រាជធានីភ្នំពេញ ៖ ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វ និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាង រាជធានីភ្នំពេញ និងខេត្តកណ្តាល បានឈានដល់ការធ្វើពិធីតភ្ជាប់តួស្ពានហើយ ។
ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី០៩ មិថុនា ២០២៥នេះ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីក្រោមឱវាទជាច្រើនរូបទៀត ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា គិតមកដល់ពេលនេះ ការដ្ឋានសាងសង់ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ទាំងមូលសម្រេចបានប្រមាណ៨៥ភាគរយហើយ ក្នុងនោះស្ពានអាកាសដែលមានទិសដៅពីភ្នំពេញ ទៅអាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល នឹងរួចរាល់នៅចុងខែមិថុនានេះ។ ចំណែកស្ពានអាកាស ដែលមានទិសដៅពីអាកាសយានដ្ឋានអន្តរជាតិតេជោ មកភ្នំពេញវិញ នឹងរួចរាល់នៅចុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខ ។
សូមបញ្ជាក់ថា ស្ពានអាកាសនេះ បានបើកការដា្ឋនសាងសង់ ដោយសម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ដោយរាជរដ្ឋាភិបាល ជាម្ចាស់គម្រោង តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិកាសាងសង់ចំនួន១៦,២០០,៥០០ដុល្លាអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន១២ខែ ។
ស្ពានអាកាសភ្លោះនេះ ជាប្រភេទបេតុងអាមេ ( ធ្នឹមរាងអក្សរ I ) មានបណ្ដោយ ស្ពាន៦២២ម៉ែត្រ ក្នុងនោះ ស្ពានទី១: ផ្លូវឯកទិសមានទិសដៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ។ ស្ពានទី២: ផ្លូវឯកទិសមានទិសដៅឆ្លងកាត់ផ្លូវជាតិលេខ២ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្ពោះទៅកាន់ មហាវិថីសម្តេចតេជោ ហ៊ុន សែន។ ទម្ងន់ផ្ទុកអនុញ្ញាត ២៥តោន កម្ពស់សុវត្ថិភាព៥.៥០ម៉ែត្រ។មានគន្លងចរាចរណ៍ចំនួន៣ គន្លង ។ទទឹងស្ពានប្រវែង៩.៥០ម៉ែត្រ។ កម្រាលស្ពានអ៊ុតកៅស៊ូ AC កម្រាស់: ០.១០ម៉ែត្រ បង្កាន់ដៃស្ពានសងខាងមានកម្ពស់ ១.២០ម៉ែត្រ មានបំពាក់ភ្លើងសូឡាបំភ្លឺផ្លូវតាមបង្កាន់ដៃស្ពាន និងផ្លូវសងខាងស្ពាន។ មានប្រព័ន្ធលូសម្រាប់រំដោះទឹកនៅសងខាងផ្លូវ។រវាងប្រឡោះស្ពានទី ១និង ស្ពានទី២ មានគម្លាត៩.០០ម៉ែត្រដែលបានរចនាជាឧទ្យានបៃតង ជាមួយនិងការរៀបចំផ្លាកសញ្ញាចរាចណ៍ផងដែត ៕










ចែករំលែកព័តមាននេះ