រាជធានីភ្នំពេញៈស្រះទឹករួមមួយកន្លែងស្ថិតនៅភូមិបន្លារស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខត្រូវបានគេចោទប្រកាន់ថា អាជ្ញាធរភូមិ សង្កាត់ខណ្ឌ ឃុបឃិតគ្នា លក់ចែកលុយគ្នាក្រោមរូបភាព បំផុសប្រជាពលរដ្ឋអោយផ្តិតមេដៃគាំទ្រជាថ្នូរនឹង លុយកាកមួយចំនួនតូចតែដល់ពេលចាក់ដីអ្នកអត់បានចំណែកផ្ទុះ ការតវ៉ាយ៉ាងកក្រើកហាមឃាត់រថយន្តចាក់ដី។
ការតវ៉ាឃាត់រថយន្ត ចាក់ដីរួមនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី៩ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចទីតាំង ស្ថិតនៅភូមិបន្លាស្អិតសង្កាត់ឃ្មួញ ខណ្ឌសែនសុខរាជធានីភ្នំពេញ។
ស្រះទឹកដែលត្រូវបានគេឃុបឃិតគ្នាលក់នោះមានទំហំប្រមាណជាង២០០០ម៉ែត្រការ៉េជាស្រះទឹករួមតាំងពីយូរយារណាស់មកហើយ។ដោយសារបច្ចុប្បន្នមានការអភិវឌ្ឍន៍មានទឹកស្អាតហើយត្រូវបានមេខ្យល់ឃុបឃិតគ្នាជាមួយអាជ្ញាធរ លក់ដើម្បីចែកលុយគ្នាយ៉ាងត្រជាក់ពង ដោយមានភ្លើងខៀវពីអាជ្ញាធរ ។ ទោះបីជាយ៉ាងណាគេពុំដឹងឲ្យប្រាកដថាស្រះទឹកនោះត្រូវបានគេលួចលក់តាំងពីពេលណាឲ្យពិតប្រាកដនោះឡើយ។
តាមព័ត៌មានដែលដឹងថានៅព្រឹកថ្ងៃទី ៩ ខែមិថុនាឆ្នាំ២០២៥នេះខណៈពេលដែលរថយន្តដឹកខ្សាច់ជាច្រើនគ្រឿងបានចូលចាក់នៅលើដីរួមស្រាប់តែប្រជាពលរដ្ឋចំនួន៥នាក់ដែលអត់បានទទួលផលប្រយោជន៍ពីការលក់ដីរួមបាននាំគ្នាស្ទាក់រថយន្តហាមមិនឱ្យចូលចាក់ដី។នៅព្រឹកនោះគេឃើញប្រជាពលរដ្ឋក៏បាននាំគ្នាផ្ដិតមេដៃដាក់ពាក្យប្តឹងទៅសាលាសង្កាត់និងសាលាខណ្ឌសែនសុខដើម្បីឲ្យជួយអន្តរាគមន៍ទប់ស្កាត់ដីរួមខណៈពេលដែលអាជ្ញាធរបានឃុបឃិតគ្នាគ្នាលក់បាត់ជាយូរមកហើយនោះ។
តាមពាក្យបណ្តឹងចូលទៅលោកចៅសង្កាត់ឈ្មួញក៍បានស្នើសុំជួយអន្តរាគមន៍ទប់ស្កាត់ការចាក់លុបដីត្រពាំងទឹករបស់សហគមន៍ ដើម្បីថែរក្សា ជាទ្រព្យរួមបន្តទៀត និង ស្រាវជ្រាវករណីឃុបឃិតគ្នាលួចលក់ត្រពាំងទឹកសហគមន៍ស្ថិតនៅភូមិបន្លាស្អិត សង្កាត់ឈ្មួញ ខណ្ឌសែនសុខ ភ្នំពេញនេះ។
តាមពាក្យបណ្ដឹងបានឲ្យដឹងទៀតថា សូមគោរពជម្រាប ជូន លោកចៅសង្កាត់ មេត្តាជ្រាបថា ពួកយើងខ្ញុំនិងម្តាយឪពុកធ្លាប់អាស្រ័យផលដីត្រពាំងទឹក រួមរបស់សហគម១កន្លែងទំហំប្រមាណជាង២,០០០ម៉ែត្រការ៉េ ស្ថិតនៅក្នុងភូមិបន្លាស្អិត សង្កាត់ ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ពួកយើងធ្លាប់អាស្រ័យផលដោយបូមទឹកប្រើប្រាស់ ប្រចាំថ្ងៃ ស្រោចស្រពដំណាំ បូមទឹក ចាប់ត្រីចែកគ្នាហូប និងចុងក្រោយគឺស្តុកទឹកក្រោយពេលភ្លៀងកុំឱ្យ លិចលង់ភូមិដ្ឋានផ្ទះសម្បែង ព្រោះតំបន់នេះនៅមិនទាន់មានលូបង្ហូរទឹកនៅឡើយ។
ទើបនៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ ពួកយើងខ្ញុំដែលកំពុងរស់នៅជុំវិញត្រពាំងរួម នេះ បានឃើញឡានដឹកដីនិងខ្សាច់ជាច្រើនគ្រឿង ថែមទាំងមានគ្រឿងចក្ររុញលប់ត្រពាំងនេះ យកធ្វើជាកម្មសិទ្ធិឯកជន មិនដឹងថា អ្នកណាជាអ្នកលក់ទិញ ហើយអាជ្ញាធរណាខ្លះបានឃុបឃិត ចូលរួមចុះហត្ថលេខាដឹងឮទើបពួកគាត់ ប្តឹងទៅអាជ្ញាធរឱ្យជួយអន្តរាគមន៍ទប់ស្កាត់ ក៏លិចលឺ ដំណឹងថា មានការលក់ទិញដីនេះ ថែមទាំងមានប្លង់រឹងទៀតផង ទើបអ្នកទិញហ៊ានចាក់ដី។
តាមព័ត៌មាននិងដឹងទៀតថាបន្ទាប់ពីធ្វើពាក្យបណ្ដឹងប្រជាពលរដ្ឋក៏បានយកដាក់ទៅសាលាសង្កាត់និងខណ្ឌតែអាជ្ញាធរពុំទទួលឡើយ។
តាមលោកសំរិទ្ធ វណ្ណន្នីមេភូមិ បន្លាស្អិតបានអោយដឹងថា ដីរួមនោះត្រូវបានសង្កាត់ឯកភាពអោយលក់ទៅអោយឈ្មោះរចនា រយះពេលប្រមាណ៥ទៅ៦ឆ្នាំមកហើយដោយមានប្រជាពលរដ្ឋចាស់ផ្តិចមេដៃនិងបានចែកលុយគ្នាបាន១គ្រួសារ២០០ដុល្លារ។ចំណែកប្រជាពលរដ្ឋដែលតវ៉ាជាអ្នកភូមិទើបមកតាំងទីលំនៅថ្មីតែប៉ុណ្ណោះ។
លោកមេភូមិបានឲ្យដឹងទៀតថា នៅពេលលក់បានលុយមួយចំនួនបានយកមកធ្វើផ្លូវអស់ប្រមាណ១ ម៉ឺនដុល្លារ។ទោះបីជាយ៉ាងណាគេនិយាយថា ការលក់ដីរួមគឺជាការឃុបឃិតគ្នាដើម្បីលក់យកលុយចែកគ្នាគឺយកមួយតែមួយចំណាយតូចដើម្បីធ្វើផ្លូវតែប៉ុណ្ណោះ។បើតាមព័ត៌មានខ្លះអាងថាដីនោះលក់បានតម្លៃប្រមាណ៤០ម៉ឺនដុល្លារ។
លោកសួង ម៉ុកចៅសង្កាត់ឃ្មួញបានអោយដឹងថា រឿងនេះទាល់តែសួរភូមិបានច្បាស់ព្រោះភូមិបង្កើតគណៈកម្មការដើម្បីលក់ដីរួមនេះដើម្បីអភិវឌ្ឍន៍។
លោកចៅសង្កាត់បានឲ្យដឹងទៀតថាដីរួមនោះលក់តាំងពីមុនកូវីដមកម្ល៉េះ។គេនិយាយថាដីរួមទាល់តែមានភ្លើងខៀវពីអាជ្ញាធរទើបអាចលក់បាន។បើគ្មានផលប្រយោជន៍ ក៍មិនអាចលក់បានដែរ។ដីរួមជារបស់រួមទោះបីប្រជាពលរដ្ឋចាស់ថ្មីក៏ជាម្ចាស់ កម្មសិទ្ធិរបស់ដីរួមទុកជាផលប្រយោជន៍រួមដែរ។
ទាក់ទិននឹងការលក់ដីរួមនេះកោះសន្តិភាពបានទាក់ទងទៅលោកម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខដើម្បីសួរនាំ តែលោកពុំបានលើកទូរស័ព្ទ ។
ចាំមើលតើថ្នាក់លើដោះស្រាយបែបណា? ដើម្បីសុខស្រួល មានតែយកមកប្រគល់ឱ្យប្រជាពលរដ្ឋវិញ…ដាច់ខាតមិនអាចឃុបឃិតគ្នាលក់ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនបែបនេះទេ ។
ពេលណាមានព័ត៌មានប្លែក យើងនឹងផ្សាយជូនបន្តទៀត ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព ៕












ចែករំលែកព័តមាននេះ