ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៣នាក់ ត្រូវបានកម្លាំងនៃខណ្ឌរដ្ឋ
បាលជលផលបញ្ជូនទៅកាន់ពន្ធនាគារ កាលពីព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ក្រោយបញ្ចប់សំណុំរឿងករណីនេសាទដោយប្រើឧបករណ៍ឆក់ល្មើសច្បាប់ ព្រមទាំងបង្កហិង្សាវាយប្រហារទៅលើក្រុមសហគមន៍នេសាទ បណ្ដាលឲ្យរងរបួសចំនួនពីរនាក់ផងដែរ។

បើតាមការរៀបរាប់របស់សហគមន៍នេសាទបានរៀបរាប់ពីដំណើររឿងថា កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង២០និង១០នាទី ក្រុមការងារអភិរក្សត្រីមេពូជប៉ុស្តិ៍កោះសំពាយ ដោយមានការចូលរួមពីសហគមន៍កាំងដីស កោះសំពាយ ភូមិស្វាយ នឹងឆ្នាំទន្លេអភិរក្សសត្វផ្សោតប៉ុស្តិ៍កោះសំពាយ បានចុះល្បាតនៅចំណុចកាំងគ្រឹងស្ថិតនៅភូមិកាំងក្ងោក ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ។

លុះដល់ម៉ោង០៣ និង៤៥នាទីឈានចូលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ ក៏បានប្រទះឃើញទូកឆក់ត្រីចំនួន០១គ្រឿង មានគ្នា០៣នាក់កំពុង ធ្វើសកម្មភាពនេសាទត្រីដោយប្រើប្រាស់ឧបករណ៍ឆក់នៅចំណុចកាំងក្រាស់ ស្ថិតនៅភូមិកាំងក្ងោក ឃុំកាំងចាមស្រុកថាឡាបរិវ៉ាត់ ខណៈពេលនោះ ក្រុមការងារបានហៅឱ្យឈប់មិនព្រមឈប់ ហើយក្រុមការងារក៏បានបើកទូកចូលទៅជិត តែជនសង្ស័យទាំង០៣នាក់ បានបើកទូករត់គេច ។

លុះដល់ចំណុចកន្ទុយកោះគ្រឿង ទូកជនសង្ស័យបានបើកមកកៀរទូករបស់ក្រុមការងារ ក្នុងគោលបំណងបុកពន្លិច ហើយបានយកថ្នងសម្រាប់ដួសត្រី និងច្រវ៉ាទូកវាយមកលើ ក្រុមការងារបណ្តាលឱ្យសហគមន៍នេសាទ០២នាក់ រងរបួសក្បាលនិងដៃ ។ ប្រជាសហគមន៍ដដែលបន្តទៀតថា ស្ថិតក្នុងសកម្មភាពនោះ ក៏មានការប្រតាយប្រតប់គ្នារហូតធ្វើឱ្យជនសង្ស័យម្នាក់រង របួសក្បាលនឹងបានលិចទូក០២គ្រឿង ទូកជនសង្ស័យ ០១គ្រឿង និងទូកសហគមន៍០១គ្រឿង។ គ្រាហ៍លិចទូកនោះដែរ ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន ចំណែក២នាក់ទៀតហែលគេចខ្លួន។

ជនសង្ស័យម្នាក់ដែលត្រូវឃាត់ខ្លួននោះ បានបញ្ជូនមកកាន់មន្ត្រីជំនាញនៃខណ្ឌរដ្ឋបាលជលផល ដើម្បីបន្តនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។ មន្ត្រីនៃខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ជនសង្ស័យស្ថិតក្នុងការឃាត់ខ្លួនឈ្មោះលឿន ខាន ភេទ ប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មានទីកន្លែងកំណើតភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង បច្ចុប្បន្នស្នាក់នៅភូមិកាំងក្ងោក ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

រីឯវត្ថុតាងរឹបអូសរួមមាន ១.ទូកឈើចំនួន ០១គ្រឿង ប្រវែង ៧ម៉ែត្រ និង០.៥សង់ទីម៉ែត្រ២. ម៉ាស៊ីនម៉ាក Hyundai កំលាំង១៨សេស ចំនួន០១គ្រឿង (ធ្លាក់ចូលទន្លេ)៣. អាគុយចំនួន០១គ្រឿង(ធ្លាក់ចូលទន្លេ)៤.ក្បាលឆក់ចំនួន០១គ្រឿង (ធ្លាក់ចូលទន្លេ)៥.ថ្នងសម្រាប់ដួសត្រីចំនួន០១គ្រឿង៦. គ្រាប់កាំភ្លើងកែច្នៃចំនួន ១៤គ្រាប់៧. ខ្សែកាបប្រវែង៥ម៉ែត្រ និងខ្សែភ្លើងប្រវែង១០ម៉ែត្រ៨. ត្រីចម្រុះប្រមាណ១០គីឡូក្រាម (សល់ពីលិច និងអណ្តែតទឹក)៩.និងគ្រឿងញៀន០១កញ្ចប់តូច។

នាយខណ្ឌជលផលខេត្តស្ទឹងត្រែងលោក ស្រី សំវិចិត្រ បានចាត់ទុកសកម្មភាពនេះ ជាទង្វើខុសឆ្គងដ៏ធំបំផុត ទី១.ប្រព្រឹត្តបទល្មើសឆក់ត្រីក្នុងរដូវបិទនេសាទដែលច្បាប់បានផ្សព្វផ្សាយហាមឃាត់។ ទី២.បានប្រើប្រាស់អំពើហិង្សាទៅលើសហគមន៍នេសាទបណ្ដាលឲ្យរងរបួសចំនួនពីរនាក់ថែមទៀតផង។

លោកនាយខណ្ឌបានបញ្ជាក់ថា ក្រុមការងារសហគមន៍នេសាទ និងមន្ត្រីរដ្ឋបាលជលផលបានកំណត់មុខសញ្ញាជនសង្ស័យដែលបានគេចខ្លួននោះរួចមកហើយ ។ លោកបញ្ជាក់ពីគោលជំហរយ៉ាងម៉ឹងម៉ាត់ថា នឹងត្រូវតាមឃាត់ខ្លួនជនសង្ស័យដែលគេចខ្លួនទាំងនោះយកមកផ្ដន្ទាទោសតាមច្បាប់ឲ្យខានតែបាន។

លោកក៏បានបញ្ជាក់អំពីច្បាប់ស្ដីពីជលផលដែលថា សំណុំរឿងបទល្មើសជលផលខាងលើ ដែលប្រព្រឹត្តដោយឈ្មោះខាងលើ គឺជាអំពើល្មើសនឹងមាត្រា២០ ចំណុច០១នៃច្បាប់ស្តីពី ជលផលដែលប្រកាសឲ្យប្រើតាមព្រះរាជក្រមលេខ នស/រកម/០៥០៦ /១១ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០៦ នឹងត្រូវផ្តន្ទាទោសតាមមាត្រា៩៨ ចំណុច៤នៃច្បាប់ស្តីពីជលផល ដោយត្រូវដាក់ពន្ធនាគារ ពី(៣)ឆ្នាំ ទៅ(៥) ឆ្នាំ និងវត្តតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ ឬបំផ្លាញចោល ៕
ចែករំលែកព័តមាននេះ