ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលជិះម៉ូតូម្នាក់ឯង ជ្រុលទៅបុកគូទរថយន្តធុនធំ ដែលខូចចតចោលនៅលើចិញ្ចើមផ្លូវជាតិលេខ៥១ ពេញទំហឹង បណ្តាលឱ្យបោកក្បល។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង០៤និង៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ០៨-ទៅលេខ០៩ ត្រង់ចំណុចភូមិត្រពាំងឈូក សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។
បើតាមការបញ្ជាក់ពីលោកអធិការរង ទទួលបន្ទុកផ្នែកសណ្ដាប់ធ្នាប់និងចរាចរណ៍ក្រុងឧដុង្គម៉ែជ័យឱ្យដឹងថាមានម៉ូតូ ០១គ្រឿង ម៉ាកហុងដាសេ១២៥(HONDA DREAM 125CC) ពណ៌ខ្មៅ ស៊េរី២០១៩ ពាក់ផ្លាកលេខ ខេត្ដកំពង់ចាម1U-1466 អ្នកបើកបរឈ្មោះ ឈឺន សុផានិត ភេទប្រុស អាយុ១៨ឆ្នាំ (មិនមានពាក់មួកសុវត្ថិភាព) រស់នៅភូមិភូមិត្រពាំងត្មាត ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានបើកបរម៉ូតូម្នាក់ឯងតាមបណ្តោយផ្លូវជាតិលេខ៥១ ក្នុងទិសដៅពីទិសខាងជើងទៅទិសខាងត្បូង។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកពីក្រោយរថយន្ដធុនធំ០១គ្រឿង ម៉ាកFUSO ពណ៌ស ទ្រុងពណ៌បៃតងពាក់ផ្លាកលេខចង្កូតស្ដាំPP-2466 អ្នកបើកបររថយន្ដ និងអ្នកគ្រប់គ្រងរថយន្ត បានគេចខ្លួនក្រោយកើតហេតុគ្រោះថ្នាក់ខាងលេី ។
លោកអធិការរងទទួលផែនចរាចរណ៍បញ្ជាក់ទៀតថា រថយន្ដធុនធំបានខូចរួចហើយឈប់នៅលើផ្លូវខាងស្ដាំដៃស្របទិសគ្នា ប៉ុន្ដែរថយន្ដខាងលើមិន បានដាក់សញ្ញាសម្គាល់ ដូចជា សាជី បារាស់ មែកឈេី ឬបើកភ្លើងត្រីកោណជាសញ្ញាអាសន្ននោះទេ ចំណុចនេះអាចធ្វេីឱ្យអ្នកបេីកបរនិងអ្នកប្រេីប្រាស់ផ្លូវមានការបាត់បង់ម្ចាស់ការ គឺអាចកេីតជាគ្រោះថ្នាក់តែម្ដង កំហុសគឺមិនបានគោរពតាមគោលការណ៍ច្បាប់ចរាចរណ៍ កំណត់ ។
ក្រោយកើតហេតុនគរបាលជំនាញបានចុះធ្វើការវាស់វែងនៅកន្លែងកើតហេតុ សពយុវជនរងគ្រោះប្រគល់ឱ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំពោះវត្ថុតាងមធ្យោបាយម៉ូតូ និង រថយន្ត សមត្ថកិច្ចនគរបាលជំនាញបាននាំយកទៅរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងឧដុង្គម៉ែជ័យ រង់ចាំបញ្ជូនបន្ត ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ៕





ចែករំលែកព័តមាននេះ