ទីក្រុងប៉េកាំង៖ នៅពេលចលនាបាតុកម្ម និងពេលខ្លះឈានដល់កុប្បកម្ម (បះបោរ) កំពុងតែពុះកញ្ជ្រោលខ្លាំងនៅទីក្រុងឡូសអេនជើឡេស ស្ថានកុងស៊ុលចិនប្រចាំទីក្រុងនេះចេញសារព្រមានពលរដ្ឋរបស់ខ្លួននៅលើទឹកដីអាមេរិកសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់។ ជាពិសេស គួរជៀសវាងឱ្យឆ្ងាយពីទីកន្លែងដែលប្រមូលផ្ដុំគ្នា។ ចលនាបាតុកម្មនេះធ្វើឡើងដើម្បីប្រឆាំងនឹងនយោបាយរបស់លោកត្រាំដែលចង់បណ្ដេញជនអន្តោប្រវេសន៍ពីទឹកដីអាមេរិកនៅក្នុងបរិមាណច្រើនបំផុត។
នៅក្នុងស្ថានភាពនេះ នគរបាលមូលដ្ឋានពិបាកចាត់ការបញ្ហាដែលឡើងកម្ដៅខ្លាំង។ ពេលខ្លះគេឮថាពួកអ្នកឆ្លៀតឱកាសខ្លះមិនហែបាតុកម្មទេ ប៉ុន្តែឆ្លៀតដុតឡាន គប់គ្រវែងដបសាំង ឬគាស់ផ្ទះ និងហាងលក់ទំនិញដើម្បីលួចឥវ៉ាន់។ ពោលគឺស្រដៀងនឹងករណីហែបាតុកម្មដើម្បីរកយុត្តិធម៌ឱ្យចចផ្លយ (George Floyd) កាលពីពេលលោកត្រាំកាន់អំណាចអាណត្តិទី១ដែរ។ នៅក្នុងស្ថានភាពវឹកវរនេះ លោកត្រាំចង់បញ្ជូនឆ្មាំសន្តិសុខជាតិ២ពាន់នាក់ចុះបេសកកម្មនៅឡូសអេនជើឡេស។
ឥឡូវនេះ សារព័ត៌មានចិនច្រើនផ្សព្វផ្សាយអំពីសភាពការណ៍នៅឡូសអេនជើឡេស។ បញ្ហានេះក៏កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងផងដែរនៅលើបណ្ដាញសង្គមវេបូ (Weibo) និងវីឆេត (WeChat)។ កាលពីពេលហែបាតុកម្មដើម្បីរកយុត្តិធម៌ឱ្យចចផ្លយឆ្នាំ២០២០ និងករណីអ្នកគាំទ្រលោកត្រាំសម្រុកចូលវិមានរដ្ឋសភាក៏សារព័ត៌មានចិនជាទូទៅ និងសារព័ត៌មានជាផ្លូវរដ្ឋរបស់ចិនផ្សព្វផ្សាយយ៉ាងគគ្រឹកគគ្រេងផងដែរ។
ស្ថានកុងស៊ុលចិនប្រចាំទីក្រុងឡូសអេនជើឡេសថ្លែងថាមន្ត្រីអនុវត្តច្បាប់នៅអាមេរិកចាប់ផ្ដើមចាត់វិធានការទូទាំងទីក្រុងនេះហើយ។ ដូច្នេះ ស្ថានកុងស៊ុលសូមរំលឹកជនជាតិចិននៅទីក្រុងនេះយកចិត្តទុកដាក់ខ្ពស់ ស្ដាប់ការណែនាំរបស់ស្ថានកុងស៊ុល ឧស្សាហ៍តាមដានព័ត៌មាន បន្តប្រុងប្រយ័ត្ន ការពារសុវត្ថិភាពផ្ទាល់ខ្លួន ជៀសឱ្យឆ្ងាយពីកន្លែងប្រមូលផ្ដុំគ្នា កន្លែងមានមនុស្សច្រើន ឬកន្លែងដែលគ្មានសន្តិសុខគ្រប់គ្រាន់។ ត្រូវជៀសវាងធ្វើដំណើរនៅពេលយប់ ឬធ្វើដំណើរតែម្នាក់ឯង។
នៅលើបណ្ដាញសង្គមវេបូ ជនជាតិចិនបានឆ្លើយតបទៅនឹងការណែនាំនេះដោយកង្វល់នៅក្នុងចិត្តផង និងដោយការនិយាយបែបមាក់ងាយអាមេរិកផង។ អ្នកលេងបណ្ដាញសង្គមចិនម្នាក់សរសេរថា «នេះហើយទឹកដីសេរីភាព»។ ម្នាក់ទៀតសរសេរថា «ប្រទេសចិនជាកន្លែងសុវត្ថិភាពជាងគេបំផុតនៅលើពិភពលោក។ ជម្រើសដ៏ឆ្លាតវៃបំផុតគឺត្រូវតែចាកចេញពីទឹកដីអាមេរិកត្រឡប់ទៅប្រទេសចិនវិញជាប្រញាប់»៕
ចែករំលែកព័តមាននេះ