រាជធានីភ្នំពេញ ៖ រថយន្តបែនដឹកដី២គ្រឿងដែលក្នុងនោះមានផ្ទុកដីពេញតៅ និង១គ្រ៉ឿងទៀតមានតែតៅទទេអត់ទាន់បានផ្ទុកដីនៅឡើយ ខណៈបើកបរលឿនក្នុងទិសដៅបញ្ច្រាស់ទិសគ្នា ក៏បានកៀរគ្នាពេញទំហឹង ។ បណ្ដាលឲ្យរថយន្តដែលមានដីពេញតៅនោះដាច់ភ្លៅ និងកង់ក្រោយ៤គ្រាប់ក្រឡាប់ភីងដេកស្ដូកចាក់ដីចោលលើផ្លូវ ចំណែក១គ្រឿងទៀតដែលគ្មានដីក្នុងតៅបានវិលកាត់ទទឹងផ្លូវនិងរងការខូចខាតដែរ ប៉ុន្តែនៅក្នុងឧប្បត្តិហេតុនេះពុំបណ្ដាលឲ្យមានមនុស្សរងរបួស ឬស្លាប់ឡើយ ។
ឧប្បត្តិហេតុខាងលើបានកេីតឡេីងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នៅតាមផ្លូវលេខ១០៤ ត្រង់ចំណុចខាងលិចរង្វង់មូលកួរស្រូវ ស្ថិតនៅក្នុងភូមិក្រពេីទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
រថយន្តបែនដឹកដីទាំង២គ្រឿងនោះម៉ាកនីស្សាន់ដូចគ្នា ពណ៍សដូចគ្នា ជាប្រភេទកង់៦ដូចគ្នា ប៉ុន្តែរថយន្តដែលក្រឡាប់នោះអត់ឃើញមានស្លាកលេខនោះទេ ។ ដោយពុំដឹងថាដាច់បាត់ពេលក្រឡាប់ ឬត្រូវម្ចាស់ដោះចេញនោះឡើយ ដោយឡែករថយន្ត១គ្រឿងទៀតពាក់ស្លាកលេខចង្កូតស្ដាំPP-4117 ។
ប្រជាពលរដ្ឋបាននិយាយថា រថយន្តទាំង២គ្រឿងបានបើកបរធ្វើដំណើរក្នុងទិសដៅបញ្ច្រាស់ទិសគ្នា ដោយនៅមុនពេលកើតហេតុ រថយន្តដែលក្រឡាប់នោះ ដឹកដីពេញតៅធ្វើដំណើរក្នុងទិសដីពីលិចទៅកើត ។ ចំណែករថយន្តដែលគ្មានដីក្នុងតៅធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះពេលទៅដល់ត្រង់ចំណុចកើតហេតុស្រាប់តែកៀរគ្នាពេញទំហឹងលាន់សូរផូង បណ្ដាលឲ្យរថយន្តដែលមានដីដាច់ភ្លៅនិងកង់ក្រោយ៤គ្រាប់ក្រឡាប់ចាក់ដីចោលលើផ្លូវ រីឯរថយន្តគ្មានដីវិលទទឹងផ្លូវតែម្ដង ។
ប្រជាពលរដ្ឋបាននិយាយបន្តទៀតថា ខណៈនោះអ្នកភូមិបានរត់ទៅមើលឃើញអ្នកបើកបររថយន្តដែលក្រឡាប់លូនចេញពីកាប៊ីនរថយន្តដោយសុវត្ថិភាពមិនមានរបួសធ្ងន់ធ្ងរនោះទេ ប៉ុន្តែរថយន្តបានរងការខូចខាតស្ទើរតែទាំងស្រុង ។ ចំណែកឯរថយន្ត១គ្រឿងទៀតរងការខូចខាតផ្នែកខាងឆ្វេងដែរ ប៉ុន្តែមិនធ្ងន់ធ្ងរឡើយ ហើយខណៈនោះបានបង្កការកកស្ទះចរាចរណ៍លើផ្លូវនោះផងដែរ ។
សមត្ថកិច្ចបានបញ្ជាក់ប្រាប់បន្ថែមថាក្រោយទទួលបានដំណឹងខាងលើកម្លាំងនគរបាលខណ្ឌដង្កោនិងនិងប៉ុស្តិ៍រលួសបានចុះទៅសម្រួលចរាចរណ៍ និងអូសរថយន្តដែលស្ថិតនៅទទឹងផ្លូវចេញ ទើបលែងមានការកកស្ទះ ។ បន្ទាប់មកនគរបាលបានធ្វើការវាស់វែងដើម្បីរកមូលហេតុនៃការកៀរគ្នាឲ្យឃើញថា តើរថយន្តមួយណាខុសនិងមួយណាត្រូវ រួចបានហៅរថយន្តស្ទូចទៅស្ទូចលើករថយន្តក្រឡាប់នោះចេញពីកន្លែងកើតហេតុ ។ បន្ទាប់មកបានឲ្យភាគីទាំង២ដោះស្រាយគ្នាបញ្ចប់រឿង ប៉ុន្តែបកមិនចប់ទើននគរបាលនាំយកទៅរក្សាទុកដើម្បីដោះស្រាយគ្នានៅពេលក្រោយទៀត ៕












ចែករំលែកព័តមាននេះ