រាជធានីភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា កាលពីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាជាមួយ ឯកឧត្តម Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ អំពីភាពតានតឹងនៅតាមបណ្ដោយព្រំដែនប្រទេសទាំងពីរ ដែលបានប្រព្រឹត្តិទៅនៅស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ដោយមានខ្លឹមសារសំខាន់ៗ ដូចខាងក្រោម ៖
ភាគីទាំងពីរបានឯកភាពគ្នា ប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាព តាមបណ្ដោយព្រំដែន ជាពិសេសតំបន់ ដែលកំពុងមានភាពតានតឹង តាមរយៈការរក្សាការប្រាស្រ័យទាក់ទង គ្នាទៅវិញទៅមក ការយោគយល់គ្នា និងការសន្ទនាប្រកបដោយសន្តិវិធី ក្នុងគោលបំណងជៀសវាងការប៉ះ ទង្គិចយោធា ដែលភាគីទាំងសងខាងសុទ្ធតែមិនចង់ឃើញ ។
នៅក្នុងជំនួបនោះ ភាគីថៃ ក៏បានស្នើសុំឱ្យភាគីកម្ពុជា ដកកងទ័ពចេញ ពីទីតាំងឈរជើងនៅតំបន់មុំបី ដែលបានប្រយុទ្ធគ្នាកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ ភាគីកម្ពុជា បានបដិសេធមិនទទួលការស្នើសុំនេះទេ ព្រោះទីតាំងខាងលើជាទីតាំងស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបានឈរជើងជាអចិន្ត្រៃយ៍ តាំងពីដើមរៀងមក។ ភាគីកម្ពុជា មិនអាចថយពីទីតាំង ដែលកងទ័ពកម្ពុជា បានឈរជើងជាយូរណាស់មកហើយ និងដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាបានឡើយ ។
ភាគីកម្ពុជា ក៏បានបញ្ជាក់ផងដែរថា ដរាបណាភាគីថៃ នៅតែប្រើប្រាស់ផែនទីខុសគ្នា និងមាត្រដ្ឋានខុសគ្នា នោះយើងនឹងមិនអាចស្វែងរកចំណុចរួម ក្នុងការថែរក្សាស្ថិរភាពព្រំដែនបានឡើយ។ ភាគីកម្ពុជានៅតែប្រកាន់ ស្មារតី គោរពអនុស្សារណៈ នៃការយោគយល់គ្នាឆ្នាំ២០០០ (MOU 2000) រវាងប្រទេសទាំងពីរ ដូចដែលមានកន្លងមក ។
ក្នុងន័យនេះ ភាគីកម្ពុជា បានសម្រេចចិត្តរៀបចំសំណុំរឿងបញ្ជូនវិវាទតំបន់ទាំង៤ រួមមាន តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ដើម្បីផ្តល់ភាពច្បាស់លាស់ដល់ព្រំដែន នៃប្រទេសទាំងពីរ និងការពារកុំឱ្យបញ្ហាទាំងនេះក្លាយទៅជាជម្លោះធ្ងន់ធ្ងរទៅថ្ងៃអនាគត តាមរយៈដំណោះស្រាយមួយដែលយុត្តិធម៌ និងមិនលម្អៀង ព្រមទាំងផ្អែកលើ ច្បាប់អន្តរជាតិ។ ការសម្រេចចិត្តនេះ បានបង្ហាញយ៉ាងច្បាស់ការប្ដេជ្ញាចិត្តរបស់ភាគីកម្ពុជា ក្នុងការដោះស្រាយ ជម្លោះដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ដើម្បីធានាថា ព្រំដែនរវាងប្រទេសទាំងពីរ នៅតែជាព្រំដែន សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ជាមួយគ្នានេះ ភាគីកម្ពុជា ក៏នឹងបន្តប្រើប្រាស់យន្តការ ដែលមានស្រាប់ ដូចជា GBC/JBC/RBC ដើម្បីពិភាក្សាលើចំណុចដទៃទៀត នាថ្ងៃខាងមុខ ។
ជាការឆ្លើយតប ភាគីថៃ ក៏បានបង្ហាញពីការគោរពសិទ្ធិរបស់កម្ពុជា ក្នុងការដាក់ចំណុចទាំង៤ខាងលើ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។ លើសពីនេះ ភាគីថៃ ក៏បានបញ្ជាក់ និងច្រានចោលរាល់ព័ត៌មានអុចអាល និងរុញច្រានស្ថានការណ៍ ដែលបានធ្វើឱ្យប៉ះពាល់សតិអារម្មណ៍កងទ័ព និងប្រជាជន នៃប្រទេសទាំងពីរ ព្រម ទាំងបញ្ឆេះកំហឹងជាតិសាសន៍ ដូចជាការលើកឡើងពីការបិទច្រកព្រំដែនអន្តរជាតិ ការលុបកិច្ចប្រជុំ JBC និងព័ត៌មាន ដែលគ្មានប្រភពច្បាស់លាស់ ៕




ចែករំលែកព័តមាននេះ