ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​ថា​សង្គ្រាម​អ៊ុយ​ក្រែន​គ្មាន​ថ្ងៃ​បញ្ចប់​ទេ​បើ​ណា​តូ​មិន​ដក​ថយ​ពី​តំបន់​បាល់​ទិច

1 ថ្ងៃ មុន

ទី​ក្រុង​ម៉ូស្គូ៖ ​សង្គ្រាម​អ៊ុយ​ក្រែន​មិន​អាច​​បញ្ចប់​​ដោយ​ងាយ​ៗ​​ទេ​លុះ​ត្រា​តែ​អង្គ​ការ​ណាតូ​ដក​កងទ័ព​​​ចេញ​ពី​រដ្ឋ​ជា​​សមាជិក​របស់​ខ្លួន​នៅ​តំបន់​បាល់​ទិច​​​។ ខាង​លើ​នេះ​ជា​ការ​ថ្លែង​របស់​អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី លោក​សឺហ្គេ រីយ៉ាប​កូស (Sergei Ryabkov)​។​ ​មាន​ន័យ​ថា​រុស្ស៊ី​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​ជំហរ​ និង​​ដាក់​លក្ខ​ខណ្ឌ​បន្ថែម​ទៀត​​​​ជា​ថ្នូរ​នឹង​ការ​បញ្ចប់​​សង្គ្រា​ម​អ៊ុយ​ក្រែន​។​ លោក​រីយ៉ាប​កូស​ថ្លែង​ថា​ឫស​គល់​នៃ​សង្គ្រាម​អ៊ុយ​ក្រែន​មិន​មែន​ពាក់​ព័ន្ធ​តែ​នឹង​បញ្ហា​អ៊ុយ​ក្រែន​១​មុខ​នោះ​ទេ​។…

ទី​ក្រុង​ម៉ូស្គូ៖ ​សង្គ្រាម​អ៊ុយ​ក្រែន​មិន​អាច​​បញ្ចប់​​ដោយ​ងាយ​ៗ​​ទេ​លុះ​ត្រា​តែ​អង្គ​ការ​ណាតូ​ដក​កងទ័ព​​​ចេញ​ពី​រដ្ឋ​ជា​​សមាជិក​របស់​ខ្លួន​នៅ​តំបន់​បាល់​ទិច​​​។ ខាង​លើ​នេះ​ជា​ការ​ថ្លែង​របស់​អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី លោក​សឺហ្គេ រីយ៉ាប​កូស (Sergei Ryabkov)​។​ ​មាន​ន័យ​ថា​រុស្ស៊ី​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​ជំហរ​ និង​​ដាក់​លក្ខ​ខណ្ឌ​បន្ថែម​ទៀត​​​​ជា​ថ្នូរ​នឹង​ការ​បញ្ចប់​​សង្គ្រា​ម​អ៊ុយ​ក្រែន​។​

លោក​រីយ៉ាប​កូស​ថ្លែង​ថា​ឫស​គល់​នៃ​សង្គ្រាម​អ៊ុយ​ក្រែន​មិន​មែន​ពាក់​ព័ន្ធ​តែ​នឹង​បញ្ហា​អ៊ុយ​ក្រែន​១​មុខ​នោះ​ទេ​។ ប៉ុន្តែ​​ក៏​ពាក់​ព័ន្ធ​នឹង​ការ​វាត​ទី​របស់​អង្គ​ការ​ណាតូ​ចូល​តំបន់​អឺរ៉ុប​ខាង​កើត​ផង​ដែរ​​។ ទី​នេះ​ធ្លាប់​ជា​តំបន់​ត្រួត​ត្រា​ ឬ​ទទួល​ឥទ្ធិ​ពល​ពី​រុស្ស៊ី ក្រោយ​មក​សហ​ភាព​សូវៀត និង​ចុង​ក្រោយ​វិល​មក​រុស្ស៊ី​វិញ​។ ប៉ុន្តែ​ប្រទេស​ខ្លះ​ចង់​មាន​ចៅ​ហ្វាយ​ថ្មី​ និង​បត់​ក្បាល​ចូល​អង្គ​ការ​ណាតូ​ជា​បន្ត​បន្ទាប់​។ លោក​រីយ៉ាប​កូស​​ថ្លែង​ថា​បើ​ណាតូ​យល់​ព្រម​ដក​កង​ទ័ព​ពី​បាល់​ទិច សង្គ្រាម​អ៊ុយ​ក្រែន​អាច​​ងាយ​ស្រួល​បញ្ចប់​​​។​

សព្វ​ថ្ងៃ​នេះ កម្លាំងរបស់​ណាតូ​នៅ​បាល់​ទិច​កាន់​តែ​ខ្លាំង​ឡើង​ៗ​ជា​លំដាប់​។ ណាតូ​មាន​មូល​ដ្ឋាន​ និង​បញ្ជា​ការ​ដ្ឋាន​ជា​ច្រើន​ដូច​ជា​នៅ​ប៊ុលការី អេស្តូនី ហុង​គ្រី ឡាត​វី លី​ទុយ​អានី ប៉ូឡូញ រ៉ូម៉ានី និង​ស្លូ​វ៉ា​គី​ជា​ដើម​។ ឥឡូវ​នេះ ណាតូ​កំពុង​ធ្វើ​សមយុទ្ធ​យោធា​បាញ់​គ្រាប់​កាំ​ភ្លើង​ពិត​នៅ​ប្រទេស​ប៊ុល​ការី​។ ស៊ុយ​អែត និង​ហ្វាំង​ឡង់​ដែល​ធ្លាប់​ប្រកាន់​ជំហរ​អព្យាក្រឹត​រវាង​អាមេរិក និង​សូវៀត​ក៏​បត់​ក្បាល​ចូល​ណាតូ​ផង​ដែរ​​។

កាល​ពី​មុន​នេះ រុស្ស៊ី​ទាម​ទារ​ឱ្យ​អ៊ុយ​ក្រែន​មិន​ចូល​អង្គ​ការ​ណាតូ​។ ប៉ុន្តែ​លើក​នេះ​រុស្ស៊ី​ដាក់​លក្ខខណ្ឌ​ថែម​ទៀត​ថា​មិន​ត្រឹម​តែ​អ៊ុយ​ក្រែន​មិន​ចូល​ណាតូ​ទេ​ ណាតូ​ត្រូវ​តែ​ដក​ថយ​ពី​បាល់​ទិច​​។ ខាង​លើ​នេះ​ជា​អ្វី​ដែល​លោក​រីយ៉ាប​កូស​ថ្លែង​ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​តាស់​របស់​រុស្ស៊ី​ (TASS)​។ លោក​ថ្លែង​ថា​​ដំណើរ​ឆ្ពោះ​ទៅ​ទិស​ខាង​កើត​របស់​ណាតូ​ជា​បុព្វ​ហេតុ​ចម្បង​នៃ​សង្គ្រាម​។​

​ប្រភព​សម្ងាត់​ពី​​រុស្ស៊ី​ដែល​ដឹង​រឿង​ច្បាស់​ពាក់​ព័ន្ធ​នឹង​ការ​ចរ​ចា​បញ្ហា​អ៊ុយ​ក្រែន​​បាន​បង្ហើប​ឱ្យ​ដឹង​ថា​​នៅ​ក្នុ​ងចំណោម​លក្ខ​ខណ្ឌ​ដែល​លោ​កពូទីន​ទាម​ទារ​នោះ​មាន​ចំណុច​មួយ​លោក​ស្នើ​សុំ​ឱ្យ​ក្រុម​បស្ចិម​ប្រទេស​សន្យា​ជា​លាយ​លក្ខ​ណ៍​អក្សរ​ថា​ត្រូវ​បញ្ឈប់​ដំណើរ​ទៅ​មុខ​របស់​អង្គ​ការ​ណាតូ​​។ មាន​ន័យ​ថា​មិន​ពង្រីក​សមាជិក​ភាព​របស់​ខ្លួន​ទៅ​ទិស​ខាង​កើត​ជា​បន្ត​ទៀត​ទេ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ