ទីក្រុងកៀវ៖ ថ្ងៃនេះ រុស្ស៊ីបន្តវាយប្រហារដ៏ខ្លាំងក្លារកទីបំផុតគ្មានទៅលើទីក្រុងធំលំដាប់ទី២របស់អ៊ុយក្រែនដើម្បីសងសឹកទៅលើករណីដែលអ៊ុយក្រែនបាញ់ឆេះយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែររបស់រុស្ស៊ីជាង៤០គ្រឿងកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ គេដឹងថារុស្ស៊ីមានអារម្មណ៍ក្រេវក្រោធយ៉ាងខ្លាំង។ ទោះបីលោកត្រាំអង្វរកុំឱ្យសងសឹកគ្នាយ៉ាងណាក្ដីក៏លោកពូទីនមិនសុខចិត្តដែរ។
តាំងពីព្រឹកព្រលឹមថ្ងៃសៅរ៍ រុស្ស៊ីបញ្ជូនដ្រូន, មីស៊ីល និងគ្រាប់បែកបញ្ជាពីចម្ងាយវាយប្រហារយ៉ាងជញ្ជ្រំទៅលើអ៊ុយក្រែនបណ្ដាលឱ្យស្លាប់មនុស្សបីនាក់ និងរបួស២២នាក់។ នៅក្នុងចំណោមនោះក៏មានទារកម្នាក់កើតមកឃើញពន្លឺថ្ងៃទើបតែបាន១ខែកន្លះប៉ុណ្ណោះក៏ស្លាប់ទៅវិញ។ នេះបើយោងតាមការបញ្ជាក់របស់អភិបាលក្រុងខាគីវ លោកអ៊ីហ័រ ថេរ៉េកូស (Ihor Terekov)។
ទីក្រុងខាគីវស្ថិតនៅចម្ងាយតែប៉ុន្មានសិបគីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនប្រទេសរុស្ស៊ី។ ម៉្លោះហើយទីនេះជាផ្ទាំងស៊ីបដ៏ងាយស្រួលសម្រាប់ការវាយប្រហារ។ ចង់រុស្ស៊ីវាយប្រហារថ្មើរណាបានថ្មើរហ្នឹង មិនចាំបាច់រៀបផែនការមួយឆ្នាំកន្លះដូចករណីអ៊ុយក្រែនវាយប្រហារមូលដ្ឋានទ័ពអាកាសរបស់រុស្ស៊ីនោះទេ។ រយៈពេលជាង៣ឆ្នាំកន្លងទៅនេះ ខាគីវរងការវាយប្រហារសឹងតែខ្លាំងក្លាជាងកន្លែងណាៗទាំងអស់។
ថ្ងៃនេះ អភិបាលក្រុងខាគីវអះអាងថាមានសំឡេងផ្ទុះរាប់សិបកន្លែងបន្តបន្ទាប់គ្នាទៅលើអគារស្នាក់នៅរបស់ជនស៊ីវិល គ្រឹះស្ថានអប់រំ និងហេដ្ឋារចនាសម្ព័ន្ធ។ យោធាអ៊ុយក្រែនថ្លែងថារុស្ស៊ីបញ្ជូនដ្រូន២០៦គ្រឿង, មីស៊ីលផ្លោង២គ្រាប់ និងមីស៊ីលដទៃទៀត៧គ្រាប់វាយខាគីវ។ កងទ័ពអាកាសអ៊ុយក្រែនបាញ់ទម្លាក់ដ្រូនបាន៨៧គ្រឿង។ ចំណែក៨០គ្រឿងទៀតហោះវង្វេងផ្លូវបាត់ស្រមោលដោយសារប្រព័ន្ធអគ្គិសនីឆក់។ យោធាអ៊ុយក្រែនបញ្ជាក់បន្ថែមថាទីតាំងដប់កន្លែងរងការវាយប្រហារនៅខាគីវ៕
ចែករំលែកព័តមាននេះ