភិបាល នៃ​ប្រទេស​ទាំង​ពីរ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន និង​អធិបតេយ្យ​ដ៏​មាន​សារៈសំខាន់​នេះ ។

៩–​ត្រូវ​បាន​ហាមឃាត់​រដ្ឋបាល​ខេត្ត ក្រុង ស្រុក និង​ឃុំ សង្កាត់ មិន​ឱ្យ​ចុះហត្ថលេខា​លើ​កំណត់ហេតុ ឬ​ឯកសារ​នានា​ជាមួយ​ភាគី​ថៃ រហូត​ដល់​មានការ​ណែនាំ​ជា​ថ្មី​ពី​ក្រសួងមហាផ្ទៃ ។

អាស្រ័យ​ហេតុនេះ សូម ឯកឧត្តម លោក​ជំទាវ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ជាប់​ពំ​ដ​ន ជាមួយ​ប្រទេស​ថៃ ជ្រាប និង​ចាត់ចែង​អនុវត្ត​កិច្ចការ​ខាងលើ ឱ្យ​មាន​ប្រសិទ្ធភាព និង​ប្រកបដោយ​ស្មារតី ទទួលខុសត្រូវ​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ