ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ៖ នគរបាលមិនមែនចង់បានថវិកាពីការផាកពិន័យទេ តែដើម្បីសុវត្ថិភាពចរាចរណ៍របស់អ្នកដំណើរ

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​មិនមែន​ចង់បាន​ថវិកា​ពី​ការ​ផាកពិន័យ​នោះ​ទេ ក៏​ប៉ុន្តែ​ដើម្បី​សុវត្ថិភាព​ចរាចរណ៍​របស់​អ្នក​ដឹក​អ្នកដំណើរ ពោល គឺ​បើ​អ្នកបើកបរ​មិន​ល្មើស​ល្បឿន នគរបាល​ក៏​គ្មាន​ហេតុផល​អនុវត្ត​ច្បាប់​ដែរ ។ នេះ​បើ​តាម​បញ្ជាក់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស…

រាជធានី​ភ្នំពេញ ៖ នគរបាល​មិនមែន​ចង់បាន​ថវិកា​ពី​ការ​ផាកពិន័យ​នោះ​ទេ ក៏​ប៉ុន្តែ​ដើម្បី​សុវត្ថិភាព​ចរាចរណ៍​របស់​អ្នក​ដឹក​អ្នកដំណើរ ពោល គឺ​បើ​អ្នកបើកបរ​មិន​ល្មើស​ល្បឿន នគរបាល​ក៏​គ្មាន​ហេតុផល​អនុវត្ត​ច្បាប់​ដែរ ។ នេះ​បើ​តាម​បញ្ជាក់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ។

ថ្លែង​ក្នុង​ទិវា​ស​ប្ដា​ហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រារព្ធ​ធ្វើ​ឡើង​នៅ​ខេត្តព្រៃវែង នា​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២៥ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស សុខា បាន​ណែនាំ​ជា​ចំហ និង​បាន​បញ្ជាក់​អំពី​ការ​រង់ចាំ​មើល​ការ​អនុវត្ត​របស់​រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រួម​ទាំង​អធិការដ្ឋាន និង​ស្នងការដ្ឋាន​លើ​បញ្ហា​នេះ ដោយ​ប្រមុខ​ក្រសួងមហាផ្ទៃ បាន​ណែនាំ​ឱ្យ​សិក្សា​អនុវត្ត​ការងារ​នេះ ឱ្យ​សកម្ម​ជាមួយ​ថ្នាក់ដឹកនាំ​គ្រឹះស្ថានសិក្សា ថ្នាក់​អនុ​វិទ្យាល័យ និង​វិទ្យាល័យ ដើម្បី​ធានា​ថា សិស្ស​ដែល​ធ្វើ​ដំណើរ​ទៅ​ទទួល​ការ​អប់រំ​ពិតជា​បាន​គោរព​ច្បាប់​ចរាចរណ៍ ពាក់មួក​សុវត្ថិភាព ដើម្បី​ការពារ​សុវត្ថិភាព​ពួក​គេ និង​ជា​ការ​បង្ហាញ​អំពី​គំរូ​នៃ​ការ​ចាប់ផ្ដើម​គោរព​ច្បាប់ ចាប់ពី​ពេល​ពួក​គេ​ទទួល​បានការ​អប់រំ ។

ចេញពី​ការ​គិតគូរ​អំពី​សុវត្ថិភាព និង​ការ​អនុវត្ត​ច្បាប់​ក្នុង​ចំណោម​សិស្សានុសិស្ស ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស សុខា ក៏​បាន​គូសបញ្ជាក់​ថា ជា​រៀង​រាល់​ព្រឹក​លោក​តែងតែ​យកចិត្តទុកដាក់​តាមដាន​នូវ​របាយការណ៍​ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី ខេត្ត​ទាំងអស់ អំពី​សុវត្ថិភាព​ចរាចរណ៍​របស់​កម្មករ កម្មការិនី ដែល​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​រថយន្ត​ជា​ក្រុម​ៗ និង​ដែល​ភាគច្រើន​ជា​រថយន្ត​ដឹក​កម្មករ កម្មការិនី​លើស​ចំនួន​កំណត់ ។

ក្នុង​ន័យ​នេះ ឯកឧត្តម បាន​ជំរុញ លើកទឹកចិត្ត​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ រួម​ទាំង​មន្ត្រី​នគរបាល​ចរាចរណ៍​យកចិត្តទុកដាក់​លើ​ការ​សម្រួល​សុវត្ថិភាព​ចរាចរណ៍​ដល់​រថយន្ត​ដឹក​កម្មករ កម្មការិនី​នា​ពេល​ព្រឹក​ព្រលឹម និង​បន្ត​អប់រំ​ណែនាំ​ដល់​អ្នក​ផ្តល់​សេវា​ដឹក​ជញ្ជូន​កម្មករ កម្មការិនី ពិសេស​អ្នកបើកបរ​គោរព​ច្បាប់ គិតគូរ​លើ​សុវត្ថិភាព និង​លក្ខណៈ​បច្ចេកទេស​រថយន្ត ខណៈ​ការ​វ៉ា​ជែង និង​បើកបរ​លើស​ល្បឿន តែងតែ​ជា​មូលហេតុ​ចម្បង​នៃ​គ្រោះថ្នាក់ ។

បន្ថែម​លើ​នេះ ការ​បើកបរ​លើស​ល្បឿន​កំណត់ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស សុខា នៅ​តែ​ទទូច​សូម​ឱ្យ​ប្រជាពលរដ្ឋ​ដែល​រអ៊ូរទាំ​ចំពោះ​ការ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​បើកបរ​លើស​ល្បឿន​កំណត់ មេត្ដា​គិតគូរ​ឡើង​វិញ​ថា តើ​មូលហេតុ​អ្វី​បានជា​សមត្ថកិច្ច​ធ្វើ​យ៉ាង​ដូច្នេះ ។

ឯកឧត្តម​បាន​គូសបញ្ជាក់​ថា​៖«​នគរបាល​មិនមែន​ចង់បាន​ថវិកា​ពី​ការ​ផាកពិន័យ​នោះ​ទេ ក៏​ប៉ុន្តែ​ដើម្បី​សុវត្ថិភាព​ចរាចរណ៍​របស់​អ្នក​ដឹក​អ្នកដំណើរ ពោល គឺ​បើ​អ្នកបើកបរ​មិន​ល្មើស​ល្បឿន នគរបាល​ក៏​គ្មាន​ហេតុផល​អនុវត្ត​ច្បាប់ ហើយ​សាមីខ្លួន​ក៏​មាន​សុវត្ថិភាព​» ។

សូម​បញ្ជាក់​ថា ក្នុង​រយៈពេល​៤​ខែ​ឆ្នាំ​២០២៥​នេះ សមត្ថកិច្ច​បាន​ចុះ​ត្រួតពិនិត្យ​រក​ឃើញ​យានយន្ត​ល្មើសច្បាប់​ចរាចរណ៍​ដោយ​ធ្វើការ​ពិន័យ​សរុប​ចំនួន​២៥.០២៣​គ្រឿង និង​បាន​ដកហូត​ផ្លា​ក​លេខ​យានយន្ត​មិន​ប្រក្រតី​ជាង​៧០​គូ ។

សមត្ថកិច្ច​ក៏​បាន​ត្រួតពិនិត្យ​ជាតិ​អាល់កុល​ពេល​យប់ រក​ឃើញ​អ្នកបើកបរ​ក្រោម​ឥ​ទិ្ធ​ពល​ស្រវឹង​ចំនួន​៤.៧១៦​នាក់ អនុវត្ត​តាម​នីតិវិធី ។ ក្នុង​រយៈពេល​ដដែល​នេះ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​សរុប​៧៣០​លើក បើ​ធៀប​រយៈពេល​ដូច​គ្នា ឆ្នាំ​២០២៤​ថយ​ចុះ​៣០៤​លើក ។ គិត​ពី​ខែមករា ដល់​ខែមេសា​ឆ្នាំ​២០២៥ គ្រោះថ្នាក់​ចរាចរណ៍​បាន​ឆក់​យក​ជីវិត​មនុស្ស​ចំនួន​៤៧៩​នាក់ និង​របួស​១.០១១ នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០២៤ បាន​ថយ​ចុះ​៤២៨​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ