ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ប្រាប់​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី ពី​ជំហរ​៤​ចំណុច ពាក់ព័ន្ធព្រំដែន​កម្ពុជា​-​ថៃ

21 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២៥​នេះ បាន​ថ្លែងប្រាប់​លោក…

រាជធានី​ភ្នំពេញ ៖ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២៥​នេះ បាន​ថ្លែងប្រាប់​លោក អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម (Anwar Ibrahim) នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី និង​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ឆ្នាំ​២០២៥ អំពី​ជំហរ ៤​ចំណុច​របស់​កម្ពុជា ទាក់ទង​នឹង​បញ្ហា​ព្រំដែន ជាមួយ​ភាគី​ថៃ ។

តាម​រយៈ​បណ្ដាញ​សង្គម​សម្ដេច​បវរ​ធិ​បតី បាន​ឲ្យ​ដឹង​ថា «​ល្ងាច​នេះ សម្តេច​បាន​ពិភាក្សា​តាម​ទូរ​សព្ទ​ជាមួយ​លោក អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី និង​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ឆ្នាំ​២០២៥ ដោយ​សម្តេច​បាន​ចូលរួម​អបអរសាទរ​ចំពោះ លោកនាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី ចំពោះ​ការ​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​អាស៊ាន​កំពូល​លើក​ទី​៤៦ ប្រកបដោយ​ជោគជ័យ និង​អរគុណ ដែល​លោក​បាន​យកចិត្តទុកដាក់​លើ​ស្ថានការណ៍ ដែល​កំពុង​កើត​មាន​ពាក់ព័ន្ធ​នឹង​ព្រំដែន​កម្ពុជា​-​ថៃ​» ។

សម្ដេច​បាន​បន្ថែម​ទៀត​ថា ៖ ខ្ញុំ​បាន​បញ្ជាក់​ជូន​ឯកឧត្តម អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម អំពី​គោ​ជំហរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ពាក់ព័ន្ធ​ព្រំដែន កម្ពុជា​-​ថៃ ៖

១. កម្ពុជា​ប្រកាន់ខ្ជាប់ នូវ​គោល​ជំហរ​រក្សា​សន្តិភាព មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ល្អ ជាមួយ​ថៃ ។

២. ការ​សម្រេចចិត្ត​របស់​កម្ពុជា ដើម្បី​យក​បញ្ហា​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​បី ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) គឺ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ព្រំដែន​នៅ​តំបន់​ទាំងនោះ ដោយ​សន្តិវិធី អោយ​បាន​ឆាប់​ចប់​ជា​ស្ថាពរ ជា​ជាង​បន្សល់​ទុក​បញ្ហា​អោយ​នៅ​បន្ត​ស្រពិចស្រពិល​រយៈពេល​វែង ដែល​អាច​បង្ក​អោយ​កើត​មាន​ជា​ជម្លោះ​ប្រដាប់​អាវុធ​សារ​ជា​ថ្មី ។

៣. បន្ត​សហការ​ជាមួយ​ភាគី​ថៃ ដើម្បី​ជំរុញ​ការ​វាស់វែង ខ័​ណ្ឌ​សីមា និង​បោះបង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ដែល​នៅ​សេសសល់ (​ក្រៅពី​តំបន់​ទាំង​៤​ខាងលើ​) ដោយ​ប្រើប្រាស់​យន្តការ​គណៈកម្មការ​ព្រំដែន​ចម្រុះ (JBC) កម្ពុជា​-​ថៃ ។

៤. បន្ត​រក្សា​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ តាម​រយៈ​គ្រប់​យន្តការ​ដែល​មាន​ស្រាប់ ដើម្បី​ជា​ឧត្តម​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ថៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ